អានតួអត្ថបទ

ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ចិនចង់ធ្វើការជាមួយអេហ្ស៊ីបដើម្បីស្ថិរភាពតំបន់មជ្ឈិមបូព៌ា

នៅ​ក្នុង​ប្រទេស​ចិន ប្រធានាធិបតី​លោក​ស៊ី ជីនពីង​បាន​ថ្លែង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ តុលា​ថា ចិន​ចង់​ចូលរួម​ធ្វើ​ការ​ជាមួយ​អេហ្ស៊ីប​ដើម្បី​ស្វែង​រក​ស្ថិរភាព​ឲ្យ​តំបន់​មជ្ឈិមបូព៌ា។ លោក​ស៊ី​បាន​ថ្លែង​យ៉ាង​ដូច​នេះ​ប្រាប់​នាយករដ្ឋមន្រ្តី​អេហ្ស៊ីប​លោក​មូស្តាហ្វា អាល់ ម៉ាដប៊ូលី​ដែល​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​ផ្លូវ និង​ខ្សែក្រវ៉ាត់​លើកទី៣ ក្នុង​ក្រុង​ប៉េកាំង។

ប្រធានាធិបតីចិន​លោក​ស៊ី ជីនពីង​
ប្រធានាធិបតីចិន​លោក​ស៊ី ជីនពីង​ AFP - PEDRO PARDO
ផ្សាយពាណិជ្ជកម្ម

មាន​មូលហេតុ​សំខាន់​ចំនួន ៣​ដែល​បាន​ធ្វើ​ឲ្យ​ចិន​ចង់​ដើរ​តួនាទី​ជាមួយ​អេហ្ស៊ីប​ដើម្បី​ស្វែង​រក​ស្ថិរភាព​ឲ្យ​តំបន់​មជ្ឈិមបូព៌ា​ដែល​កំពុង​ផ្ទុះ​កញ្ជ្រោល​ដោយ​សង្រ្គាម​អ៊ីស្រាអែល និង​ហាម៉ាស ទី១ អេហ្ស៊ីប​មាន​ខ្សែ​ព្រំដែន​ជាប់​នឹង​តំបន់​ហ្កាហ្សា​ដែល​គ្រប់គ្រង​ដោយ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស ទី២ អេហ្ស៊ីប​ជា​អន្តរការី​ប្រពៃណី​ដ៏​យូរ​លង់​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស ហើយ​មូលហេតុ​សំខាន់​ទី៣ អេហ្ស៊ីប​ជា​ប្រទេស​អារ៉ាប់​ដំបូង​បង្អស់​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ១៩៧៩។

តាម​ទូរទស្សន៍​ចិន CCTV ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​ថ្លែង​ប្រាប់​នាយករដ្ឋមន្រ្តី​អេហ្ស៊ីប​លោក​មូស្តាហ្វា អាល់ ម៉ាដប៊ូលី​ថា ចិន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អេហ្ស៊ីប​នៅ​លើ​គ្រប់​វិស័យ និង​ធ្វើការ​ជាមួយ​អេហ្ស៊ីប​ដើម្បី​ស្វែង​ស្ថិរភាព​ពិតប្រាកដ​ឲ្យ​តំបន់​មជ្ឈិមបូព៌ា និង​ពិភពលោក។ តាម​លោក​ស៊ី ជីនពីង អាទិភាព​ដាច់​ខាត​ដែល​ត្រូវ​មាន​មុន​គេ​នៅ​ក្នុង​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ពេល​នេះ គឺ​ការ​បិទ​បញ្ចប់​សង្រ្គាម​ឲ្យ​បាន​ឆាប់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បញ្ជៀស​កុំ​ឲ្យ​សង្រ្គាម​មួយ​នេះ​រីករាលដាល ឬ​មិន​អាច​គ្រប់​បាន និង​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ។

តែ​ប្រធានាធិបតី​ចិន​ដដែល​រូប​នេះ​មិន​ភ្លេច​លើក​ឡើង​ពី​ដំណោះស្រាយ​សម្រាប់​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដោយ​បញ្ជាក់​ថា ដំណោះស្រាយ​ជា​មូលដ្ឋាន​ដើម្បី​បិទបញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ និង​អូសបន្លាយ​មួយ​នេះ គឺ​ការ​ឈាន​ទៅ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​មួយ​ឯករាជ្យ​រស់ក្បែរ​រដ្ឋ​អ៊ីស្រាអែល។ គួរ​បញ្ជាក់​ថា ចិន​បាន​រក្សា​ទំនាក់ទំនង​ល្អ​ទាំង​ជាមួយ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តែ​ក្នុង​ពេល​ជាមួយ​គ្នា ក្រុង​ប៉េកាំង​បាន​គាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន​តាំង​ពី​ច្រើន​ទសវត្សរ៍​ដោយ​ចាត់​ទុក​ប៉ាឡេស្ទីន​ជា​រដ្ឋ​មួយ និង​បាន​ទទូច​ឲ្យ​មាន​ដំណោះស្រាយ​រដ្ឋ​ពីរ។

មែនទែន​ទៅ និង​ក្រៅ​ពី​ចិន ដំណោះស្រាយ​រដ្ឋ​ពីរ​នៅ​ក្នុង​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​ក៏​ជា​ការ​ចង់​បាន​របស់​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែរ។ ដោយឡែក​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ តុលា​ដដែល ចិន​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោកស្រី​ម៉ាវ នីង​បាន​សម្តែង​ការ​ខក​ចិត្ត​ដែល​អាមេរិក​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តីសម្រេច​ស្តីពី​បញ្ហា​ប៉ាឡេស្ទីន​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​ថ្ងៃ​ពុធ ទី១៨ តុលា។ សេចក្តីសម្រេច​ដែល​ស្នើ​ដោយ​ប្រទេស​ប្រេស៊ីល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្អាក​បាញ់​គ្នា​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ដើម្បី​នាំ​ជំនួយ​មនុស្សធម៌​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា។

អាមេរិក​បាន​ពន្យល់​ហេតុផល​ដែល​ខ្លួន​បាន​បោះឆ្នោត​ប្រឆាំង​ថា គឺ​មក​ពី​សេចក្តីសម្រេច​នោះ​មិន​បាន​ចែង​ពី​សិទ្ធិ​របស់​អ៊ីស្រាអែល​ដើម្បី​ការពារ​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ