អានតួអត្ថបទ
ចិន-ភូមា

ចិនអះអាងថា​ ការ​ចរចា​រវាង​របបសិកភូមានិង​ក្រុមឧទ្ទាម​នៅខាងជើង បាន​​លទ្ធផល​​វិជ្ជមាន

រដ្ឋាភិបាលចិន បានបង្ហាញសេចក្តីត្រេកអរ នៅថ្ងៃចន្ទទី១១ធ្នូ ទាក់ទិននឹងលទ្ធផល​វិជ្ជមាន នៃការចរចាគ្នា រវាងរបបសិកភូមា និង​​ក្រុម​ឧទ្ទាម​នៅភាគខាងជើង។ ការចរចានេះ គឺស្ថិតក្រោម​ការផ្តួចផ្តើម និងអន្តរាគមន៍ពីសំណាក់ភាគីចិន ដើម្បីឈានទៅបិទបញ្ចប់​ការវាយប្រយុទ្ធគ្នា នៅក្បែរព្រំដែន​រវាងភូមានិងចិន​។

In this photo provided by the Kokang online media, members of an ethnic armed forces group, one of the three militias known as the Three Brotherhood Alliance, check weapons the group allegedly seized
រូបភាព​ផ្តល់​ឲ្យ​ដោយ Kokang online media៖ កម្លាំងរបស់​ក្រុមឧទ្ទាម សមាជិកនៃ​ Three Brotherhood Alliance កំពុងពិនិត្យ​គ្រឿងសព្វាវុធដែលកងទ័ពភូមា​បោះបង់ចោល ក្រោយ​ប្រយុទ្ធចាញ់ នៅ​ក្នុងរដ្ឋហ្សាន ថ្ងៃទី ២៤ វិច្ឆិកា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្និសីទកាសែត ព្រឹកថ្ងៃចន្ទទី​១១ធ្នូ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន បាន​លើកឡើងថា ចិនមានសេចក្តីត្រេកអរ រីករាយ ដែល​ឃើញភាគីជម្លោះនៅភាគខាងជើង​ភូមា អាច​ឈានចូលតុ ចរចាសន្តិភាព និងបានទទួលលទ្ធផល​វិជ្ជមាន​ថែមទៀត។ លោកស្រី​បន្ថែម ភាគីចិនសន្យា​នឹងបន្តជួយភូមា ​ដើម្បីឈានទៅសម្រេច​កម្មវត្ថុនេះ​។

លោកស្រីម៉ៅ នីង បានពន្យល់ថា បើស្ថានការណ៍​នៅភាគខាងជើងភូមា ឈានទៅ​រកភាពស្ងប់ស្ងាត់ មានសន្តិសុខ នោះវានឹងផ្តល់​អត្ថប្រយោជន៍​ដល់​ភាគីទាំងអស់នៃប្រទេសនេះ​ ហើយវាក៏ញ៉ាំងឲ្យ​មាន​សុខសុវត្ថិភាព​ នៅតាមបណ្តោយ​ព្រំដែន រវាង​ចិននិងភូមាដែរ​។

ដោយឡែក​ អ្នកយកព័ត៌មានបារាំង មិនអាចទទួល​បានការបញ្ជាក់ណាមួយ​ ពីភាគី​រដ្ឋាភិបាល​របបសិកភូមាបានទេ ទាក់ទិននឹងលទ្ធផល​វិជ្ជមាន​នៃការចរចាគ្នា ដែលភាគីចិនបានលើកឡើងខាងលើ។ កាលពីសប្តាហ៍​កន្លងទៅ កាសែត Global New Light of Myanmar បានចុះផ្សាយ​ថា រដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបសិកភូមា និង​លោក​លេខារងគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តយូណាន បានជួបប្រជុំគ្នានៅក្រុងគួនមីង។ យោងតាមកាសែតភូមានេះ ក្នុងពេលប្រជុំភាគីទាំង២បាននិយាយគ្នាអំពី​ បញ្ហាសន្តិភាព​ស្ថិរភាព នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំង​២។​

គួររំលឹកថា អស់រយៈពេលជាច្រើនខែមកហើយ ដែលក្រុមឧទ្ទាមជាច្រើនក្រុមនៅភាគខាងជើងភូមា បាន​បើកការប្រយុទ្ធ​តទល់​ជាមួយ​កងទ័ពរបបសិកភូមា។ កាលពីចុងខែតុលា ​ក្រុមឧទ្ទាម៣ក្រុមនៅរដ្ឋហ្សាន ​​បាន​ដណ្តើម​គ្រប់គ្រង ច្រកព្រំដែនសំខាន់ៗមួយចំនួនរវាងភូមានិងចិន ដែលសុទ្ធតែជាផ្លូវឆ្លងកាត់ នៃការដឹកជញ្ជូនទំនិញរវាងចិននិងភូមា​។ ផ្អែកតាម​ មន្ត្រីអង្គការសហប្រជាជាតិ យ៉ាងហោចណាស់ មានប្រជាជនស៊ីវីលចំនួន​២៥០នាក់ បានស្លាប់​ដោយសារការប្រយុទ្ធគ្នាចាប់ពីខែតុលា និងមានមនុស្ស​នប្រមាណ​៥សែននាក់ ដែលត្រូវបង្ខំចិត្ត​ភៀសខ្លួនពីផ្ទះសម្បែង។

ប្រឈមនឹងការវាយ​ប្រយុទ្ធ​ព្រមៗគ្នា ពីគ្រប់ទិសទី ពីសំណាក់ក្រុមឧទ្ទាមជនជាតិភាគតិចភូមា គេសង្កេតឃើញថា របបសិកភូមា ហាក់បានធ្លាក់ដៃទប់លែងជាប់។ អ្នកវិភាគជាច្រើន យល់​ឃើញថា បញ្ហានេះអាច​ជា​ការគំរាម​ដ៏ធំបំផុត ដល់អាយុជីវិតនៃរបបសិកភូមា របស់លោក មីន អ៊ុងឡាំង។ អន្តរាគមន៍របស់ចិននៅក្នុងរឿងនេះ គឺស្តែងឲ្យឃើញអំពី​ការព្រួយ​បារម្ភរបស់ចិន ព្រោះថាសង្គ្រាមផ្ទុះអាវុធនៅតាមព្រំដែនភូមា បានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនទំនិញរបស់ចិន។ បន្ថែមពីនេះ ចិន​មិនចង់ឃើញរបបសិកភូមាដួលរលំទេ ព្រោះរបបសិកភូមា​ គឺជាបង្អែក​មួយដ៏សំខាន់ អនុញ្ញាតឲ្យចិនមាន​ច្រកផ្លូវ​​ឆ្លងកាត់ ពីខេត្តយូណាន ឆ្ពោះមកកាន់​មហាសមុទ្ទឥណ្ឌា​ ដោយ​មិន​ចាំបាច់ឆ្លងកាត់​អាស៊ីអាគ្នេយ៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ