អានតួអត្ថបទ

ប្រមុខការទូតថៃ​ថាបានជួប​អ្នកស្រី អ៊ុង សានស៊ូជី​ និងថា​អ្នកស្រី​ចង់ឲ្យ​ចរចា​បញ្ចប់​វិបត្តិ​ភូមា

ថ្ងៃ​ពុធ​ ឥណ្ឌូណេស៊ី ក្នុងនាម​ប្រធាន​ផ្លាស់វេន​ បាន​ជំរុញ​ឲ្យ​ អាស៊ាន រកដំណោះស្រាយ​នយោបាយ ដើម្បីបញ្ចប់​វិបត្តិ​ភូមា​។​ ក្នុង​សុន្ទរកថា​បើ​កកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន, ប្រមុខ​ការ​ទូត​ឥណ្ឌូណេស៊ី បាន​ថ្លែងបញ្ជាក់​​ថា «មាន​តែ​ដំណោះ​ស្រាយ​នយោបាយ​ទេ ទើប​នាំ​ឲ្យ​មកនូវ​សន្តិភាព​យូរ​អង្វែង​សម្រាប់​ភូមា​​​»។ លោកអំពាវនាវ​ឲ្យ​គ្រប់​ភាគី​បញ្ចប់​អំពើហិង្សា​ ដែល​ជា​កត្តា​ទី១​នៃការ​ស្តារទំនុក​ចិត្ត​ឡើងវិញ​។​ ទន្ទឹម​នឹង​គ្នា​នេះដែរ រដ្ឋមន្ត្រីការបរទេស​ថៃ បាន​អះអាងប្រាប់​អ្ន​កកាសែត​នៅ​រដ្ឋធានី​ហ្សាការតា​ថា លោក​បានជួបជាមួយមេបក្សប្រឆាំង​ភូមាអ្នក​ស្រី អ៊ុង សានស៊ូជី ​​និងថា អ្នក​ស្រី​បង្ហាញ​ចេតនា​ចង់​ចរចា​សម្រុះ​សម្រួល​ជាមួយ​របបសឹក​ភូមា ដើម្បីបញ្ចប់​វិបត្តិ​​ក្នុង​ប្រទេស​។

រដ្ឋមន្ត្រីការបរទេសថៃ លោក ដន ប្រាមុដវិណៃ ( Don Pramudwinai ) ។
រដ្ឋមន្ត្រីការបរទេសថៃ លោក ដន ប្រាមុដវិណៃ ( Don Pramudwinai ) ។ AP - Dita Alangkara
ផ្សាយពាណិជ្ជកម្ម

ចំពោះមុខ​អ្ន​កកាសែត​ នៅក្រុង​ហ្សាការតា រដ្ឋមន្ត្រីការបរទេស​ថៃ លោក ដន ប្រម័តវិន័យ [វិណៃ]​ បាន​អះអាង​ថា ថ្ងៃ​អាទិត្យ​កន្លងទៅ លោក​បាន​ជួប​ប្រា​ស្រ័យជាមួយ​នឹង​ប្រមុខ​ដឹកនាំបក្ស​ប្រឆាំង​ភូមា អ្នក​ស្រី អ៊ុងសាន ស៊ូជី នៅ​ទីក្រុង​ណៃពីដោ។ បើ​តាម​រដ្ឋមន្ត្រី​ការបរទេស​ថៃ គឺ​ អ្នកស្រី អ៊ុង សានស៊ូជី​ ​មាន​សុខភាពល្អ​ធម្មតាទេ និងថា​ ​កិច្ច​សន្ទនាគ្នារវាង​លោករដ្ឋមន្ត្រី​និងអ្ន​កស្រី​ ស៊ូជី  បាន​ប្រព្រឹត្តិ​ទៅ​យ៉ាងល្អ។​

ប្រសិន​បើ​ការអះអាងនេះ​ជា​ការពិត គឺ​រដ្ឋមន្ត្រីការបរទេសថៃ​ ជា​អ្នក​ការទូត​បរទេស ទី១ ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​អ្ន​កស្រី ស៊ូជី គិត​ចាប់តាំង​ពី​ របបសឹក​ភូមា បាន​ចាប់​ឃុំ​ខ្លួន​អ្នកស្រី​ ជាង​២ឆ្នាំមកនេះ។

ពី​រាជធានីបាំងកក អ្ន​កនាំពាក្យ​ក្រសួង​ការបរទេស​ថៃ ក៏អះអាង​បញ្ជាក់​បន្ថែម​ដែរ ថា ជំនួប​នេះ​ពិតជា​កើត​មាន​ពិតមែន ហើយ​លោករដ្ឋមន្ត្រី បាន​ជួប​ជជែក​ជាមួយ​អ្ន​កស្រី​ស៊ូជី រយៈ​ពេល​ ជាង​១ម៉ោង។

ប្រភពពីភូមា​វិញ មន្ត្រីជាន់​ខ្ពស់​យោធាភូមាម្នាក់​ ក្នុង​ក្រប​ខណ្ឌ​មិន​បញ្ចេញឈ្មោះ បាន​ប្រាប់​​ទីភ្នាក់ព័ត៌មាន​បារាំង​AFP ថា អាទិត្យ​មុន រដ្ឋមន្ត្រី​ការបរទេស​ថៃ បាន​បំពេញ​ទស្សនកិច្ច១ថ្ងៃ ​នៅ​ភូ​មា​ និងពិតជា​បាន​ជួប​ជាមួយ​នឹង​​ ​ឧត្តម​សេនីយ ​មីន អ៊ុងឡាំង មេបញ្ជាការកំពូល​ ក៏ប៉ុន្តែ មន្ត្រីរូបនេះ ថា មិន​​បាន​ដឹងអំ​​ពី​ជំនួប​ជាមួយ​នឹង​អ្នកស្រី ស៊ូជី នោះ​ទេ។

ទោះបី​ជា​យ៉ាងណាក៏ដោយ​ចុះ នៅ​ក្រុង​ហ្សាការតា ប្រមុខ​ទូត​ថៃ​ បានពាំ​​នាំ​ប្រសាសន៍​អ្នក​ស្រី​ ស៊ូជី ថា​បាន​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ច​សន្ទនា​គ្នា និង​អំពាវនាវ​ឲ្យ​មាន​កិច្ច​ចរចា​ដើម្បីបញ្ចប់​វិបត្តិ​ភូមា​។​

គួរ​រំលឹកថា រដ្ឋអំណាច​របបសឹក​ភូមា បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ២០២១ ហើយ​និង​ចាប់​ឃុំ​ខ្លួន ​ព្រមទាំង​កាត់ទោស​អ្នក​ស្រី អ៊ុង​សាន ស៊ូជី ឲ្យ​ជាប់​ពន្ធនាគារ​ ៣៣ឆ្នាំ។ ភូមា​ ត្រូវ​ទណ្ឌកម្ម​អន្តរជាតិ និង​គេ​ផាត់ភូមា​​​ចេញ​ មិន​ឲ្យ​ចូល​រួម​កិច្ចប្រជុំ​អន្តរជាតិ និងកិច្ចប្រជុំ​ថ្នាក់តំបន់​។

កាលពី​​ខែមុន ថ្នាក់ដឹកនាំ​ថៃ​ បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ភូមា​​ ក្នុង​ក្រប​ខណ្ឌ​ក្រៅ​ផ្លូវ​ការ ហើយ​ ថៃ​ បាន​ស្នើ​គំនិតចង់​​បើក​លទ្ធភាព​ឲ្យមន្ត្រីទូត​ភូមា​ចូល​ប្រជុំអាស៊ាន​នឹង​​ដែរ ប៉ុន្តែ សិង្ហបុរី ជំទាស់​ ថា​មិនទាន់​ដល់​ពេល​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ