អានតួអត្ថបទ
ភ្លើងឆេះព្រៃ-ថៃ

អស់ពីបញ្ហា​ខ្យល់ពុលបរិយាកាស ថៃត្រូវមកជួបភ្លើងឆេះព្រៃ នៅខាងជើងក្រុងបាងកក

ទាហាន និង​ភ្នាក់ងារពន្លត់អគ្គិភ័យ​ថៃ ជាច្រើន​រយនាក់ ត្រូវ​បញ្ជូន​ទៅ​ពន្លត់​ភ្លើងឆេះ​បីកន្លែង នៅ​ខេត្ត​ណាខន ណាយុក ភាគខាងជើង​ទីក្រុង​បាងកក។ តាម​អ្នកនាំពាក្យ​របស់រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា កំពុង​តាមដាន​ស្ថានការណ៍​ភ្លើងឆេះព្រៃ និង​បាន​បញ្ជា​ឲ្យ​កងទ័ព​ចូលរួម​ពន្លត់ភ្លើងឆេះព្រៃ ឲ្យ​បានឆាប់​ជាទីបំផុត។ ភ្លើងឆេះព្រៃ​កើតឡើង​នៅក្នុងខណៈពេល​ដែល​ទីក្រុង​ធំៗ​របស់​ប្រទេស​ថៃ ជាពិសេស​បាងកក កំពុង​ប្រឈម​នឹង​បញ្ហា​ផ្សែង​ពុលបរិយាកាស។

A general view of wildfire at Khao Laem National Park, Nakorn Nayok province, Thailand, March 30, 2023. Thai News Pix/Handout via REUTERS    THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES. REFILE - CORRECTING DATE
A general view of wildfire at Khao Laem National Park, Nakorn Nayok province, Thailand, March 30, 2023. Thai News Pix/Handout via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES. REFILE - CORRECTING DATE via REUTERS - THAI NEWS PIX
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ ក្រុមភ្នាក់ងារ​ពន្លត់​អគ្គិភ័យ និង​ទាហាន​ថៃ​ជាច្រើនរយនាក់ នៅបន្ត​ពន្លត់​ភ្លើងឆេះព្រៃ នៅ​ខេត្ត​ណាខន ណាយុក ដែល​ស្ថិតនៅ ចម្ងាយ​ប្រមាណ​១០០គីឡូម៉ែត្រ​ពីក្រុង​បាងកក។ តាម​អាជ្ញាធរ​ថៃ ភ្លើងឆេះព្រៃ​បំផ្លាញដៃព្រៃ ៨សែន​ម៉ែត្រការ៉េ ដែលស្មើ​នឹង​តារាងបាល់ទាត់​ចំនួន ១០០។

អភិបាលខេត្ត​ណាខន ណាយក ដកស្រង់សំដី​ដោយ​កាសែតក្នុងស្រុក Thai Rath បាននិយាយ​ថា កូនភ្នំ​ចំនួន ៣​ត្រូវ​ភ្លើង​ឆេះព្រៃ​លេបត្របាក់ តាំងពីយប់​ថ្ងៃ​ពុធ។ នៅថ្ងៃ​ព្រហស្បតិ៍ ឧទ្ធម្ភាគចក្រ​ដឹកទឹក​បាន​ជួយ​ឲ្យ​គេ​ពន្លត់ភ្លើង នៅ​លើ​កូនភ្នំ ខោឡែម ប៉ុន្តែ កូនភ្នំ​២ទៀត នៅ​បន្ត​ឆាបឆេះ។ សម្រាប់​អាជ្ញាធរ​ថៃ ​ខ្យល់បក់​ខ្លាំង និង​ផ្លូវតូចចង្អៀតឡើងទៅលើ​ភ្នំ ជា​ឧបសគ្គ រារាំង មិន​ឲ្យ​គេអាច​ចូលទៅពន្លត់ភ្លើង​ឆេះព្រៃ។

អាជ្ញាធរថៃ​នៅមិនទាន់ដឹង​ពីមូលហេតុ​ដែលធ្វើ​ឲ្យកើតមាន​ភ្លើងឆេះព្រៃ​នៅខេត្ត​ណាខន ណាយុក ប៉ុន្តែ កាសែតក្នុងស្រុកថៃ Thai Rathដកស្រង់សំដី​អ្នកភូមិដែល​ថា ភ្លើងឆេះព្រៃដែល​កើត​ឡើង​ដំបូង នៅ​កូនភ្នំ ខោឡែម បណ្តាលមក​ពី​រន្ទះបាញ់ និង​ខ្យល់ខ្លាំង កាលពីយប់​ថ្ងៃអង្គារ។

តាម អ្នកនាំពាក្យរដ្ឋាភិបាល​លោក Anucha Burapachaisri នៅថ្ងៃ​សុក្រ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា​បាន​បញ្ជូន​រដ្ឋមន្រ្តីមហាផ្ទៃ​ឲ្យ​ចុះទៅដឹកនាំផ្ទាល់ ការងារ​ពន្លត់ភ្លើងឆេះព្រៃ នៅ​ខេត្ត​ណាខន ណាយុក។ គិត​រហូត​មកដល់​ថ្ងៃ​សុក្រ ភ្លើងឆេះព្រៃ នៅមិនទាន់​គំរាមកំហែង​ជីវិត​ប្រជាជន​ដែលរស់នៅ​ចម្ងាយ​១គីឡូម៉ែត្រ ពី​កូនភ្នំដែលឆេះសន្ធោសន្ធៅ ប៉ុន្តែ អាជ្ញាធរ​ថៃ​បារម្ភខ្លាច​ថា ដោយសារ​អាកាសធាតុក្តៅខ្លាំង និង​ខ្យល់បក់ខ្លាំង នៅ​តំបន់​នោះ ភ្លើងឆេះព្រៃនៅ​ខេត្ត​ណាខន ណាយុក អាច​ឆេះរាលដាល​ទៅដល់​ឧទ្យានជាតិ ខោយ៉ៃ ដែល​ជា​ឧទ្យាន​វ័យចំណាស់ជាងគេ​របស់ថៃ និង​ជាប់ក្នុងបញ្ជី​បេតិកភណ្ឌ​របស់អង្គការយូណេស្កូ។

ទីភ្នាក់ងារ​ឧតុនិយមថៃ នៅថ្ងៃសុក្រ បាន​ព្រមាន​ពី​គ្រោះថ្នាក់​ផ្សែង​ពុលបរិយាកាស​នៅទីក្រុង​បាងកក និង​តំបន់ជុំវិញ ប្រសិន​បើគេ​មិនអាច​ទប់ស្កាត់ ​ពន្លត់​ភ្លើងឆេះព្រៃ នៅក្នុងរយៈពេល ៣ ទៅ ៤ថ្ងៃខាងមុខ។

នៅសប្តាហ៍នេះ ថៃ​បាន​ជួបបញ្ហាខ្យល់​ពុល​បរិយាកាសខ្លាំងក្លា ដែលបណ្តាលមកពីផ្សែងភ្លើង​ដុតគល់ជញ្រ្ជាំងដើម្បី​សំអាត​ដីស្រែ។ នៅថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្រ្តីថៃ ស្នើ​សុំ​អគ្គលេខាធិការអាស៊ាន​ឲ្យ​ជួយ​សម្របសម្រួល​ជាមួយ​ប្រទេស​សមាជិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការដុតរានដីស្រែចម្ការ ដែលជាប្រភពបញ្ចេញ​ផ្សែងពុលបរិយាកាស​នៅតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីទីក្រុង​បាងកក តំបន់​ខាងជើង ដូចជា​ឈៀងម៉ៃ និងឈៀងរ៉ៃជាដើម​ត្រូវ​អង្គការ​តាមដាន​គុណភាព​ខ្យល់ IQAir ចាត់ទុក​ជា​ទីក្រុង​ដែលមាន​ខ្យល់ពុលបរិយាកាស​អាក្រក់ខ្លាំងជាងគេ​នៅក្នុង​លោក ដោយនាំមុខ​ទាំង​ទីក្រុង​ញូវដេលីរបស់ឥណ្ឌា និង​ទីក្រុង​ប៉េកាំង។

តាមទិន្នន័យ​របស់​ក្រសួងសុខាភិបាលថៃ គិត​ចាប់តាំង​ពីដើមឆ្នាំ នេះ មនុស្ស​ជាង ១លាន ៧សែននាក់​ចូលសម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ដោយសារ​ជំងឺផ្លូវដង្ហើម ដែលបណ្តាល​មកពី​ខ្យល់ពុលបរិយាកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ