អានតួអត្ថបទ
ស្បៀងអាហារ-កសិកម្ម

អង្គការ​FAO៖ ក្នុងរវាង៣០ឆ្នាំ គ្រោះមហន្តរាយ​បំផ្លាញ​​ទិន្នផល​កសិកម្ម​ ចំនួន​៣៨០០ពាន់​លានដុល្លារ

ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ សត្វល្អិតចង្រៃ ជំងឺឆ្លង និង​សង្គ្រាមប្រដាប់អាវុធជាដើម សុទ្ធសឹងតែជា​គ្រោះមហន្តរាយ ដែលបានបំផ្លាញដល់ទិន្នផល​កសិកម្ម មិនថាជាដំណាំ ឬក៏ជា​ការចិញ្ចឹមសត្វ។ យោងតាមរបាយការណ៍​មួយរបស់អង្គការសហប្រជាជាតិដើម្បីស្បៀងអាហារ និងកសិកម្ម ហៅកាត់ថាអង្គការ FAO ចេញផ្សាយថ្ងៃទី​១៣តុលា២០២៣​ គឺក្នុង​រវាង​៣០ឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយ​ទាំងនេះ បានបំផ្លាញ​ទិន្ន​ផលកសិកម្ម​ពិភពលោក​យើង គិតជាទឹកប្រាក់ប្រមាណ៣៨០០ពាន់លានដុល្លារ​។

កុមារកេនយ៉ា កំពុងដេញសត្វកណ្តូប ដែលស៊ីបំផ្លាញ​ដំណាំ។ ស្រុក Nakuru កេនយ៉ា ថ្ងៃទី១៧មីនា២០២១
កុមារកេនយ៉ា កំពុងដេញសត្វកណ្តូប ដែលស៊ីបំផ្លាញ​ដំណាំ។ ស្រុក Nakuru កេនយ៉ា ថ្ងៃទី១៧មីនា២០២១ AP - Brian Inganga
ផ្សាយពាណិជ្ជកម្ម

ក្នុងរវាង​ពីឆ្នាំ​១៩៩១ ដល់ឆ្នាំ២០២១ កសិករទូទាំងពិភពលោក បានខាតបង់ប្រាក់ចំណូល សរុបចំនួន​១២៣ពាន់​លានដុល្លារក្នុងមួយឆ្នាំ ជាមធ្យម។ យោងតាមរបាយការណ៍​លំអិតនេះ ការខូចខាតទិន្នផលកសិកម្មសរុប អាចគណនាមកស្មើនឹង​ការ​បាត់បង់ កម្រិតកាឡូរីរបស់​មនុស្ស​ក្នុងមួយថ្ងៃ ចំនួន​១៤៧កាឡូរី ពោលគឺសរុប ស្មើនឹងតម្រូវការស្បៀង​អាហារ របស់​មនុស្ស​ខ្ទង់ ៤០០ ទៅ​ ៥០០លាននាក់​ ជារៀងរាល់ឆ្នាំ​។

គួរបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលអង្គការ​FAO បានធ្វើរបាយការណ៍​ស្រាវជ្រាវលំអិត ស្តីពីបញ្ហានេះ​។ លោក​ Piero Conforti អនុប្រធាន​ផ្នែក​ស្ថិតិប្រចាំនៅអង្គការ FAO បាន​លើកឡើងថា​ បច្ចុប្បន្ននេះ សហគមន៍អន្តរជាតិ បាន​ដឹង​និងឆ្វេងយល់​កាន់តែច្បាស់ អំពី​ការកើនឡើងកាន់តែខ្លាំង នៃករណីគ្រោះ​​មហន្តរាយ​ ដែលបានជះផល​អាក្រក់ទៅលើមុខរបរកសិកម្ម និងប្រព័ន្ធកសិចំណីហារ។

លោក​បាន​លើកឡើងទៀតថា នៅឆ្នាំ​១៩៧០ ករណី​គ្រោះមហន្តរាយ​មានចំនួន​១០០ករណី។ តែប្រមាណ​២០ឆ្នាំចុងក្រោយនេះ វាបាន​កើនឡើងមួយគុណជាបួន ពោល​គឺប្រមាណ​៤០០ករណី​ក្នុងមួយឆ្នាំ​។ ចំនួន​​គ្រោះមហន្តរាយមានកាន់តែច្រើននេះ ដោយសារ​តែ​មួយផ្នែក មក​ពីប្រព័ន្ធប្រមូលទិន្នន័យព័ត៌មានកាន់តែសំបូរបែប និងជឿនលឿន។ តែទន្ទឹមគ្នានេះ វាបង្ហាញអំពីកត្តាបម្រែបម្រួលអាកាសធាតុ ដែលកាន់តែជះឥទ្ធិពលអាក្រក់​ ជាក់ស្តែង សីតុណ្ហភាពក្តៅហួតហែងខ្លាំង គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ទាន់ហន់ ខ្យល់ព្យុះ ជំងឺដង្ហាត់ចង្រៃទាំងឡាយ បូក​បន្ថែមជាមួយ​នឹងសង្គ្រាម​ប្រដាប់អាវុធ ដែល​មានកាន់តែញឹកញាប់​។

យោងតាមតួលេខស្ថិតិ ក្នុងមួយឆ្នាំៗ គ្រោះ​មហន្តរាយបានបំផ្លាញខ្ទេចខ្ទី នូវទិន្នផល​គ្រាប់ធញ្ញជាតិចំនួន​៦៩លានតោន បន្លែ​ផ្លែឈើ​ចំនួន​៤០លានតោន ព្រមទាំង​សត្វសាច់ ទឹកដោះគោ និងស៊ុត សរុប​ចំនួន​១៦លានតោន។ ២៣%នៃការខាតបង់ផ្នែកសេដ្ឋកិច្ច គឺបានធ្លាក់ទៅក្នុងវិស័យកសិកម្ម​។ ហើយ​ប្រទេសក្រីក្រ ដែលជាអ្នកប្រឈមកាន់តែខ្លាំង​។ យ៉ាងណាមិញ ប្រទេសនៅតំបន់អាស៊ី ដែលជាអ្នករងទុក្ខ​ធ្ងន់ជាងគេ ប្រមាណ​៤៥%។ នៅ​តំបន់​​អាហ្វ្រិកវិញ គឺតំបន់ស្នែងអាហ្វ្រិក ដែលរងគ្រោះញឹកញាប់បំផុតដោយគ្រោះរាំងស្ងួត ពោលគឺជាមធ្យម ១៥%នៃទិន្នផល​ដែលត្រូវបំផ្លិចបំផ្លាញ។​ ប្រទេសកូន​កោះ ក៏រងគ្រោះខ្លាំងដែរ ដោយបាត់បង់ទិន្នផល ចំនួនប្រមាណ​៧%នៃចំណូល​ដុលកសិកម្ម​។

ប្រឈមនឹងការកើនឡើងកាន់តែញឹកញាប់ នៃគ្រោះមហន្តរាយ អង្គការ FAO បានអំពាវនាវឲ្យ​កាត់​បន្ថយ​ហានិភ័យ តាមរយៈគោលនយោបាយថ្មីៗ ក្នុងវិស័យកសិកម្ម។ អ្នកជំនាញ​អង្គការ FAO បាន​ផ្តល់អនុសាសន៍ថា គេត្រូវតែពិចារណា រកបច្ចេកទេសកសិកម្មថ្មីៗ ដូច​ជា​ការ​ផ្លាស់​​ប្តូរ​ពូជ​ដំណាំ និង​ការ​រៀបចំ​ផ្ទៃដីឲ្យមានម្លប់ និង​ការ​រើស​ចំណីសត្វ ព្រមទាំង​រិះរកប្រព័ន្ធទាញសញ្ញាអាសន្ន​ ដើម្បីបង្ការ​​គ្រោះមហន្តរាយ​។ ជាក់ស្តែង កាលពីឆ្នាំ​២០២០ និង២០២១ ការផ្តល់ព័ត៌មាន​បានមុន ទាន់ពេលវេលា បានជួយឲ្យគេអាចសង្គ្រោះដំណាំ ចំនួន២លាន​៣សែនហិកតានៅយេម៉ែន ពីការស៊ីបំផ្លាញ​របស់​សត្វកណ្តូបចង្រៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ