អានតួអត្ថបទ
ស្បៀងអាហារ-កសិកម្ម

អង្គការFAO ថាតម្លៃទំនិញចំណីអាហារ បានចុះថោក១៣,៧% ក្នុងឆ្នាំ​២០២៣

អត្រាតម្លៃទំនិញចំណីអាហារ បានចុះថោកជាមធ្យម ចំនួន​១៣,៧% ក្នុងឆ្នាំ​២០២៣ បើប្រៀបធៀបទៅឆ្នាំមុន។ នេះ បើផ្អែកតាម​តួលេខប្រមូលដោយ​អង្គការ​សហប្រជាជាតិ ដើម្បីចំណីអាហារនិង​កសិកម្ម​ ហៅកាត់ថាអង្គការFAO។ ការធ្លាក់តម្លៃ បន្ទាប់ពី​ឆ្នាំ​២០២២ ទំនិញបានឡើងថ្លៃខ្លាំង ដោយសារតែអត្រា​​អតិផរណាកើនឡើងខ្ពស់​​ ក្នុង​បរិបទ​សង្គ្រាម​នៅអ៊ុយក្រែន​។

ហាងលក់ទំនិញចំណីអាហារមួយ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ថ្ងៃទី ៤ ធ្នូ ២០២៣
ហាងលក់ទំនិញចំណីអាហារមួយ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ថ្ងៃទី ៤ ធ្នូ ២០២៣ REUTERS - SHOKRY HUSSIEN
ផ្សាយពាណិជ្ជកម្ម

អង្គការFAO បានតាមដានជាប្រចាំ នូវការឡើងចុះនៃតម្លៃទំនិញចំណីអាហារ នៅទូទាំងពិភពលោក។ យោងតាមតួលេខប្រមូលបាន តម្លៃទំនិញចំណីអាហារ បានធ្លាក់ចុះចំនួន ១៣,៧%ជាមធ្យមក្នុងឆ្នាំ​២០២៣។ ជាក់ស្តែង តម្លៃគ្រាប់ធញ្ញជាតិ ដូចជាស្រូវសាឡីជាដើម គឺបានធ្លាក់ចុះចំនួន ១៥,៤% បើប្រៀបធៀបទៅឆ្នាំ​២០២២។ យោងតាមអង្គការ​ FAO ការធ្លាក់ចុះថ្លៃបន្តិចនេះ បានបង្ហាញថាស្តុកវត្ថុធាតុដើមចំណីអាហារ គឺមាន​គ្រប់គ្រាន់វិញហើយ​។

គួររំលឹកថា ឆ្នាំ​២០២២ ទំនិញគ្រប់មុខជាពិសេសចំណីអាហារ បានហក់ឡើងថ្លៃខ្លាំងបំផុត បន្ទាប់​ពី​សង្គ្រាម​​នៅអ៊ុយក្រែន បានផ្ទុះឡើង។ តម្លៃទំនិញខ្លះ ដូចជាគ្រាប់ធញ្ញជាតិ និង ប្រេងឆាជាដើម បានឡើងថ្លៃស្រឺតៗ បន្ទាប់ពីអ៊ុយក្រែន ត្រូវរុស្ស៊ីលើកទ័ពចូលមកឈ្លានពាន​។ អ៊ុយក្រែន គឺជាប្រទេស​ផលិតនាំចេញ ប្រេងឆាគ្រាប់​ផ្កាឈូករត្នន៍ ធំជាងគេបង្អស់ និងជាប្រទេសធំលំដាប់ទី៤ នាំចេញ​គ្រាប់ពោត​និងគ្រាប់ស្រូវសាឡី។

ផ្អែកតាម​អង្គការ FAO ក្នុងឆ្នាំ​២០២៣ មានកត្តាជាច្រើន ដែលបានធ្វើឲ្យ​ស្តុក​វត្ថុធាតុដើមចំណីអាហារ បានឡើងពេញវិញ។​ អ៊ុយក្រែនបានព្យាយាម​នាំចេញបាន​ខ្លះ ទោះបីក្នុងទំហំមួយតិចជាង​កាលពីមុនសង្គ្រាម។ មួយវិញទៀត​ គឺរុស្ស៊ីបានសំរុក​នាំចេញ​ខ្លាំង ក្នុងតម្លៃថោក ដើម្បីដណ្តើមទីផ្សារ​ពីអ៊ុយក្រែន​។ ចំណែក​អូស្ត្រាលីក៏បាននាំចេញគ្រាប់ធញ្ញជាតិច្រើនដែរក្នុងឆ្នាំកន្លងទៅ។ បន្ថែមពីនេះ ទិន្នផលដំណាំ​ពោត និងសណ្តែកសៀងនៅប្រេស៊ីល ក្នុងឆ្នាំ​២០២៣ គឺបានកើនឡើងខ្ពស់គួរឲ្យកត់សំគាល់។

ដោយឡែក តម្លៃអង្ករវិញ នៅក្នុងឆ្នាំ​២០២៣ បានឡើងថ្លៃចំនួន​ ២១%។ ផ្អែកតាម​ការពន្យល់របស់អ្នកជំនាញ​ តម្លៃអង្ករឡើងថ្លៃ គឺដោយសារតែមានការព្រួយបារម្ភ ទាក់ទិននឹង​បាតុភូតEl Ninõ ដែលអាចធ្វើ​ឲ្យប៉ះពាល់​ដល់​​ដំណាំស្រូវ និង​កត្តា​មួយទៀត គឺដោយសារតែឥណ្ឌាបានប្រកាសកាត់​បន្ថយទំហំអង្ករ​នាំចេញ។

ក្នុងចំណោមទំនិញចំណីអាហារដែលបានចុះថ្លែខ្លាំងបំផុត ក្នុងឆ្នាំ​២០២៣ គឺមានប្រេងធញ្ញជាតិ ដែលបានចុះ​ថ្លៃចំនួន​៣២,៧% ជាមធ្យម។ ប្រេងសណ្តែក បានចុះថ្លៃខ្លាំង ដោយសារ​វិស័យ​ផលិត​ប្រេងម៉ាស៊ីន​ដោយ​ប្រើប្រេងធញ្ជាតិ បាន​ចុះខ្សោយ និងដោយសារទិន្នផលល្អ​ នៃ​សណ្តែកសៀងនៅប្រេស៊ីល។ ដោយឡែក​ ស្ករសវិញ មិនបានចុះថ្លៃទេ គឺបានឡើងថ្លៃចំនួន ២៦,៧% មុននឹងចាប់ផ្តើមចុះថ្លៃប្រមាណ​១៦,៦%​វិញ នៅខែ​ធ្នូ។

ចំណែកផលិតផលធ្វើពីទឹកដោះគោវិញ បានចុះថ្លៃជាមធ្យម ២៣,៦% មុននឹងឡើងបន្តិចបន្តួចនៅខែធ្នូ ខ្ទង់១,៦%។ ផលិតផលសាច់សត្វ ដូចជាសាច់គោ សាច់មាន់ បានធ្លាក់ថ្លៃបន្តិចបន្តួច ពោលគឺ ៣,៥% ក្នុងឆ្នាំ​២០២៣។ ចិនដែលជាអ្នកនាំចូលទំនិញសាច់សត្វ ច្រើនជាគេ បាន​កាត់បន្ថយ​ការនាំចូល ដោយសារ​តែ​ជីវភាពសេដ្ឋកិច្ចប្រជាជនចិន ​ជួបការ​លំបាក។ ដោយឡែក ប្រជាជនចិន​ភាគច្រើន បាន​ងាក​​ទៅ​បរិភាគសាច់ជ្រូកវិញ ដែលធ្វើឲ្យតម្លៃសាច់ជ្រូកឡើងថ្លៃបន្តិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ