អានតួអត្ថបទ

អូស្រ្តាលី៖ពលរដ្ឋជនជាតិដើមភាគតិចបានត្រឹមសម្តែងកំហឹង និងភាពជូរចត់

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ពលរដ្ឋ​ជនជាតិដើមភាគតិច​បាន​សម្តែង​កំហឹង និង​ភាព​ជូរចត់​របស់​ខ្លួន​ក្នុង​ថ្ងៃ​អាទិត្យ ទី១៥ តុលា។ កំហឹង និង​ភាព​ជូរចត់​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ពលរដ្ឋ​បាន​បោះឆ្នោត​ច្រាន​ចោល​លើ​គម្រោង​បញ្ចូល​ជនជាតិដើមភាគតិច​ទៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ​នា​ការ​បោះឆ្នោត​ប្រជាមតិ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៤ តុលា។

Supporters of Yes vote reacts after listening to the results at a "Yes2023 Official Referendum Function" in Sydney on October 14, 2023. The first polls have closed in Australia's bitterly fought referendum on Indigenous rights, with early results suggesting voters are set to reject reforms to the 122-year-old constitution. (Photo by Saeed KHAN / AFP)
Supporters of Yes vote reacts after listening to the results at a "Yes2023 Official Referendum Function" in Sydney on October 14, 2023. The first polls have closed in Australia's bitterly fought referendum on Indigenous rights, with early results suggesting voters are set to reject reforms to the 122-year-old constitution. (Photo by Saeed KHAN / AFP) AFP - SAEED KHAN
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ដែល​ទទួល​បាន​នៅ​ក្រោយ​ការ​រាប់សន្លឹកឆ្នោត​ជាង ៧០% បាន​បង្ហាញ​ថា មាន​អ្នក​បោះឆ្នោត​ប្រមាណ​ជា ៦១% បាន​ឆ្លើយ « ទេ » ទៅ​នឹង​សំណួរ​ដែល​សួរ​ថា តើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩០១ គួរ​តែ​ធ្វើ​ការ​ផ្លាស់ប្តូរ​ដើម្បី​ទទួល​ស្គាល់​ជនជាតិដើមភាគតិច​ជា​ពលរដ្ឋ​ដែល​បាន​រស់​លើ​ទឹកដី​អូស្រ្តាលី​ដំបូង​គេ ឬ​អត់។ ទន្ទឹម​គ្នា​នេះ អ្នកបោះឆ្នោត​ក៏​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការ​បង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សាពិគ្រោះយោបល់​មួយ​ដែល​ហៅ « សំឡេង » ដើម្បី​ផ្តល់​ជា​គំនិត​ស្តីពី​ច្បាប់ និង​នយោបាយ​សាធារណៈ​ទៅ​កាន់​សភា និង​រដ្ឋាភិបាល​ទាក់ទង​នឹង​ជនជាតិដើមភាគតិច។ គួរ​បញ្ជាក់​ថា​នៅ​អូស្រា្តលី ការ​បោះឆ្នោត​ជា​កាតព្វកិច្ច​សម្រាប់​អ្នកបោះឆ្នោត​ទាំង ១៧លាន ៥សែន​នាក់។

តែ​ដើម្បី​ឲ្យ​គម្រោង​មួយ​អាច​អនុម័ត​ទៅ​បាន គឺ​ត្រូវ​តែ​មាន​សំឡេង​គាំទ្រ​ភាគច្រើន​ថ្នាក់ជាតិ​ផង និង​សំឡេង​គាំទ្រ​ពី​រដ្ឋ​ចំនួន ៤យ៉ាង​តិច​ក្នុង​ចំណោម​រដ្ឋ​ទាំង ៦ របស់​ប្រទេស​ផង។ ចំណោត​ត្រង់​ថា គម្រោង​ផ្លាស់ប្តូរ​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩០១ ដើម្បី​ទទួល​ស្គាល់ និង​ផ្តល់​សិទ្ធិ​ទូលំទូលាយ​ឲ្យ​ជនជាតិដើមភាគតិច​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​ថ្នាក់ជាតិ និង​ថ្នាក់​រដ្ឋ​ទេ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា​នៅ​ទីបំផុត ជនជាតិដើមភាគតិច​នឹង​គ្មាន​សំឡេង​នៅ​ក្នុង​សភា និង​បន្ត​មិន​ទទួល​ស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ​ជា​ពលរដ្ឋ​ដំបូង​គេ​រស់​លើ​ទឹកដី​អូស្រ្តាលី។ ដូច្នេះ​សម្រាប់​ក្រុម​ជនជាតិដើមភាគតិច​នៅ​អូស្រ្តាលី គឺ​គ្មាន​អ្វី​ក្រៅ​ពី​កំហឹង និង​ភាព​ជូរចត់​ឡើយ។

« ឥឡូវ​នេះ​ជា​ពេលវេលា​សម្រាប់​ភាព​ស្ងៀមស្ងាត់ សោកសៅ និង​គិត​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ផលវិបាក​នៃ​លទ្ធផល​បោះឆ្នោត» នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុម​មួយ​នៃ​សមាគម​អ្នកការពារ​ជនជាតិ​ដើមភាគតិច​អូស្រ្តាលី។ គួរ​បញ្ជាក់​ថា ជនជាតិដើម​ភាគ​តិច​អូស្រ្តាលី​បាន​តស៊ូ​ទាមទារ​តាំង​ពី​យូរ​ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ថ្នាក់​សហព័ន្ធ សិទ្ធិ​កាន់​ដីធ្លី​ប្រពៃណី​របស់​ពួក​គេ និង​សិទ្ធិ​ដើម្បី​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​នៅ​ក្នុង​សភា។ សព្វថ្ងៃ ជនជាតិភាគតិច​មាន​ប្រមាណ ៩៨៤ ០០០នាក់​ពោល​ស្មើ​នឹង ៣,៨% នៃ​ចំនួន​ពលរដ្ឋ​អូស្រ្តាលី​សរុប។ តាម​ពិត រឿងរ៉ាវ​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ និង​មិន​គាំទ្រ។ ក្នុង​ចំណោម​អ្នក​ប្រឆាំង​ក៏​មាន​ប្រធាន​បក្សប្រឆាំង​ម្នាក់​ដែរ។

តែ​សម្រាប់​ក្រុម​អ្នកអ្នកគាំទ្រ​យល់​ថា ការ​ទទួល​ស្គាល់​ជនជាតិដើមភាគតិច​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​រឿង​ចាំ​បាច់​ព្រោះ​វា​ចូលរួម​ព្យាបាល​ស្នាមរបួស​អតីតកាល​ដែល​សល់​ពី​សម័យ​អាណានិគមនិយម​អង់គ្លេស​កាល​ពី​ជាង ២០០ឆ្នាំ​មុន។ នាយករដ្ឋមន្រ្តី​អូស្រា្តលី​លោក​អង់តូនី អាល់បានី​ដែល​ជា​អ្នកគាំទ្រ​ម្នាក់​ដែរ​បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​សកម្ម​ដោយ​អំពាវនាវ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​លើ​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​អំពាវនាវ​របស់​លោក​អាល់បានី​នៅ​ជា​ការ​អំពាវនាវ​ដោយ​គ្មាន​អ្នក​ណា​ស្តាប់ និង​ធ្វើ​តាម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ