អានតួអត្ថបទ

សិង្ហបុរី​រងការដង្ហើយ​ហៅពីគ្រប់ច្រកឲ្យ​ផ្អាក​ការប្រហារជីវិត អ្នកទោស​ជួញដូរ​កញ្ឆា

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំទីក្រុង​សិង្ហបុរី បាន​សំដែង​ក្តីបារម្ភ​ជុំវិញ​ការអនុវត្តិ​នីតិវិធី និង​ការជំនុំជម្រះ​ជនជាតិ​សិង្ហបុរី​ម្នាក់ ដែលត្រូវ​តុលាការកាត់ទោសប្រហារជីវិត​ពី​បទ​ចូលរួម​ក្នុង​សកម្មភាព​ជួញដូរ កញ្ឆា ប្រមាណ១​គីឡូក្រាម។ នៅថ្ងៃ​អង្គារ ការិយាល័យសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញសេចក្តីថ្លែងការណ៍ អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​សិង្ហបុរី ពិចារណាឡើងវិញ​ជាបន្ទាន់ កុំប្រហារ​ជីវិត អ្នកទោស ឈ្មោះ Tangaraju Suppiah ដែលតាម​គម្រោងត្រូវ​ប្រព្រឹត្តទៅ នៅថ្ងៃពុធទី ២៦​មេសានេះ។

សិង្ហបុរី​ស្ថិតក្នុងចំណោមប្រទេស​មួយចំនួនតូចដែលនៅអនុវត្តទោសប្រហារជីវិត​ជាពិសេស​ទៅលើ​អ្នកជួញដូរគ្រឿងញៀន
សិង្ហបុរី​ស្ថិតក្នុងចំណោមប្រទេស​មួយចំនួនតូចដែលនៅអនុវត្តទោសប្រហារជីវិត​ជាពិសេស​ទៅលើ​អ្នកជួញដូរគ្រឿងញៀន AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

តាម​លិខិតជូនដំណឹង​របស់​អាជ្ញាធរ​សិង្ហបុរី Tangaraju Suppiah អាយុ​៤៦ឆ្នាំ ដែល​ត្រូវ​តុលាការ​សិង្ហបុរី​កាត់ទោស​ប្រហារជីវិត កាលពី​ឆ្នាំ ២០១៨ ពី​បទ​ចូលរួម​ក្នុងសកម្មភាព​ជួញដូរ​កញ្ឆា ជាង​១គីឡូក្រាម ត្រូវ​ប្រហារជីវិត ដោយ​ការព្យួរ​ក នៅថ្ងៃពុធនេះ នៅ​ពន្ធនាគារ Changi ភាគខាងកើត​សិង្ហបុរី។ ប៉ុន្តែ នៅមួយថ្ងៃ​មុននេះ ការិយាល័យសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ ​បាន​ចេញ​សេចក្តីថ្លែងការណ៍ អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​សិង្ហបុរី​ពិចារណា​ ឡើងវិញ​ជាបន្ទាន់ ពីសំណុំរឿងនេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​សំដែង​ការបារម្ភ​ជុំវិញ ការទទួល​បាន​ការជំនុំជម្រះ​ប្រកបដោយ​យុត្តិធម៌ និង​ទាមទារ​សុំ​ឲ្យរដ្ឋាភិបាល​សិង្ហបុរី​ផ្អាក​ដំណើរការ​ប្រហារជីវិត​អ្នកទោស។ សម្រាប់​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅមាន​ប្រទេស​មួយចំនួន​តូចប៉ុណ្ណោះ ដែល​នៅបន្ត​អនុវត្ត​ទោសប្រហារជីវិត ដោយសារ​ជំនឿទេវកថា​ដែល​ថា វា​អាចបញ្ចុះបញ្ចូល​កុំ​ឲ្យគេ​ប្រព្រឹត្តបទឧក្រិដ្ឋ។

នៅមុន សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ មហាសេដ្ឋី​អង់គ្លេស លោក Richard Branson ដែលមាននាទី​ជា​សមាជិក​គណៈកម្មការពិភពលោក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក៏បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​សិង្ហបុរី​បោះបង់ចោលគម្រោងការប្រហារជីវិត Tangaraju Suppiah ក្នុងហេតុផលថា សិង្ហបុរី​អាច​ប្រហារជីវិត​ជន គ្មានកំហុស។

មហាសេដ្ឋីអង់គ្លេស ជឿថា អាចមាន​ចន្លោះប្រហោង​នៅក្នុងសំណុំរឿងនេះ ពីព្រោះថា ដូចការលើកឡើង​របស់​សកម្មជនការពារ​សិទ្ធិមនុស្ស Tangaraju Suppiah​មិនបាន​ប៉ះពាល់​កញ្ឆា​ដែល​ធ្វើ​ឲ្យខ្លួនគេ ត្រូវ​ប្រហារជីវិត​ដោយការព្យួរក។ ក្រុមគ្រួសារ​របស់​ជនជាប់ទោស​វិញ បាន​អំពាវនាវសុំ​ឲ្យ​តុលាការ​បើកសវនាការសាជាថ្មី​ព្រោះថា Tangaraju Suppiah​ត្រូវបាន​ប៉ូលិស​សិង្ហបុរី​ចាប់​សួរចម្លើយ ដោយ​គ្មានវត្តមានមេធាវី និងគ្មាន​អ្នកបកប្រែ​ភាសា​តាមិល។

ដោយចាត់ទុក ការលើកឡើង​របស់​លោក​Richard Branson ថា ខុសទាំងស្រុង ក្រសួងមហាផ្ទៃសិង្ហបុរី​នៅបាន​ចោទប្រកាន់​មហាសេដ្ឋីអង់គ្លេស​ថា បានមើលងាយ​ចៅក្រម និង​ប្រព័ន្ធតុលាការ​សិង្ហបុរី។ តាមក្រសួងមហាផ្ទៃសិង្ហបុរី តុលាការ​មានភស្តុតាង​គ្រប់គ្រាន់ រឹងមាំ​ដើម្បី​កាត់ទោសប្រហារជីវិត​អ្នកទោសជួញដូរកញ្ឆា។

គិតចាប់តាំង​ពីដើម​ឆ្នាំ ២០២៣ Tangaraju Suppiah​នឹង​អាច​ក្លាយជាអ្នកទោស​ជួញដូរ​កញ្ឆាលើក​ដំបូងគេ ដែល​ត្រូវ​សិង្ហបុរី​ប្រហារជីវិត​ដោយការព្យួរក។ បន្ទាប់ពី​ផ្អាក​អស់រយៈពេល​២ឆ្នាំ សិង្ហបុរី​បាន​ត្រលប់​មក​ប្រហារជីវិត​អ្នកទោស ចំនួន​១១​​នាក់ កាលពីឆ្នាំ​២០២២ ដែលសុទ្ធសឹង​តែ​ជាប់ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន។ សម្រាប់​សិង្ហបុរី ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ដ៏សំខាន់នៅអាស៊ី ការអនុវត្ត​ទោសប្រហារជីវិត​ជាមធ្យោបាយ​តែមួយគត់ ដើម្បី​ការពារ​កូនប្រទេសមួយនេះ ពីការលុកលុយរបស់​ក្រុមជួញដូរគ្រឿងញៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ