អានតួអត្ថបទ

សិង្ហបុរី៖ប្រធានសភា និងតំណាងរាស្រ្តស្រ្តីបានលាចុះពីតំណែងក្រោយផ្ទុះរឿងអាស្រូវស្នេហាលួចលាក់

នៅ​សិង្ហបុរី ក្រោយ​ការ​ឃាត់ខ្លួន​រដ្ឋមន្រ្តី​ដឹកជញ្ជូន​នា​សប្តាហ៍​កន្លង​ទៅ​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ គណបក្ស​កាន់អំណាច​បាន​ជួប​រឿងអាស្រូវ​ថ្មី​មួយ​ទៀត​ស្តីពី​ទំនាក់ទំនង​ស្នេហា​លួចលាក់​រវាង​ប្រធាន​សភា និង​តំណាងរាស្រ្ត​ស្រ្តី​ម្នាក់។ ក្រោយ​បែក​រឿងអាស្រូវ​នេះ អ្នក​ទាំង​នេះ​ក៏​បាន​លា​ចុះ​ពី​មុខ​តំណែង​ភ្លាមៗ​ក្នុង​សប្តាហ៍​នេះ។ គួរ​បញ្ជាក់​ថា​នៅ​សិង្ហបរី រឿងអាស្រូវ​នយោបាយ​ជា​រឿង​កម្រ​កើត​មាន ហើយ​រឿងអាស្រូវ​ពុករលួយ​ក៏​ជា​រឿង​មិន​សូវ ឮ។

Lee Hsien Loong, Premier ministre de Singapour.
Lee Hsien Loong, Premier ministre de Singapour. AFP/Timothy A. Clary
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​រឿងរ៉ាវ​ដែល​សិង្ហបុរី និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​លី សៀនឡុង​មិន​បាន​រង់ចាំ​ទាល់​តែ​សោះ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ។ រឿងរ៉ាវ​ទី២ គឺ​ទំនាក់ទំនង​ស្នេហា​ដោយ​លួចលាក់​រវាង​ប្រធាន​សភា​លោក​តាន់ ឈ័នយីន និង​តំណាងរាស្រ្ត​លោកស្រី​ឆេង លីហ៊ី។ អ្នកទាំង​ពីរ​ជា​សមាជិក​របស់​គណបក្ស​សកម្មប្រជាប្រិយ​ដែល​ជា​គណបក្ស​ប្រវត្តិសាស្រ្ត​នៅ​សិង្ហបុរី និង​បាន​កាន់​អំណាច​តាំង​ពី​ការ​បង្កើត​ប្រទេស​សិង្ហបុរី។ តាម​ពិត​ទៅ នាយករដ្ឋមន្រ្តី​លោក​លី សៀនឡុង​បាន​ដឹង​រឿង​ទំនាក់ទំនង​​ស្នេហា​ដោយ​លួចលាក់​រវាង​លោក​តាន់ ឈ័នយីន និង​លោកស្រី​ឆេង លីហ៊ី ហើយ​ថា លោក​បាន​និយាយ​ប្រាប់​អ្នក​ទាំង​ពីរ​ក្នុង​ខែ​កុម្ភៈ។ តែ​បញ្ហា​នៅ​ត្រង់​ថា​ក្នុង​ខែ​កក្កដា​នេះ រូបភាព​វីដេអូ​ដៃ​កាន់​ដៃ​រវាង​ប្រធាន​សភា និង​តំណាងរាស្រ្ត​ស្រ្តី​បាន​បែក​ធ្លាយ​លើ​បណ្តាញសង្គម។

រូបភាព​វីដេអូ​បែក​ធ្លាយ​នេះ​បាន​បង្ខំ​ឲ្យ​អ្នក​ទាំង​ពីរ​លា​ចុះ​ពី​តំណែង​ភ្លាមៗ។ រឿងអាស្រូវ​ថ្មី​នេះ​បាន​ធ្លាក់​មក​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ឃាត់​ខ្លួន​រដ្ឋមន្រ្តី​ដឹកជញ្ជូន​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើបអង្កេត​រឿង​ពុករលួយ។ ប្រឈម​នឹង​រឿង​អាស្រូវ​ផ្ទួន​គ្នា​នេះ នាយករដ្ឋមន្រ្តី​លោក​លី សៀនឡុង​បាន​ព្យាយាម​ចេញ​មុខ​ការពារ​ដោយ​បញ្ជាក់​ថា ពេល​ខ្លះ មាន​រឿង​កើត​ឡើង​ដែល​គេ​ត្រូវ​ហ៊ាន​ធ្វើ​ការ​កែតម្រូវ។ លោក​លី សៀនឡុង​យល់​ថា វិធានការ​ដែល​ធ្វើ​ទៅ​លើ​មិត្ត និង​ទៅ​លើ​អ្នករួមអាជីព​ជា​រឿង​ក្តុកក្តួល និង​ថា វា​ក៏​អាច​ជា​រឿង​ទើសទាល់ និង​ខាត​បង់​ផ្នែក​នយោបាយ​ដែរ។

តែ​លោក​លី សៀនឡុង​បាន​បន្ថែម​ថា គណបក្ស​សកម្មប្រជាប្រិយ​ត្រូវ​បន្ត​គោរព​វិធាន និង​វិន័យ​របស់​បក្ស ហើយ​ថា កតាព្វកិច្ច​របស់​គណបក្ស គឺ​នៅ​សភា និង​ដើម្បី​បម្រើ​ប្រជាជន​សិង្ហបុរី។ ដោយឡែក លោក​លី សៀនឡុង​ដែល​បាន​កាន់​តំណែង​តាំង​ពី​ឆ្នាំ ២០០៤ បាន​ថ្លែង​ថា លោក​គ្មាន​បំណង​កោះ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ភ្លាម​ទេ។ ការ​បោះឆ្នោត​ដែល​តាម​ធម្មតា​គ្រោង​រៀបចំ​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ