អានតួអត្ថបទ
នុយក្លេអ៊ែរកូរ៉េខាងជើង

កូរ៉េខាងជើងចារជាមហាអំណាចនុយក្លេអ៊ែរក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស

មេដឹកនាំកូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បាន​បញ្ជាឲ្យ​បង្កើន​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ចំនួន​ដ៏​ច្រើន។ លើសពីនោះ​លោក​ចង់​ឲ្យ​កូរ៉េខាងជើង ដើរតួនាទីសំខាន់​ក្នុង​ចំណោម​ប្រទេស​ប្រទេស​សម្ព័ន្ធមិត្ត​ដែល​មានជំហរ​ប្រឆាំង​អាមេរិក នៅក្នុង​បរិបទសង្រ្គាមត្រជាក់សាជាថ្មី។ បទបញ្ជា​របស់​មេដឹកនាំ​កូរ៉េខាងជើង​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​សភា​កូរ៉េខាងជើង ដែលនៅក្នុង​នោះ គេ​បាន​បោះឆ្នោត​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​ចារ​កូរ៉េខាងជើង​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ។

ទូរទស្សន៍នៅទីក្រុង​សេអ៊ូលចាក់បញ្ចាំង​មេដឹកនាំ​កូរ៉េខាងជើងនៅថ្ងៃទី ២៨កញ្ញា
ទូរទស្សន៍នៅទីក្រុង​សេអ៊ូលចាក់បញ្ចាំង​មេដឹកនាំ​កូរ៉េខាងជើងនៅថ្ងៃទី ២៨កញ្ញា AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

ក្តីសង្ឃឹម​របស់​សម្ព័ន្ធមិត្ត​អាមេរិក ដែល​ចង់ឲ្យ​កូរ៉េខាងជើង​បោះបង់​ចោល​កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ​ត្រូវ​រលាយសាបសូន្យ នៅថ្ងៃ​ពុធម្សិលមិញ នៅពេល រដ្ឋសភា​កូរ៉េខាងជើង​បោះឆ្នោត យល់ព្រម​ឲ្យ​កូរ៉េខាងជើង​ចារ​ជា​មហាអំណាច​នុយក្លេអ៊ែរ នៅក្នុង​រដ្ឋធម្មនុញ្ញរបស់ប្រទេស។

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋ​KCNA នៅក្នុង​សេចក្តីថ្លែងទៅកាន់​អង្គសភា​កូរ៉េខាងជើង ដែលបានបើកកិច្ចប្រជុំ នៅថ្ងៃ​អង្គារ​និងថ្ងៃ​ពុធ​ម្សិលមិញ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​ប្រកាស​ថា ក្នុងនាមជា​ច្បាប់​មូលដ្ឋានគ្រឹះ​របស់​ប្រទេស នយោបាយ​កសាង​កម្លាំងនុយក្លេអ៊ែរ​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េខាងជើង ​ក្លាយ​ជា​នយោបាយ​អចិន្ត្រៃយ៍។

នៅឆ្នាំមុន សភាកូរ៉េខាងជើង​បោះឆ្នោត​ចាត់ទុក​មនោគមវិជ្ជានុយក្លេអ៊ែរ​ជា​ច្បាប់ជាតិ ដែល​អនុញ្ញាត​ឲ្យ​បើកការវាយប្រហារ​នុយក្លេអ៊ែរ​ក្នុងករណី​ដែល​ថ្នាក់ដឹកនាំ​យល់ឃើញថា កូរ៉េខាងជើង​កំពុងរងការគំរាមកំហែង។ នៅ​ថ្ងៃ​ពុធ លោកគីម ជុងអ៊ុង​និយាយ​ដោយ​មិនរារែក ចោទប្រកាន់វ៉ាស៊ីនតោន តូក្យូ និងសេអ៊ូល​ថា កំពុង​ចាប់ដៃ​បង្កើត​សម្ព័ន្ធមិត្ត ត្រីកោណ។ មេដឹកនាំ​កូរ៉េខាងជើង​ចាត់ទុក សម្ព័ន្ធមិត្ត​យោធា​អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថាជាការគំរាមកំហែង​ពិតៗ ពោលគឺ​មិនមែនជា​ការនិយាយគំរាម ឬ​ក្តីស្រមៃនោះទេ។

ដើម្បី​ ប្រឆាំង​អាមេរិក​និងសម្ព័ន្ធមិត្ត លោក​គីម ជុងអ៊ុន​បាន​បញ្ជា​ឲ្យ​គេធ្វើ​ទំនើបកម្ម​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដើម្បីធ្វើយ៉ាងណា​ឲ្យ​កូរ៉េខាងជើង​មានប្រៀប​នៅក្នុង​យុទ្ធសាស្រ្ត​ប្រយុទ្ធប្រឆាំង​អាវុធ​នុយក្លេអ៊ែរ​របស់​សត្រូវ។

នៅថ្ងៃពុធ មេដឹកនាំ​កូរ៉េខាងជើង នៅ​បាន​ជំរុញ​ឲ្យ​មន្រ្តី​ទូត បង្កើនការផ្សព្វផ្សាយ ចាប់ដៃសហការ​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​ជំហរ​ប្រឆាំង​នឹង​អាមេរិក និង​ការវាតទីនិយម​របស់​បស្ចិមលោក។

នៅមហាសន្និបាតអង្គការសហប្រជាជាតិ ​កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បាន​ដំឡើងសំឡេង ទម្លាក់កំហុស​លើ​នយោបាយ​របស់អាមេរិក​នៅអាស៊ីថា ជាដើមហេតុ​ធ្វើ​ឲ្យ​ឧបទ្វីបកូរ៉េនៅ​មាត់ជ្រោះនុយក្លេអ៊ែរដ៏មរណៈ។ អ្នកសង្កេតការណ៍​លោកខាងលិច​វាយតម្លៃថា នៅពេលឆាប់ៗខាងមុខ កូរ៉េខាងជើង​អាច​ធ្វើការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ជាលើកទី ៧ បន្ទាប់ពី​ស្ងាត់ ផ្អាកតាំងពីឆ្នាំ ២០១៧។

នៅថ្ងៃ​ទី ២​កញ្ញាដើមឆ្នាំនេះ របបព្យុងយ៉ាង​បានរៀបចំ​សមយុទ្ធ​ក្នុង​រូបភាពបាញ់មីស៊ីល​ចម្ងាយឆ្ងាយ​ដែលមាន​សមត្ថភាពនាំយកក្បាលគ្រាប់នុយក្លេអ៊ែរ។

សេអ៊ូល និង​តូក្យូ​បាន​ចេញមុខ​ប្រឆាំង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​និងមីស៊ីល​របស់កូរ៉េខាងជើង ដែល​គេ​ចាត់ទុក​ជា​ការគំរាមកំហែង​សន្តិភាព និងសន្តិសុខ​របស់​កូរ៉េខាងត្បូង ជប៉ុន និង​សហគមន៍​អន្តរជាតិ។ សម្រាប់​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន ជប៉ុន​មិនអាច​ទទួលយកបានទេ​ដែល​កូរ៉េខាងជើង ចារ​នៅក្នុង​រដ្ឋធម្មនុញ្ញ របស់ខ្លួន ជា​មហាអំណាច​នុយក្លេអ៊ែរ។ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​យុន សុខយោល​ធ្លាប់​ព្រមានហើយ​ថា បើកូរ៉េខាងជើង​ប្រើអាវុធនុយក្លេអ៊ែរ នោះ​អាមេរិក និងកូរ៉េខាងត្បូង​នឹងឆ្លើយតបវិញ ដើម្បី​បិទបញ្ចប់​របបកុម្មុយនិស្ត​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ