អានតួអត្ថបទ
កូរ៉េខាង​ជើង-មីស៊ីល

កូរ៉េខាង​ជើង​បាញ់​មីស៊ីល​បណ្តែតជាច្រើន​ទៅ​ក្នុង​សមុទ្រ​លឿង

ស្ថានភាព​តាន​តឹងនៅ​ឧបទ្វីប​កូរ៉េ​ពុំ​ស្គាល់​ភាព​​​ស្រាកស្រាន្តទេ។ នៅថ្ងៃពុធ​ទី ២៤​មករា​នេះ កូរ៉េខាង​ជើង​បាន​បាញ់​មីស៊ីល​បណ្តែត​ជា​ច្រើន​គ្រាប់​សំដៅ​សមុទ្រលឿង​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​កូរ៉េខាងត្បូង​។

ទូរទស្សន៍​កូរ៉េខាង​ត្បូង បង្ហាញ​បទ​យកការណ៍​ស្តី​ពី​ការបាញ់​មីស៊ីល​បណ្តែត​របស់​កូរ៉េខាង​ជើង ថ្ងៃទី​២៤​មករា​២០២៤
ទូរទស្សន៍​កូរ៉េខាង​ត្បូង បង្ហាញ​បទ​យកការណ៍​ស្តី​ពី​ការបាញ់​មីស៊ីល​បណ្តែត​របស់​កូរ៉េខាង​ជើង ថ្ងៃទី​២៤​មករា​២០២៤ AP - Lee Jin-man
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​​អគ្គទី​បញ្ជាការ​ដ្ឋាន​អន្តរយោធាកូរ៉េខាង​ត្បូង​ នៅវេលា​ម៉ោង​ប្រហែល​៧ព្រឹក​​ម៉ោង​នៅក្នុង​ស្រុក យោធា​កូរ៉េខាង​ត្បូង​ចាប់​បាន​សញ្ញា​បាញ់​មីស៊ីល​បណ្តែត​ជា​ច្រើន​គ្រាប់​ទៅ​កាន់​សមុទ្ទ​លឿង។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹងលក្ខណៈ​ពិសេស​របស់​​មីស៊ីល​បណ្តែត​នេះ នឹង​វិភាគ​ដោយ​ភ្នាក់ងារ​ចារកិច្ច​កូរ៉េខាង​ត្បូង​និង​អាមេរិក​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល។

ការ​បាញ់​សាកល្បង​មីស៊ីល​បណ្តែតរបស់​កូរ៉េខាង​ជើង​ទៅ​​​ក្នុង​អាកាស​មិន​រំលោភ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដូច​ការ​សាកល្បង​មីស៊ីលបាលីស្ទិក​ដែល​អាច​ពាំក្បាល​នុយក្លេអ៊ែរទេ​ ប៉ុន្តែ​ការ​បាញ់​នេះ​ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​កូរ៉េខាង​ត្បូង​កំពុង​ធ្វើ​លំហាត់​សឹក​​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥មករា អំពី​របៀប​ដែល​កង​កម្លាំង​ពិសេសលួច​​ជ្រៀតចូលតាម​ឆ្នេរ​ខាង​កើត​​នៅ​ពេល​មាន​បញ្ហា​សន្តិសុខ​ធ្ងន់ធ្ងរ​ជាមួយ​កូរ៉េខាង​ជើង។ ​ជា​បេសកកម្ម​​ជ្រៀត​ចូល​​​យ៉ាង​ជ្រៅ​ក្នុង​ដែន​ដី​សត្រូវ​ រួច​កម្ទេច​កម្លាំង​សត្រូវ​ទាំង​ស្រុង ​ក្នុង​គ្រប់​ស្ថានភាព​ណា។ នេះ​​បើ​តាមការ​លម្អិត​របស់​យោធា​ជើង​ទឹក​កូរ៉េខាង​ត្បូង។

ម្យ៉ាង​វិញ​ទៀត ស្ថានភាព​តាន​តឹង​រវាង​កូរ៉េទាំងពីរ​បានធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ទេ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​មក​នេះ​។ បង​ប្អូន​បង្កើត​ជា​គូ​សត្រូវ​នឹង​គ្នា​បាន​ព្យួរ​កិច្ចសហប្រតិបត្តិការ​យោធាបញ្ចៀស​ការ​ប៉ះទង្គិច​ជាយថាហេតុ​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០១៨​ ហើយ​បាន​ពង្រឹង​មធ្យោបាយ​យោធា​នៅ​តាម​ព្រំដែន​រៀងៗ​ខ្លួន និង​បង្កើន​លំហាត់​សឹក​ដោយ​បាញ់​គ្រាប់​ពិត​នៅ​ជិត​ព្រំ​ប្រទល់​គ្នា​ទេ។

ក្រៅ​ពី​ប្រកាស​ពន្លឿន​លក្ខណៈ​ត្រៀមធ្វើ​សង្គ្រាម​ បង្កើន​ការបាញ់​​សាកល្បង​មីស៊ីលអ៊ីពែរសូនិក ប្រព័ន្ធ​នុយក្លេអ៊ែរ​មុជទឹក ... ​កាលពី​សប្តាហ៍​មុន​​ មេដឹកនាំ​គីមជុងអ៊ុន បាន​ប្រកាស​ចាត់​ទុក​កូរ៉េខាង​ត្បូង​ជា​សត្រូវ រំលាយ​ភ្នាក់ងារ​អន្តររដ្ឋាភិបាល​ទទួល​បន្ទុក​បង្រួបបង្រួម​និង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាង​ត្បូង និង​បាន​គំរាមបំផ្ទុះ​​សង្គ្រាម​តែម្តង​បើ​អ្នក​ជិត​ខាង​ហ៊ាន​រំលោភ​ដែន​ដី​ខ្លួន​តែ​មួយ​មីល្លីម៉ែត្រ។ ខាង​ត្បូង​ក៏​ដំឡើង​សំឡេង​ដូច​គ្នា។ ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​ជា​អ្នក​អភិរក្ស​និយម​ យូន​ ស៊ុកយោល បាន​ព្រមាន​ថាសេអ៊ូល​នឹង​តប​តវិញ​ដោយ​កម្លាំង​ខ្លាំងក្លា​​ជា​ង​សត្រូវ​រាប់​រយ​ដង​ប្រសិនបើព្យុងយ៉ាង​ហ៊ាន​បង្ក​ហេតុ​មែន។ សម្រាប់​អាមេរិក​និង​កូរ៉េខាង​ត្បូង រាល់​ការថ្លោះថ្លោយ​វាយប្រហារ​របស់កូរ៉េខាង​ជើង នឹង​បាន​ទទួល​វិញ​នូវ​ការកម្ទេចបញ្ចប់​​របប​ព្យុងយ៉ាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ