អានតួអត្ថបទ

របាយការណ៍៖ពិភពលោកកំពុងដើរលើផ្លូវខុសដោយមិនគោរពកិច្ចសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ

នៅ​ថ្ងៃ​អង្គារ ទី២៤ តុលា ក្រុម​អង្គការក្រៅរដ្ឋាភិបាល និង​អ្នកស្រាវជ្រាវ​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​ព្រៃឈើ​ក្នុង​លោក។ របាយការណ៍​បាន​ព្រមាន​ពី​កំណើន​នៃ​ការ​បន្ត​កាប់​បំផ្លាញព្រៃឈើ ទោះ​បី​ជា​ថ្នាក់ដឹកនាំ​ជាង ១០០ប្រទេស និង​ដែនដី​បាន​សន្យា​ក្នុង​ឆ្នាំ ២០២១ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​បាត់បង់​ព្រៃឈើ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ ក៏​ដោយ។

របាយការណ៍៖ពិភពលោកកំពុងដើរលើផ្លូវខុសដោយមិនគោរពកិច្ចសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ។
របាយការណ៍៖ពិភពលោកកំពុងដើរលើផ្លូវខុសដោយមិនគោរពកិច្ចសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ។ CARL DE SOUZA / AFP
ផ្សាយពាណិជ្ជកម្ម

ការ​វាយតម្លៃ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល និង​អ្នកស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​លើ​លោក​បាន​កើន​ឡើង ៤% ក្នុង​ឆ្នាំ ២០២២ និង​ថា ពិភពលោក​នៅ​មិន​ទាន់​ដើរ​ចំ​ផ្លូវ​ឆ្ពោះ​ទៅ​បំពេញ​កិច្ចសន្យា​ឆ្នាំ ២០៣០ ទេ។ ជា​សរុប​ក្នុង​ឆ្នាំ ២០២២ មាន​ការ​បាត់បង់​ព្រៃឈើ​ប្រមាណ ៦លាន ៦សែន​ហិចតា​ដែល​ភាគ​ច្រើន​ជា​ព្រៃឈើ​ធម្មជាតិ​នៅ​ក្នុង​តំបន់​ត្រូពិច។ លោកស្រី Erin Matson អ្នកនិពន្ធ​ម្នាក់​នៃ​របាយការណ៍​ក្រោម​ចំណងជើង « ការ​វាយតម្លៃ​នៃ​សេចក្តីថ្លែការណ៍​ស្តីពី​ព្រៃឈើ » បាន​គូសបញ្ជាក់​ថា កម្មវត្ថុ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ឆ្នាំ ២០៣០ មិនមែន​ធ្វើ​ឡើង​ដើម្បី​ដាក់​តាំង​ឲ្យ​ល្អ​មើល​ទេ តែ​វា​សំខាន់​ដើម្បី​ចូល​រួម​ថែរក្សា​បរិយាកាស​ដែល​អាច​រស់​នៅ​បាន​សម្រាប់​មនុស្សជាតិ។

ទន្ទឹម​គ្នា​នេះ របាយការណ៍​ក៏​បាន​លើក​ឡើង​ពី​ការ​ខូចខាត​ព្រៃឈើ​ដែល​នៅ​ជា​បញ្ហា​ចម្បង និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ទូទាំង​របស់​ព្រៃឈើ។ ការ​ខូចខាត​ព្រៃឈើ​ដែល​របាយការណ៍​ចង់​និយាយ​ក៏​មាន​បញ្ចូល​ពី​ភ្លើងឆេះ និង​ការ​បាត់បង់​ជីវៈចម្រុះ​ដែរ។ តែ​ស្រប​គ្នា​នឹង​ភាព​អវិជ្ជមាន របាយការណ៍​ដដែល​បាន​លើក​ឡើង​ពី​ភាព​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​ប្រមាណ​ជា ៥០ប្រទេស​ដែល​កំពុង​ដើរ​ចំ​ផ្លូវ​ឆ្ពោះ​ទៅ​បិទ​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ពិសេស​ប្រេស៊ីល ឥណ្ឌូណេស៊ី និង​ប្រទេស​ម៉ាឡេស៊ី។ ចំណុច​វិជ្ជមាន​បន្ទាប់​មក របាយការណ៍​បាន​សរសើរ​ច្បាប់​ថ្មី​របស់​សហភាព​អឺរ៉ុប​ដែល​សំដៅ​បិទខ្ទប់​ការ​នាំ​ចូល​គ្រប់​ផលិតផល​ដែល​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ។

តែ​របាយការណ៍​បាន​អំពាវនាវ​ឱ្យ​មាន​សកម្មភាព​ជា​សកល​កាន់​តែ​ខ្លាំង ពិសេស​បង្កើន​ខ្ទង់​ចំណាយ​សម្រាប់​ការពារ​ព្រៃឈើ និង​បិទ​បញ្ចប់​ប្រាក់​ឧបត្ថម្ភធន​ដល់​វិស័យ​ណា​ដែល​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ ដោយឡែក មូលនិធិពិភពលោក​ដើម្បី​ធម្មជាតិ​ WWF ក៏​បាន​យល់​ឃើញ​ថា ទោះ​ជា​មាន​កិច្ចសន្យា​ជា​សកល​តាំង​ពី​ឆ្នាំ ២០២១ ក៏​ដោយ​ក៏​ការ​បាត់បង់​ព្រៃឈើ​កំពុង​បន្ត​មាន ពិសេស​នៅ​តំបន់​ត្រូពិច​ដែល​ការ​បាត់បង់​មាន​ទំហំ​ប៉ុន​ផ្ទៃក្រឡាដី​របស់​ប្រទេស​ដាណឺម៉ាក។ អ្វី​ជា​ការ​កត់សម្គាល់ របាយការណ៍​របស់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល និង​អ្នកស្រាវជ្រាវ​បាន​ធ្លាក់​មក ខណៈ​ដែល​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ​គ្រោង​រៀបចំ​ក្នុង​ក្រុង​ឌូបៃ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ពី​ថ្ងៃទី៣០ វិច្ឆិកា​ដល់​ថ្ងៃទី១២ ធ្នូ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ