អានតួអត្ថបទ
ចិន-ជប៉ុន

នាយករដ្ឋមន្ត្រី​ជប៉ុនប្រាប់​​​លោក​ស៊ីជីនពីងថា​ខ្វល់​នឹង​សកម្មភាព​យោធា​ចិន

ក្នុង​ឱកាស​ជួប​ពិភាក្សា​គ្នា ក្រៅក្របខ័ណ្ឌ​​ជំនួប​APEC លោកនាយករដ្ឋមន្ត្រី​ជប៉ុន​ ហ្វូមីអូ គីស៊ីដា បាន​ប្រាប់​ប្រធានាធិបតី​ចិន​លោក​ស៊ីជីនពីង អំពី​ក្តី​ព្រួយ​បារម្ភ​របស់​ជប៉ុន​ជុំ​វិញ​សកម្មភាព​យោធា​ចិន​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​ជុំ​វិញ​កិច្ចសហការ​ចិន​ជាមួយ​រុស្ស៊ី។ ចំណែក​លោក​ស៊ី​ជីនពីងវិញ បានរំលឹក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ថា​ការ​បង្ហូរ​ទឹកពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគុស្ហ៊ីម៉ា​ប៉ះពាល់​ដល់​សុខភាព​មនុស្សជាតិ។

O primeiro-ministro japonês Fumio Kishida, à esquerda, e o presidente chinês Xi Jinping apertam as mãos antes de sua conversa bilateral à margem da cúpula da Cooperação Econômica Ásia-Pacífico
នាយករដ្ឋមន្ត្រី​ជប៉ុនប្រាប់​​​លោក​ស៊ីជីនពីងថា​ខ្វល់​នឹង​សកម្មភាព​យោធា​ចិន AP
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូមីអូ គីស៊ីដា ​បាន​ប្រកាស​តាម​កញ្ចក់ទូរទស្សន៍ជាតិ​​ជប៉ុនថា ចិន​និង​ជប៉ុន​បាន​ព្រមព្រៀង​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា និង​ជជែក​ពិភាក្សា​គ្នា​ក្រោម​គោលការណ៍​​ស្ថាបនា​ ព្រោះ​ប្រទេស​ទាំងពីរ​ជា​មហាអំណាច មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ​ត្រូវ​បង្ហាញ​វត្តមាន​ទន្ទឹម​គ្នា លូត​លាស់​រុងរឿង​រួម​គ្នា ដើម្បី​​ដឹកនាំ​តំបន់-​សង្គម​អន្តរជាតិ ពិភពលោក​ឆ្ពោះ​ទៅ​​រកសន្តិភាព​និង​ស្ថិរភាព​​​​។ លោក​នាយករដ្ឋមន្ត្រី​​បាន​លើកឡើង​ជា​ថ្មី​អំពី​សារៈ​សំខាន់​នៃ​សន្តិភាព​ក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​ សម្រាប់​សហគមន៍​អន្តរជាតិ​និង​ជប៉ុន​ផ្ទាល់​ទៅ​កាន់លោក​ប្រធានាធិបតី​ចិនស៊ី ជីនពីង ​ដោយ​បញ្ជាក់​អំពី​ការ​ព្រួយ​បារម្ភ​របស់​ជប៉ុន​ចំពោះ​សកម្មភាព​យោធា​ចិន​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​​បាន​ស្នើ​សុំ​ផង​ដែរ​ឱ្យ​ចិន​ដក​ពោង​ចេញ​ពី​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ជប៉ុន​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ គីស៊ីដា​ដដែល។

​តំបន់​ប៉ាស៊ីហ្វិក​បានស្គាល់​ភាព​តាន​តឹង ដោយ​ហេតុ​តែ​វត្តមាន​​​ចិន​​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ផង និង​សមយុទ្ធ​ចិន​ជុំ​វិញ​កោះ​តៃវ៉ាន់​ផង ព្រមទាំង​ការ​​​​​ពង្រីក​សកម្មភាពយោធា​កាន់​តែ​ខ្លាំង​និង​កាន់​តែ​ឆ្ងាយឡើងៗផង។ ​តូក្យូបាន​អះអាង​ថា​ កាលពី​ខែ​កញ្ញា ​​​នាវា​ចិន​ចំនួន​៦​គ្រឿង​ ក្នុង​ទម្រង់​ជា​​នាវា​ចម្បាំង នាវា​សង្គ្រាម នាវា​ប្រតិកម្ម​រហ័ស​ និង​នាវា​ផ្ទុក​យន្តហោះ​ស្ហានដុង ​បើក​មក​កៀក​កោះMIYAKOJIMAកោះ​​ភាគ​ខាង​ត្បូង​របស់​ជប៉ុន​ ប្រមាណ​តែ​៦៥០​គីឡូម៉ែត្រ​។ ជប៉ុន​ចាប់​បាន​សញ្ញា​ឧទ្ធម្ភាគចក្រ ​ហោះ​ចេញ​និងហោះ​ចុះ​លើ​នាវា​ស្ហានដុង​ទៀត តែ​ចិន​មិន​បញ្ជាក់​ជា​ផ្លូវ​ការ​ករណី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្ទ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​នេះ​ទេ។

​លោក​គីស៊ីដា បាន​អះអាង​ទៀត​ថា លោក​បាន​ស្នើ​សុំ​ដោយ​ទទូចទៅ​កាន់​​លោក​ ​ស៊ី ជីនពីង ឱ្យ​បញ្ចេញ​ប្រតិកម្ម​ដោយ​ស្ងប់ស្ងាត់​ដោយ​ឈរ​លើ​មូល​ដ្ឋាន​វិទ្យាសាស្ត្រ​ និង​លើក​ចេញ​ជា​បន្ទាន់នូវ​​បម្រាម​នាំ​ចូល​ផលិតផល​ចំណីអាហារ​ជប៉ុន។

ប៉ុន្តែបើ​តាម​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន ​​លោក​ប្រធានាធិបតី​ចិន​ស៊ីជីនពីង​ បានឆ្លើយ​តប​ទៅ​នឹង​​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​វិញ​ថា​ការ​បង្ហូរ​ទឹកចេញ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ាទៅ​ក្នុង​សមុទ្រ ប៉ះពាល់​ដល់​សុខភាព​មនុស្សជាតិ​ទាំងមូល​។ តែ​យ៉ាង​ណា​ក៏​ដោយ​ក៏​ចិន​និង​ជប៉ុន​ត្រូវ​តែ​ផ្ចង់​គិត​គូរ​លើ​​ប្រយោជន៍​រួម ហើយ​ចាត់ចែង​ទំនាស់​ឱ្យ​សម​រម្យ។ សម្រាប់​លោក​ប្រធានាធិបតី​ចិន ទំនាក់ទំនង​ចិន​ជប៉ុន​ មាន​តួនាទី​វិជ្ជមាន​សម្រាប់​ផ្តល់​សន្ទុះ​ដល់​សន្តិភាព​ វឌ្ឍនភាព​ និង​ភាព​រុងរឿង​ក្នុង​តំបន់។​​

ទោះបី​មាន​ទំនាស់​ប្រវត្តិសាស្ត្រ​និង​ដែន​ដីក៏​ដោយ​ ​តូក្យូ​និង​ប៉េកាំងគួរ​​ស្ថាបនា​ទំនាក់ទំនង​ទ្វេភាគី​ដោយ​សន្តិវិធី​ ដោយ​មិត្តភាព​ជា​និរន្ត​និង​មាន​កិច្ចសហប្រតិបត្តិការ​ផ្តល់​ប្រយោជន៍​ប្រកប​ដោយ​វឌ្ឍនភាព​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​ស៊ីជីនពីង​ ដែល​ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ