អានតួអត្ថបទ
កូរ៉េខាងជើង-មីស៊ីល

អ្នកជំនាញ៖កូរ៉េខាងជើង​បាញ់សាកល្បងមីស៊ីលបណ្តែត មុនលក់ឲ្យ​រុស្ស៊ី​ធ្វើសង្រ្គាមនៅអ៊ុយក្រែន

នៅ​ថ្ងៃ​អង្គារ​ទី ៣០​មករា​នេះ អគ្គទីបញ្ជាការដ្ឋាន​អន្តរយោធា​កូរ៉េខាងត្បូង​អះអាងថា គេ​ចាប់បាន​សញ្ញា​បាញ់​សាកល្បងមីស៊ីលបណ្តែតរបស់កូរ៉េខាងជើង​សាជាថ្មី នៅសមុទ្រ​កូរ៉េខាងកើត។ ទីភ្នាក់ងារ​ព័ត៌មានរដ្ឋកូរ៉េខាងជើង​KCNA ទើបចុះផ្សាយ​កាលពីថ្ងៃចន្ទម្សិលមិញ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន​តាមដានផ្ទាល់ ការសាកល្បង​មីស៊ីល​បណ្តែតបាញ់ចេញពី​នាវាមុជទឹក នៅថ្ងៃអាទិត្យ​ទី​២៨​មករា។ អ្នកជំនាញ​ប្រចាំ​វិទ្យាសា្ថន​សម្រាប់ការសិក្សា​កូរ៉េខាងជើង ដោយ​បង្កើន​បាញ់​សាកល្បង​មីស៊ីលបណ្តែត ព្យុងយ៉ាង​ទំនង​ដៅ​បង្កើនការផលិតលក់មីស៊ីល​បណ្តែតទៅ​ឲ្យ​រុស្ស៊ី ធ្វើ​សង្រ្គាមនៅ​អ៊ុយក្រែន។ 

នៅ​ថ្ងៃ​អង្គារ​ទី ៣០​មករា​នេះ អគ្គទីបញ្ជាការដ្ឋាន​អន្តរយោធា​កូរ៉េខាងត្បូង​អះអាងថា គេ​ចាប់បាន​សញ្ញា​បាញ់​សាកល្បងមីស៊ីលបណ្តែតរបស់កូរ៉េខាងជើង​សាជាថ្មី នៅសមុទ្រ​កូរ៉េខាងកើត។
នៅ​ថ្ងៃ​អង្គារ​ទី ៣០​មករា​នេះ អគ្គទីបញ្ជាការដ្ឋាន​អន្តរយោធា​កូរ៉េខាងត្បូង​អះអាងថា គេ​ចាប់បាន​សញ្ញា​បាញ់​សាកល្បងមីស៊ីលបណ្តែតរបស់កូរ៉េខាងជើង​សាជាថ្មី នៅសមុទ្រ​កូរ៉េខាងកើត។ AP
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​តែ​១​សប្តាហ៍ កូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីល​បណ្តែត ដល់​ទៅ​៣ដង នៅ​សមុទ្រ​ខាងលិច​របស់ខ្លួន។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ចុះផ្សាយ​នៅថ្ងៃ​អង្គារ ទី ៣០​មករា អគ្គទីបញ្ជាការដ្ឋាន​អន្តរយោធា​កូរ៉េខាងត្បូងអះអាងថា គេ​ចាប់​បាន​សញ្ញា​បាញ់​មីស៊ីល​បណ្តែត​សាជាថ្មី នៅ​វេលា​ម៉ោង ៧​ព្រឹក ម៉ោង​នៅ​សេអ៊ូល។

តាម​អគ្គទីបញ្ជាការដ្ឋាន​កូរ៉េខាងត្បូង ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង និងអាមេរិក កំពុង​តាមដាន​វិភាគ​សកម្មភាព​របស់​កូរ៉េខាងជើង​យ៉ាង​កៀកកិត​បំផុត។

កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល​បណ្តែត គឺ​រំលងតែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA ចុះផ្សាយ​ថា នៅ​ថ្ងៃអាទិត្យ​ទី ២៨​មករា កូរ៉េខាងជើង ​សាកល្បង​មីស៊ីល​បណ្តែត ​បាញ់​ចេញ​ពី​នាវា​មុជទឹក នៅក្រោម​ការតាមដាន​មើលផ្ទាល់​របស់​មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន។

កូរ៉េខាងជើង​ធ្លាប់បាន​ប្រកាស​រួចហើយថា នៅ​ឆ្នាំ ២០២៤នេះ កូរ៉េខាងជើង​នឹង​សាកល្បង​សព្វាវុធ​ទំនើបៗ សេរីថ្មី ចុងក្រោយ​របស់ខ្លួន។ ជាក់ស្តែង ព្យុងយ៉ាង ទើប​សាកល្បង​ប្រព័ន្ធអាវុធនុយក្លេអ៊ែរ ក្រោមទឹក ដែលមានបេសកកម្ម​បង្កើត​រលកយក្សស៊ូណាមី ជន់លិច​មូលដ្ឋានទ័ព​របស់សត្រូវ។ បន្ទាប់មកទៀត កូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីល​បាលីស្ទិក អ៊ីពែសូនិក ដើរ​ដោយ​ចំហេះរឹង ដែល​ជា​បច្ចេកវិទ្យាទំនើបចុងក្រោយ​ដើម្បី​សម្រួល​ដល់ការផ្លាស់ទីតាំង​បាញ់មីស៊ីល មិន​ឲ្យ​សត្រូវងាយចាប់សញ្ញាបាន។ តាំង​ពីថ្ងៃ​ពុធ ទី ២៤ រហូត​ដល់​ថ្ងៃ​អង្គារ​នេះ ព្យុងយ៉ាង​សាកល្បង ដល់​ទៅ​៣លើក មីស៊ីល​បណ្តែត​របស់ខ្លួន ដែលនៅក្នុងនោះ មួយលើក មីស៊ីលបណ្តែត​ត្រូវ​បាញ់​ចេញពី​នាវាមុជទឹក។

ផ្ទុយពីមីស៊ីល​បាលីស្ទិក​ដែលត្រូវ​អង្គការ​សហប្រជាជាតិ ហាមមិន​ឲ្យ​សាកល្បង ព្រោះ​វា​មាន​សមត្ថភាព​បាញ់ទៅ​ឆ្ងាយ និង​អាច​ពាំនាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ មីស៊ីល​បណ្តែត​មិនជាប់​ក្នុង​បម្រាម​របស់​អង្គការ​សហប្រជាជាតិ។

ប៉ុន្តែ មីស៊ីល​ប្រភេទ​នេះ ​ដែល​អាច​បាញ់​ចេញ​យន្តហោះ ឬ​នាវាមុជទឹក អាច​ហោះបណ្តែត​ខ្លួន​ក្នុង​កំពស់​ទាប ពិបាក​នឹង​ធ្វើ​ឲ្យរ៉ាដា អាច​ចាប់សញ្ញា​បាន បើប្រៀបធៀប​នឹង​មីស៊ីល​បាលីស្ទិក។ នៅសប្តាហ៍មុននេះ កូរ៉េខាងជើង​អះអាងថា ខ្លួន​បាន​បាញ់​សាកល្បង​មីស៊ីល​បណ្តែត​ទំនើប​សេរី​ចុងក្រោយ​បំផុត។

សម្រាប់​អ្នកជំនាញ ប្រចាំ​វិទ្យាស្ថាន​ដើម្បីការសិក្សា​កូរ៉េខាងជើង ដោយ​បង្កើន​ការបាញ់សាកល្បង​មីស៊ីល​បណ្តែត ម្តងហើយ ម្តងទៀត យ៉ាងដូច្នេះ កូរ៉េខាងជើង​ទំនង​សម្រួចសម្រាំង​មីស៊ីល​បណ្តែត​សម្រាប់​លក់​ឲ្យ​រុស្ស៊ី។ លោក​Ahn Chan-il​ដែលធ្លាប់រត់គេចចេញពីកូរ៉េខាងជើង និង​បាន​ក្លាយជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថានខាងលើ និយាយថា លោក​ជឿថា កូរ៉េខាងជើង​បាន​ទទួល​ការបញ្ជាទិញ​មីស៊ីល​បណ្តែត​ពី​រុស្ស៊ី។ ដូច្នេះ កូរ៉េខាងជើង​ចាំបាច់​ត្រូវ​សាកល្បង មីស៊ីល​ប្រភេទនេះ ឲ្យ​បានយ៉ាងតិច ៥ដង មុន​នឹង​យក​ទៅ​ប្រើ​នៅ​ក្នុងសមរភូមិ។

អាមេរិក និង​កូរ៉េខាងត្បូង​ធ្លាប់​ចោទប្រកាន់​កូរ៉េខាងជើង​ថា បានផ្គត់ផ្គង់លក់​អាវុធទៅ​ឲ្យ​រុស្ស៊ី សម្រាប់ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន។

ម្យ៉ាង ដោយ​សាកល្បង​មីស៊ីល​ជាញឹកញាប់ នៅសមុទ្រ​កូរ៉េ ព្យុងយ៉ាង​កំពុង​អុកឡុក បង្វែងដាន​របស់​ប្រព័ន្ធ​ស៊ើបការណ៍​របស់​កូរ៉េខាងត្បូង និងអាមេរិក។ នៅ​ខែ ធ្នូ​កន្លងទៅ ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​របស់កូរ៉េខាងត្បូង​ធ្លាប់​ចេញសេចក្តីថ្លែងការណ៍​ព្រមាន​ថា នៅ​ឆ្នាំ ២០២៤នេះ កូរ៉េខាងជើង​នឹង​បង្កើតសកម្មភាព​យោធា និង​វាយប្រហារ​ព័ត៌មាន​វិទ្យា ក្នុងគោលដៅ វាយប្រហារ រំខានយុទ្ធនាការ​ការបោះឆ្នោត នៅ​អាមេរិក និង​នៅ​កូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ