អានតួអត្ថបទ

របាយការណ៍៖ចិនបានជួយសង្រ្គោះក្រុមប្រទេសស្ថិតក្នុងគម្រោងផ្លូវ និងខ្សែក្រវ៉ាត់តាមរយៈការផ្តល់ប្រាក់កម្ចី

របាយការណ៍​មួយ​ចេញ​ក្នុង​ថ្ងៃ​អង្គារ ទី២៨ មីនា​បាន​ឲ្យ​ដឹង​ថា តាំង​ពី ២០ឆ្នាំ​កន្លង​ទៅ​នេះ ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ជា​ច្រើន​ពាន់លាន​ដុល្លារ​ដល់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ២២ប្រទេស​ដែល​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ។ តាម​របាយការណ៍​ដដែល ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង ២២ប្រទេស​ដែល​ចិន​បាន​ជួយ​សង្រ្គោះ​សុទ្ធសឹង​ជា​ប្រទេស​ចូលរួម​នៅ​ក្នុង​គម្រោង​ផ្លូវ និង​ខ្សែ​ក្រវ៉ាត់​របស់​ចិន។ តែ​របាយការណ៍​មិន​ភ្លេច​បញ្ជាក់​ថា ប្រាក់កម្ចី​របស់​ចិន​មាន​បង្កប់​ដោយ​ភាព​ស្រពិចស្រពិល និង​មាន​ការ​ប្រាក់​ជា​មធ្យម ៥%។

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីងថ្លែង​​នៅ​ក្នុង​វេទិកាស្តីពី​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់រៀបចំ​ក្នុង​ឆ្នាំ ២០១៩។
ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីងថ្លែង​​នៅ​ក្នុង​វេទិកាស្តីពី​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់រៀបចំ​ក្នុង​ឆ្នាំ ២០១៩។ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​របាយការណ៍​មួយ​ដែល​មាន​កម្រាស់ ៤០ទំព័រ និង​បាន​រៀបចំ​តាក់តែង​ឡើង​ដោយ​ស្ថាប័ន និង​អង្គការ​ចំនួន ៤ គឺ​ធនាគារពិភពលោក មន្ទីរពិសោធន៍​ស្រាវជ្រាវ​អាមេរិក AidData Harvard Kennedy School និង​វិទ្យាស្ថាន Kiel ដើម្បី​សេដ្ឋកិច្ច។ យោង​តាម​របាយការណ៍ មាន​ប្រាក់កម្ចី​សរុប​ចំនួន ២៤០ ០០០លានដុល្លារ​ត្រូវ​បាន​ចិន​ផ្តល់​ឲ្យ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ២២ប្រទេស​តាំង​ពី ២០ឆ្នាំ​កន្លង​ទៅ។ មួយ​វិញ​ទៀត ប្រាក់កម្ចី​របស់​ចិន​ចំពោះ​ក្រុម​ប្រទេស​ទាំង​នេះ​បាន​កើន​ខ្លាំង​នៅ​ចន្លោះ​ឆ្នាំ ២០១៦ និង ២០២១។ ចំណែក ២២ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ​សុទ្ធសឹង​ជា​ប្រទេស​ដែល​បាន​ចូលរួម​នៅ​ក្នុង​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់​របស់​ចិន ពិសេស​ស្រីលង្កា ប៉ាគីស្ថាន និង​តួកគី។

គួរ​រម្លឹក​ថា គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់​ដែល​ជា​មហិច្ឆតា​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​មាន​គោលដៅ​បង្កើន​ការ​ត ភ្ជាប់​ផ្លូវពាណិជ្ជកម្ម​រវាង​ចិន​ជាមួយ​អាស៊ី អឺរ៉ុប អាហ្រ្វិក និង​លើស​ពី​នេះ​តាម​រយៈ​ការ​សាងសង់​កំពង់ផែ ផ្លូវដែក អាកាសយានដ្ឋាន ឬ​មួយ​ក៏​តំបន់​ឧស្សាហកម្ម​ជា​ដើម។ របាយការណ៍​បាន​មើល​ឃើញ​ថា នៅ​ក្នុង​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់​នេះ ចិន​បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ជួយ​សង្រ្គោះ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ប្រទេស​ជួប​ការ​លំបាក​គេច​ផុត​ពី​ការ​ខកខាន​ក្នុង​ការ​សង​បំណុល និង​អាច​បន្ត​សង​ប្រាក់កម្ចី​ក្នុង​រយៈពេល​ខ្លី។

តែ​របាយការណ៍​មិន​ត្រូវ​ភ្លេច​រម្លឹក​ថា គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់​ដែល​មាន​ជាង ១៥០ប្រទេស​ចូលរួម​មួយ​នេះ​កំពុង​ទទួល​រង​ការ​រិះគន់​ខ្លាំង​ទាក់ទង​នឹង​បំណុល​ធ្ងន់ ក ដែល​ក្រុម​ប្រទេស​ក្រីក្រ​ជំពាក់​ចិន​កាន់​តែ​ច្រើន។ ដោយ​ឡែក របាយការណ៍​បាន​ប្រៀបធៀប​រវាង​ប្រាក់កម្ចី​ផ្តល់​ដោយ​ចិន និង​ប្រាក់កម្ចី​ផ្តល់​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF និង​ធនាគារកណ្តាល​អាមេរិក។ របាយការណ៍​បាន​ទទួល​ស្គាល់​ថា ប្រាក់កម្ចី​របស់​ចិន​នៅ​មាន​ចំនួន​តិច​មែន តែ​បាន​កើន​ឡើង​ឆាប់​រហ័ស។ មួយ​វិញ​ទៀត ប្រាក់កម្ចី​ចិន​មាន​បង្កប់​ដោយ​ភាព​ស្រពិចស្រពិល និង​មាន​អត្រា​ការប្រាក់​ជា​មធ្យម ៥% ខណៈ​ដែល IMF គិត​ការប្រាក់​តែ ២%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ