អានតួអត្ថបទ

អាស៊ាន៖ប្រធានាធិបតីឥណ្ឌូណេស៊ីជំរុញឲ្យថ្នាក់ដឹកនាំក្នុងលោកកាត់បន្ថយភាពតានតឹង

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កញ្ញា ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​យ៉ូកូ វីដូដូ​បាន​ជំរុញ​ថ្នាក់ដឹកនាំ​ក្នុង​លោក​ឲ្យ​កាត់​បន្ថយ​ភាព​តានតឹង។ ការ​ថ្លែង​របស់​លោក​វីដូដូ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​ជាមួយ​ក្រុម​ប្រទេស​ដៃគូ​រៀបចំ​ក្នុង​ទីក្រុង​ហ្សាការតា។ ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន លោក​វីដូដូ​ចង់​ឃើញ​ថ្នាក់ដឹកនាំ​ក្នុង​លោក ពិសេស​ប្រទេស​មហាអំណាច​ពីរ​ដែល​កំពុង​ប្រជែង​គ្នា​គឺ​សហរដ្ឋអាមេរិក និង​ចិន​នាំ​គ្នា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សន្តិសុខ និង​ពាណិជ្ជកម្ម។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កញ្ញា ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​យ៉ូកូ វីដូដូ​បាន​ជំរុញ​ថ្នាក់ដឹកនាំ​ក្នុង​លោក​ឲ្យ​កាត់​បន្ថយ​ភាព​តានតឹង។
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កញ្ញា ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​យ៉ូកូ វីដូដូ​បាន​ជំរុញ​ថ្នាក់ដឹកនាំ​ក្នុង​លោក​ឲ្យ​កាត់​បន្ថយ​ភាព​តានតឹង។ AP - Achmad Ibrahim
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ព្រហស្បតិ៍ ទី៧ កញ្ញា​ជា​កិច្ចប្រជុំកំពូលអាស៊ាន​ជាមួយ​ក្រុម​ប្រទេស​ដៃគូ​ដែល​សរុប​មាន ១៨ប្រទេស​ចូល​រួម។ អ្វី​ជា​ការ​កត់សម្គាល់​នា​ឱកាស​នោះ គឺ​វត្តមាន​រួម​គ្នា​របស់​ថ្នាក់ដឹកនាំ ៣ប្រទេស​គឺ​សហរដ្ឋអាមេរិក​ដែល​ចូល​រួម​ដោយ​អនុប្រធានាធិបតី​លោកស្រី​ខាម៉ាឡា ហារីស ចិន​ចូលរួម​ដោយ​នាយករដ្ឋមន្រ្តី​លោក​លី ឈាំង និង​រុស្ស៊ី​ដែល​ចូល​រួម​ដោយ​ប្រមុខ​ការទូត​លោក​ស៊ែរហ្គី ឡាវរ៉ូវ។ តែ​គឺ​ជំនួប​រវាង​គូប្រជែង​អាមេរិក និង​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ត្រូវ​បាន​ទទួល​ការ​តាម​ដាន និង​ចាប់​អារម្មណ៍​ខ្លាំង ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង​រវាង​ភាគី​ទាំង​ពីរ​លើ​សំណុំរឿង​ច្រើន​តាំង​ពី​បញ្ហា​តៃវ៉ាន់​រហូត​ដល់​បញ្ហា​សមុទ្រចិនខាងត្បូង សមុទ្រចិន​ខាង​កើត ឬ​មួយ​ក៏​នៅ​តំបន់​ប៉ាស៊ីហ្វិក។

ជំនួប​ក៏​មាន​ដែរ​រវាង​អាមេរិក និង​រុស្ស៊ី​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នា​ឱកាស​នោះ ប្រមុខ​ការទូត​រុស្ស៊ី​លោក​ស៊ែរហ្គី ឡាវរ៉ូវ​បាន​ចោទ​អង្គការ​អូតង់​ពី​បទ​មាន​ឆន្ទៈ​ចង់​ពង្រីក​ឥទ្ធិពល​នៅ​អាស៊ី​បូព៌ា។ ទន្ទឹម​គ្នា​នេះ លោក​ឡាវរ៉ូវ​ក៏​បាន​ព្រមាន​ប្រឆាំង​នឹង​សម្ព័ន្ធ​យោធា Aukus រវាង​អូស្រា្តលី អាមេរិក និង​អង់គ្លេស។ ក្រៅ​ពី​វត្តមាន​ភាគី​អាមេរិក ចិន និង​រុស្ស៊ី កិច្ចប្រជុំកំពូល​អាស៊ាន​ជាមួយ​ក្រុម​ប្រទេស​ដៃគូ​ក៏​មាន​ការ​ចូលរួម​ពី​ប្រទេស​ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង កាណដា និង​ប្រទេស​អូស្ត្រាលី។ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​យូន ស៊ុកយោល​បាន​យល់​ឃើញ​ថា គ្រប់​ការ​ប៉ុនប៉ង​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​សមុទ្រចិនខាងត្បូង​ដោយ​អន្តោម័ត​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​បាន​ទាមទារ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ផ្លូវសមុទ្រ​ដោយ​ផ្អែក​លើ​ច្បាប់​ដើម្បី​គ្រប់គ្រង​តំបន់​សមុទ្រ​យុទ្ធសាស្ត្រ​មួយ​នេះ​សម្រាប់​ការ​ដោះដូរ​ក្នុង​លោក។

ចំណែក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​ក្នុង​ការ​កសាង​សណ្តាប់ធ្នាប់​ពិភពលោក​នៅ​ក្រោយ​វិបត្តិ​កូវីដ​ដោយ​ផ្អែក​លើ​ច្បាប់ និង​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ចខិតខំប្រឹងប្រែង​រួម​គ្នា​ដើម្បី​លំហ​ឥណ្ឌូប៉ាស៊ីហ្វិក​មួយ​សេរី និង​បើក​ចំហ។ ដោយឡែក ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​វីដូដូ​បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្នុង​លោក​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​កាត់​បន្ថយ​ការ​ប្រជែង​គ្នា។ តាម​ប្រធាន​ប្តូរ​វេន​អាស៊ាន​រូប​នេះ ទាំង​អស់​គ្នា​មាន​ទំនួល​ខុស​ត្រូវ​មិន​បង្កើត​ឲ្យ​មាន​ជម្លោះ​ថ្មី មិន​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​ថ្មី និង​មិន​បង្កើត​ឲ្យ​មាន​សង្រ្គាម​ថ្មី​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ