អានតួអត្ថបទ
ចិន-កូរ៉េខាង​ជើង

អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​ទៅ​ព្យុងយ៉ាង ក្នុង​ពេល​កូរ៉េខាងជើង​បង្កើន​ការ​គំរាមកំហែង​សេអ៊ូល

លោក ស៊ុន វៃទុង (Sun Weidong) អនុរដ្ឋមន្ត្រីក្រសួងការបរទេស​ចិន បាន​ទៅដល់​និង​ជួបពិភាក្សា​ជាមួយ​​សមភាគី​​កូរ៉េខាង​ជើង នៅ​ទីក្រុង​ព្យុងយ៉ាង នា​ថ្ងៃ​សុក្រម្សិលមិញ​។ នេះ​បើ​តាមសេចក្តី​ផ្សព្វផ្សាយ​​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង KCNA នៅ​ថ្ងៃ​សៅរ៍ទី២៧មករា២០២៤។ 

អនុរដ្ឋមន្ត្រីការបរទេស​ចិន លោក Sun Weidong (ឆ្វេង) ស្វាគមន៍​ដោយ​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាង​ជើង នៅ​អាកាសយានដ្ឋានក្រុង​ព្យុងយ៉ាង។
អនុរដ្ឋមន្ត្រីការបរទេស​ចិន លោក Sun Weidong (ឆ្វេង) ស្វាគមន៍​ដោយ​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាង​ជើង នៅ​អាកាសយានដ្ឋានក្រុង​ព្យុងយ៉ាង។ AP - Cha Song Ho
ផ្សាយពាណិជ្ជកម្ម

បើ​តាម​របាយការណ៍​ដ៏​ខ្លី​ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង ប្រតិភូ​នៃ ក្រសួង​ការបទេស​ចិន ដឹកនាំ​ដោយ​សមមិត្ត​ ស៊ុងវៃទុង អនុរដ្ឋមន្ត្រីការបរទេស​ បាន​មក​ដល់​ក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃទី​២៥​មករា និង​បាន​ជួបពិភាក្សា​ជាមួយ​សមភាគី​កូរ៉េខាង​ជើង​ដឹកនាំ​ដោយ​សមមិត្ត​ ប៉ាក់ ម្ញ៉ុងហូ នៅ​វិមាន​ប្រជាជន។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោកស្រី ចយសុងហ៊ី ក៏​មាន​វត្តមាន​នា​ឱកាស​នោះដែរ។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង​ដដែល​ដោយ​លម្អិត​ទៀត​ថា ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តាកទិក​និងទៅ​តាម​​​ល្បឿន​រៀងៗ​ខ្លួន ក្នុង​បុព្វហេតុ​ការពារ​ផលប្រយោជន៍​ជាមូលដ្ឋាន​គ្រឹះ​រួម​។

កាលពី​ខែ​មករា មេដឹកនាំ​កូរ៉េខាង​ជើង​លោក គីម ជុងអ៊ុន​ បាន​ប្រកាសថា​ ព្យុងយ៉ាង​និង​ប៉េកាំង​ សម្រេច​យក​​២០២៤ ជា​ឆ្នាំ​មិត្តភាព​រវាង​កូរ៉េខាង​ជើង​និង​ចិន ដោយ​ប្រទេស​ទាំងពីរ​នឹង​ពន្លឿន​ការ​ផ្តោះប្តូរ និង​ទស្សនកិច្ច​ ក្នុង​គ្រប់​វិស័យ​រាប់​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌ ឱ្យ​បាន​ស្វាហាប់​បំផុត។ ផ្ទុយ​នឹង​សារ​បើក​ទំព័រប្រវត្តិសាស្ត្រថ្មី​នៃទំនាក់ទំនង​ប្រទេស​ទាំងពីរ កូរ៉េខាង​ជើង​​បាន​ចាត់​ទុក​កូរ៉េខាង​ត្បូង​ជា​សត្រូវ។

ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​​ចិន​នៅ​ព្យុងយ៉ាង​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ព្យុងយ៉ាង​បង្កើន​ការ​គំរាមកំហែងបំផ្ទុះ​​សង្គ្រាម​កាន់​តែខ្លាំងឡើងៗប្រឆាំង​នឹង​សេអ៊ូល​និង​វ៉ាស៊ីនតោន និង​​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាង​ជើង​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​ប្រធានាធិបតី​ពូទីន នៅទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​មួយ​ទៀត​របស់​កូរ៉េខាង​ជើង។ ​តាំងពី​ផ្ទុះ​សង្គ្រាម​នៅអ៊ុយក្រែន​មក រុស្ស៊ី​និង​កូរ៉េខាង​ជើងបាន​បង្កើន​​ទំនាក់ទំនងយោធា​កាន់​តែ​ស្អិត​ល្មួត តែ​ជា​សម្ព័ន្ធភាព​យោធា​ដ៏​គ្រោះថ្នាក់​សម្រាប់ក្រសែ​ភ្នែក​សហរដ្ឋ​​អាមេរិកដែល​អំពាវនាវ​ឱ្យ​ចិន​ជួយ​ទប់​មហិច្ឆតា​របស់​ព្យុងយ៉ាង។

ក្នុង​ពេល​ដែល​​លោក​ស៊ុន វៃទុង​ ​កំពុង​ស្ថិត​នៅ​​ក្រុង​​ព្យុងយ៉ាងនេះ ​ទីប្រឹក្សា​សន្តិសុខជាតិ​​អាមេរិក លោក ជេក ស៊ូលីវ៉ាន់ កំពុង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី នៅ​ប្រទេស​ថៃ​ ដើម្បី​សម្រប​សម្រួល​ទំនាក់ទំនងទ្វេ​ភាគី​​អាមេរិក​ចិន​ឱ្យ​បាន​ប្រសើរ​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ