អានតួអត្ថបទ
លិទ្ធិប្រជាធិបតេយ្យ​នៅហុង

សកម្មជនប្រឆាំង​​ដើម្បីប្រជាធិបតេយ្យ​ហុងកុង រត់និរទេសខ្លួន​ទៅ​បរទេស​ ​ម្តងមួយៗ

ក្នុង​សប្តាហ៍​នេះ យុវជនហុងកុង​ តូនី ចុង បាន​ប្រកាស​ថា​រត់ភៀសខ្លួន​ទៅដល់​​ អង់គ្លេស ហើយ។ ​ ​​សកម្មជន​ដើម្បីលិទ្ធិប្រជាធិបតេយ្យ​ហុងកុងដ៏លេច​ធ្លោ រូបនេះ បាន​ផ្តល់​បទសម្ភាស​ជាច្រើន​ នៅថ្ងៃសុក្រ​ ទី​២៩ធ្នូ​។ ការភៀសខ្លួនទៅទីក្រុងឡុងដ្រ៍ របស់​យុវជន​វ័​យ​​២២ឆ្នាំនេះគឺបន្ទាប់ពី សកម្មនារីហុងកុង​ម្នាក់​ទៀត គឺ​​នាង​ អានីញ៉ែស ចូវ ​ ដែល​បាន​រត់និរទេស​ខ្លួន​ ដល់ប្រទេស​ ​កាណាដា​ កាលដើមខែធ្នូ​។

សកម្មជនដើម្បីលិទ្ធិប្រជាធិបតេយ្យហុងកុង យុវជន​ តូនី ចុង កំពុង​ថ្លែងសារ​នាឱកាស​បាតុកម្ម​ប្រឆាំង​ ពេលកន្លងទៅ​នៅហុងកុង។
សកម្មជនដើម្បីលិទ្ធិប្រជាធិបតេយ្យហុងកុង យុវជន​ តូនី ចុង កំពុង​ថ្លែងសារ​នាឱកាស​បាតុកម្ម​ប្រឆាំង​ ពេលកន្លងទៅ​នៅហុងកុង។ AP
ផ្សាយពាណិជ្ជកម្ម

ដើម្បីគេច​ពី​ក្រសែភ្នែក​ប៉ូលិស​​ហុងកុង យុវជន​ តូនី ចុង យកតាមខ្លួន​ ​ត្រឹមតែ​​បង្វេចស្ពាយ​មួយ​កាតាប  ហើយ​និង​កុហក​ថា ទៅដើរលេង​វិស្សមកាល​​នៅ​កោះ​អូគីណាវ៉ា ប្រទេស​ជប៉ុន​ ហើយនឹងត្រឡប់​​​មក​ហុងកុង​វិញ​ពេល​បុណ្យ​ទាន​ចប់​។ ក៏ប៉ុន្តែ ពេល​ជិះ​យន្តហោះទៅដល់ កោះ​អូគីណាវ៉ា តូនី ចុង ក៏​បាន​ទិញ​សំបុត្រ​បន្ត​ធ្វើ​ដំណើរ​​ទៅដល់​រាជធានីឡុងដ្រ៍។ ឡុងដ្រ៍ ប្រទេស​អង់គ្លេស ជាទី​ដែល ​ តូនី ចុង បាន​សុំ​សិទ្ធ​ជ្រកកោណ​នយោបាយ ដូច​រៀមច្បង​របស់គេ គឺ ​ណាថាន់ ឡ ហើយ​និង​កូនប្រុស​របស់​ចៅហ្វាយ​កាសែត​ប្រឆាំង​ ជីមី ឡៃ​ ។ សកម្មជន​​ដើម្បីលិទ្ធិប្រជាធិបតេយ្យ​ហុងកុង បាននាំគ្នារត់និរទេសខ្លួនទៅ​បរទេស​ ​ម្តងមួយៗ ខណៈពេល យុវជន ចូសហ័រ វុង មេក្រុម​ប្រឆាំង​ដ៏លេចធ្លោ កំពុងជាប់​ក្នុង​មន្ទីរឃុំឃាំង​ហុងកុង​នៅឡើយ​​។

ក្នុង​បទសម្ភាសជាមួយ​កាសែតបរទេស​ តូនី ចុង បកអាក្រាត​អំពើធ្វើ​ទុក្ខ​បុកម្នេញ​ និង​ការ​ឈ្លប​​​​តាម​ដានឃ្លាំមើល​ទាំង​ថ្ងៃទាំងយប់​​របស់​អាជ្ញាធរ​ហុងកុង។ ​អាជ្ញាធរ​ហុងកុង ក៏បាន​បញ្ចុះបញ្ជូល​​រូបគេ​ដែរ និងផ្តល់​ឲ្យ​លុយកាក់​ទាក់ទាញទឹកចិត្ត​ ដើម្បីឲ្យ​រូប​គេ​ផ្តល់​ដំណឹង​ឈាន​​ដល់​កា​រ​ចាប់ខ្លួន​ មេៗសកម្មជន​ប្រឆាំង​សំខាន់ៗ ១៣ នាក់ ដែល​រដ្ឋអំណាច​​ចេញប្រកាស​តាម​​ចាប់ខ្លួន។ ​នគរបាល​ហុងកុង ក៏​ស្នើ​យោបល់​ល្បួង​ចង់​នាំ​រូប​គេ​​ទៅ​ទស្សនា​ចិន​ដីគោក​។ ក៏ប៉ុន្តែ តូនី ចុង បាន​បដិ​សេធ​ដាច់​ខាត។ ចំពោះមុខ​ស្ថាន​ការណ៍ដ៏លំបាក គឺ​មាន​ជ​ម្រើស​ពីរ ដែល តូនី ចុង បាន​ពិចារណា​ថ្លឹងថ្លែង​ជាយូរ​មកហើយ។​ នោះគឺថា​ត្រូវ​បន្តជាប់​គុក​តទៅទៀត ឬ​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញពីហុងកុង។ ​

គួរ​ជ្រាបថា តាំងពី​នៅ​ជា​សិស្ស​វិទ្យាល័យ​មកម្ល៉េះ ដែល តូនី ចុង មាន​គំនិត​ប្រឆាំង​នឹង​រដ្ឋអំណា​ច។ ឆ្នាំ២០១៦ រូបគេ​បាន​ផ្តួច​ផ្តើម​បង្កើត​សមាគម​​សិស្ស​ក្នុងស្រុង ដើម្បី​អំពាវនាវ​ទាមទារ​ឯករាជ្យ​ហុងកុង ដាច់​ចេញពីអំណាច​ចិន​ប៉េកាំង​។​ សមាគម​នេះត្រូវរដ្ឋអំណាច​ហុងកុង​​រំលាយចោល នៅឆ្នាំ២០២០ ក្រោម​អំណាច​ឥទ្ធិពល​ច្បាប់​សន្តិសុខជាតិហុងកុង​ ដែល​តាក់តែង​ញាក់ខ្សែ​ដោយ​ចិន​ប៉េកាំង។ តូនី ចុង ត្រូវ​ចាប់ឃុំខ្លួន​និងកាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំកន្លះ ហើយក្រោយ​មក ត្រូវ​ដោះលែង​ឲ្យ​នោះក្រៅឃុំ​បណ្តោះអាសន្ន ជាថ្នូរ​នឹងប្រាក់ធានា។ រូបគេ​ត្រូវ​នគរបាល​កោះហៅចូល​ខ្លួន​ជាថ្មី​ ក្រោយ​ពី​បង្ហាញខ្លួន​​នៅ​មុខ​កុងស៊ុល​​អាមេរិក ជាមួយ​នឹង​មាន​ចេតនា​ដាក់ពាក្យ​សុំ​សិទ្ធ​ជ្រកកោន​នយោបាយ នៅ​អាមេរិក​។​

កាលពីថ្ងៃ​សុក្រ​ អ្នក​នាំពាក្យ​ស្ថានទូត​ចិន​នៅ​ទីក្រុង​ឡុងដ្រ៍​ បាន​ព្រមាន ​អង់គ្លេស​ ​ថា​ឲ្យនាំខ្លួន​ យុវជន តូនី ចុង និរទេសខ្លួន​គេ​ឲ្យ​ត្រឡប់​ទៅ​ហុង​កុងវិញ​ ដើម្បីប្រឈម​មុខ​នឹង​ការ​ជម្រះក្តី​​នៅតុលាការ​។​ ​ប៉ុន្តែ យុវជន​ តូនី ចុង សង្ឃឹមថា រដ្ឋាភិបាល​​អង់គ្លេស នឹងមិន​ធ្វើ​តាម​សំណើរ​បស់​ចិន​ឡើយ។​ ទោះជាយ៉ាងនេះក្តី តូនី ចុង​ ក៏​ថ្លែង​ក្តី​សោកស្តាយ ​ដែល​ត្រូវ​ចាក​ចោល​ស្រុកកំណើត ប្រហែល​ជា​រៀង​រហូត​ផង​ក៏មិនដឹង ដោយ​រំពឹង​ខ្លះៗ​ថា​ អាច​ត្រឡប់​ទៅហុងកុងវិញ នៅថ្ងៃណាមួយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ