អានតួអត្ថបទ
ចិន-អាមេរិក

មន្រ្តីការទូតជាន់ខ្ពស់ចិន និងអាមេរិកបានជួបជជែកគ្នានៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី៦ មិថុនា​អំពី​ជំនួប​ថ្នាក់​មន្រ្តីការទូតជាន់ខ្ពស់​ចិន និង​អាមេរិក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ កម្មវត្ថុ​នៃ​ជំនួប គឺ​ដើម្បី​ស្វែង​រក​វិធី​កែលម្អ និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ទំនាក់ទំនង​ទ្វេភាគី​ដែល​បាន​រកាំរកូស​ដោយ​ភាព​មិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​សំណុំរឿង​ជា​ច្រើន។ តាម​ក្រសួង​ការបរទេស​ចិន​ដដែល កិច្ចសន្ទនា​រវាង​ភាគី​ទាំង​ពីរ​ជា​កិច្ចសន្ទនា​ត្រង់​ទៅ ត្រង់​មក និង​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា។

អនុរដ្ឋមន្រ្តី​ការបរទេសចិន ​លោក Ma Zhaoxu
អនុរដ្ឋមន្រ្តី​ការបរទេសចិន ​លោក Ma Zhaoxu AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

អ្នកតំណាង​ឲ្យ​ភាគី​អាមេរិក​នៅ​ក្នុង​ជំនួប​ជាមួយ​ភាគី​ចិន​មាន​ចំនួន ២នាក់ គឺ​អនុរដ្ឋមន្រ្តី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ីខាងកើត​លោក Daniel Kritenbrink និង​លោកស្រី Sarah Beran ដែល​ជា​ទីប្រឹក្សា​របស់​ប្រធានាធិបតី​លោក​ចូ បៃដិន​ទទួល​បន្ទុក​កិច្ចការ​ចិន និង​តៃវ៉ាន់។ ចំណែក​អ្នកតំណាង​ឲ្យ​ភាគី​ចិន​មាន​អនុរដ្ឋមន្រ្តី​ការបរទេស​លោក Ma Zhaoxu និង​នាយក​ទទួល​បន្ទុក​ទទួល​បន្ទុក​កិច្ចការ​អាមេរិកខាងជើង និង​អូសេអានី​លោក Yang Tao។ ជំនួប​ទ្វេភាគី​នេះ​ត្រូវ​បាន​ក្រសួង​ការបរទេស​ចិន និង​អាមេរិក​ផ្សព្វផ្សាយ​ដាច់​ដោយឡែក​ពី​គ្នា​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន។

តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចិន ភាគី​ទាំង​ពីរ​បាន​និយាយ​គ្នា​ត្រង់​ទៅ ត្រង់​មក​ប្រកប​ដោយ​ភាព​ស្មោះត្រង់ និង​លក្ខណៈ​ស្ថាបនា​ស្តីពី​ការ​កែលម្អ​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ការ​គ្រប់គ្រង​ជម្លោះ​ឱ្យ​បាន​ត្រឹមត្រូវ។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ចិន​បាន​បញ្ជាក់​ពី​ការ​ពន្យល់​ប្រាប់​ភាគី​អាមេរិក​នូវ​ជំហរ​របស់​ចិន​ចំពោះ​តៃវ៉ាន់ ហើយ​ថា ចិន និង​អាមេរិក​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បន្ត​ការ​និយាយ​គ្នា។ ពី​ខាង​ភាគី​អាមេរិក​វិញ ក្រសួង​ការបរទេស​ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ពី​ជំនួប​ត្រង់​ទៅ ត្រង់​មក និង​មាន​លក្ខណៈ​ស្ថាបនា​ដែរ។

តែ​សេចក្តីប្រកាសព័ត៌មាន​មិន​ភ្លេច​បញ្ជាក់​ថា ក្រៅ​ពី​ប្រធានរឿង​ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី ជំនួប​អាមេរិក និង​ចិន​បាន​ជជែក​ពី​បញ្ហា​តៃវ៉ាន់ កាណាល់​ទំនាក់ទំនង រួម​ទាំង​ប្រធានរឿង​ផ្សេងៗ​ទៀត។ ទន្ទឹម​គ្នា​នេះ និង​បើ​តាម​សេចក្តីប្រកាសព័ត៌មាន​របស់​អាមេរិក​ដដែល ភាគី​អាមេរិក​បាន​បញ្ជាក់​ប្រាប់​ភាគី​ចិន​ច្បាស់ៗ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​ការពារ​ផលប្រយោជន៍ និង​តម្លៃ​របស់​អាមេរិក។ គួរ​បញ្ជាក់​ថា ជំនួប​ថ្នាក់​មន្រ្តីការទូតជាន់ខ្ពស់​ចិន និង​អាមេរិក​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​មាន​ឧប្បត្តិហេតុ​ពីរ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​នាវា និង​យន្តហោះចម្បាំង​របស់​ចិន និង​អាមេរិក​នៅ​សមុទ្រចិនខាងត្បូង និង​នៅ​ច្រកសមុទ្រ​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ