អានតួអត្ថបទ
ចិន-អចលនវត្ថុ

សេដ្ឋកិច្ច​ចិនរង្គើជា​ថ្មី​ ដោយ​ក្រុមហ៊ុន​អចលនទ្រព្យដ៏​ធំ​មួយទៀតជួបបញ្ហា​ហិរញ្ញវត្ថុ

ជិត​​ពីរ​ឆ្នាំ​ក្រោយ​វិបត្តិ​បំណុល​របស់​ក្រុមហ៊ុនអចលនទ្រព្យ​Evergrande ក្តីព្រួយបារម្ភ​កំពុង​កើត​មាន​ជា​ថ្មី​នៅក្នុង​ប្រទេសចិន​ នាពេល​នេះ ជុំ​វិញ​សុខភាព​របស់​ក្រុមហ៊ុន​អលចនទ្រព្យ​Country Garden ដែល​ធ្លាប់ជួយ​​​អូស​ទាញ​កំណើន​និងរក្សា​​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ។ ​លង់​ក្នុង​បំណុល​ គ្មាន​លទ្ធភាព​បង់​ការប្រាក់ ភាគហ៊ុនរបស់​Country Garden បាន​ដាំក្បាល​ចុះ​ជាង​១៥%​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

​ក្រុមហ៊ុនអចលនទ្រព្យ​​ Country Garden Holdingsរបស់​លោកស្រី​ Yang Huiyan កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ
​ក្រុមហ៊ុនអចលនទ្រព្យ​​ Country Garden Holdingsរបស់​លោកស្រី​ Yang Huiyan កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ REUTERS - TINGSHU WANG
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​Country Garden ជា​ផលវិបាកផ្ទាល់​នៃ​វិបត្តិ​​ដ៏​ធ្ងន់ធ្ងរ​គ្មាន​ប្រៀបក្នុង​វិស័យ​អចលនទ្រព្យដែល​ជា​មួយ​វិស័យ​សំណង់​​ តំណាង​ឱ្យ​មួយភាគ​បួន​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ចិន(PIB)។

តើCountry Garden​មាន​ទម្ងន់​សេដ្ឋកិច្ច​យ៉ាងណា?

Country Garden ជាក្រុមហ៊ុនឯកជនយក្ស​ផ្នែក​​អចលនទ្រព្យ ដែល​ទស្សនាវដ្តី​Forbes ចាត់​បញ្ចូល​ក្នុង​ចង្កោម៥០០​​ក្រុមហ៊ុនដ៏​​ធំជាងបំផុត នៅលើ​ពិភពលោក។ ចំណែក​ម្ចាស់​ក្រុមហ៊ុន លោកស្រី Yang Huiyan ដែល​ក្លាយ​ជា​មហាសេដ្ឋី ​តាំងពី​អាយុ​២៥​ឆ្នាំ តាមរយៈ​ការ​ទទួល​មរតក​ពី​ឪពុក ជា​ប់​ឈ្មោះ​ជា​ស្ត្រី​មាន​ជាងគេ​បំផុត​ប្រចាំ​អាស៊ី កាលពី​ប៉ុន្មាន​ឆ្នាំ​មុន។ ​ក្រុមហ៊ុនរកស៊ី​នៅបរទេស​ទៀត ដោយ​ទទួល​​វិនិយោគគម្រោង​អចលនទ្រព្យ​ដ៏​សម្បើម​​លើ​កោះ​សិប្បនិម្មិត​របស់​ម៉ាឡេស៊ី។

មានទីស្នាក់ការ​នៅ​ខេត្ត​ហ្វូសាន់ ភាគ​ខាង​ត្បូង​ប្រទេស ក្រុមហ៊ុន​មាន​បុគ្គលិក​បម្រើការ​ចំនួន​ជិត​៧ម៉ឺន​នាក់​ គិត​ត្រឹម​ចុង​ឆ្នាំ​២០២២។ ល្បី​ខាង​មាន​សុខភាព​ហិរញ្ញវត្ថុ​ល្អ​រឹងមាំ​ខ្លាំង កាលពី​ឆ្នាំ​ទៅ និង​ក្នុងពេល​​វិស័យ​អចលនទ្រព្យ​កំពុង​មាន​វិបត្តិ Country Garden ​ជាក្រុមហ៊ុន​​លក់ផ្ទះ​ដ៏​ចម្បង​គេ​នៅប្រចាំ​​ប្រទេស​។

Country Gardenកំពុង​ជាន់​ដាន​Evergrande?

ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ក្រុមហ៊ុន​ស្រាប់​តែ​មិន​អាច​​បង់​ការប្រាក់​​លើ​​កម្ចី​​ពីរ។ ក្រុមហ៊ុន​បាន​ទទួល​ការ​អនុគ្រោះ​៣០​ថ្ងៃ ពោល​គឺ​​ក្រុមហ៊ុននឹង​​ធ្លាក់​ក្នុង​វិបត្តិ​បំណុលនៅ​ខែ​កញ្ញា​ ​បើ​នៅ​តែ​គ្មាន​លទ្ធភាពសង។ បន្ថែម​ពី​លើ​នេះ​ កាលបរិច្ឆេទ​សង​ត្រូវ​ផុត​នៅ​ឆ្នាំ​២០២៤។ លោក​ស្រី​ យ៉ង់ ហ៊ុយយ៉ាន បាន​ចេញ​លិខិត​សុំទោស​និង​ទទួលស្គាល់​ថា​ក្រុមហ៊ុន​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំងមិនធ្លាប់​មាន​ទេ​​ ​តាំងពី​បង្កើត​ឡើងនៅឆ្នាំ​១៩៩៥។ ក្រុមហ៊ុន​ដែល​ត្រូវ​ប្រកាស​​លទ្ធផល​ប្រចាំ​ឆមាស​នៅ​ចុង​ខែ​សីហា អាច​នឹង​ខាត​បង់​ប្រមាណ​៥,៦ ទៅ​៧ពាន់​លាន​អឺរ៉ូ។ កាន់​តែ​ផុយស្រួយ​ថែម​ទៀត ៦០%​នៃ​គម្រោង​អចលនទ្រព្យ​​មាន​ទីតាំង​នៅ​តាម​ខេត្ត​ក្រុង​តូចៗ​ដែល​តម្លៃ​ផ្ទះ​បាន​ដាំក្បាល​ចុះខ្លាំង​ ហើយ​អតិថិជនសំខាន់ៗ​​មានលទ្ធភាព​ទិញ​មាន​កំរិត។ ដើម្បី​ទ្រទ្រង់​ក្រុមហ៊ុន​ លោកស្រី​ យ៉ង់​ បានយក​លុយ​ផ្ទាល់​ខ្លួន​មក​បង្គប់​​អស់​ប្រមាណ​៤៩០០​លាន​ដុល្លារ​ហើយ។ ក្នុង​រយៈ​ពេល​ពីរឆ្នាំមក​នេះ​លោក​ស្រី​បាន​បាត់​បង់​ថវិកា​អស់​ជិត​២៩ពាន់​លាន​ដុល្លារ​បើ​តាម​Bloombergនិង​សល់​ទ្រព្យ​ធន​ប្រមាណ​៥៣០០លាន។

កាលពី​ចុង​ឆ្នាំ​២០២២ Country Garden មាន​បំណុលឡើង​ដល់​ប្រមាណ​១៥០ពាន់​លាន​អឺរ៉ូ។ ជា​ការ​ប្រៀបធៀប ក្រុមហ៊ុន​Evergrande ជាប់​បំណុល​ជាង​៣០០ពាន់​លាន​អឺរ៉ូ។ តែ​ការ​ដួល​រលំ​ក្រុមហ៊ុន​ Country Garden ច្បាស់​ជាជះ​គ្រោះ​មហន្តរាយ​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ចិន​ទាំង​មូល​។

ក្រៅ​អំពី​អចលនទ្រព្យ ក្រុមហ៊ុន​ពង្រីកសកម្មភាព​តាំងពី​ឆ្នាំ​២០១៩មក​ ក្នុង​វិស័យ​ផលិត​ម៉ាស៊ីន​ផ្សេងៗ​និង​រ៉ូប៉ូសម្រាប់​ធ្វើ​ម្ហូប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ