អានតួអត្ថបទ
ប៉ាគីស្ថាន-ភេរវកម្ម

មុន​បោះឆ្នោតសភាជាតិ​​មួយ​ថ្ងៃ ប៉ាគីស្ថានរង​ភេរវកម្ម​ពីរស្លាប់មនុស្ស​​២៤​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​២៤​នាក់ និង​របួស​ជា​ច្រើន​នាក់ នៅ​ក្នុង​ការ​បំផ្ទុះ​ភេរវកម្ម​ពីរ​កន្លែង ​ដាច់​ដោយឡែក​ពី​គ្នា ​ក្នុង​ខេត្ត​បាលូឈីស្ថាន ភាគ​និរតី​នៃ​ប្រទេស​ប៉ាគីស្ថាន។ គ្រាប់ប​ង្កៃ​បាន​ផ្ទុះ​នៅ​ក្បែរ​ការិយាល័យ​របស់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​សភា​និង​ក្រុមប្រឹក្សា​ខេត្ត​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៨​កុម្ភៈ​២០២៤។

ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្បែរ​ការិយាល័យ​បោះឆ្នោត​មួយ ក្នុង​ខេត្ត​បាលូឈីស្ថាន
ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្បែរ​ការិយាល័យ​បោះឆ្នោត​មួយ ក្នុង​ខេត្ត​បាលូឈីស្ថាន © Zain Ullah / AP
ផ្សាយពាណិជ្ជកម្ម

គ្រាប់បង្កប់​​​ទី​មួយ​បាន​ផ្ទុះ​នៅចម្ងាយ​៥០គីឡូម៉ែត្រ​ពីក្រុង​Quetta ​ទីរួម​ខេត្ត​បាលូឈីស្ថាន​ជិត​ការិយាល័យ​របស់​បេក្ខជនឯករាជ្យ​ម្នាក់ ដែល​ចូល​រួម​ឈរ​ឈ្មោះបោះឆ្នោត​​ជា​តំណាង​​ក្រុមប្រឹក្សា​​ខេត្ត។​ ភេរវកម្ម​នេះ​បាន​​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​១២នាក់ និង​របួស​២៥​នាក់។ នេះ​បើតាម​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន។ ចំណែក​គ្រាប់​ទី​ពីរ ត្រូវ​បាន​គេ​យក​មក​បង្កប់​និងបំផ្ទុះ​នៅ​ជិត​ការិយាល័យ​បោះឆ្នោត​របស់​បេក្ខជន​បក្ស​អភិរក្សសាសនា​ Jui-F មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ធំ​របស់​ក្រុង​Killa Saifullah ដែល​នៅ​ជ្រុង​ម្ខាង​ទៀត​នៃក្រុង​កេតតា​ ​(ក្នុង​ចម្ងាយ​ប្រមាណ​១៥០គីឡូម៉ែត្រ​) ខេត្ត​បាលីឈីស្ថានដដែល។ មាន​ស្លាប់យ៉ាង​ហោច​ណាស់​១២នាក់ដែរ។

ខេត្ត​បាលូឈីស្ថាន ជាប់​ព្រំដែន​អាហ្វហ្កានីស្ថាននិងអ៊ីរ៉ង់ សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិរ៉ែ និង​ឧស្ម័ន​នៅ​​ក្រោម​ដី​​ ធ្លាក់​ក្នុង​ភាព​ហិង្សា​តាំងពី​យូរ​ឆ្នាំ​ហើយ ពី​សំណាក់​​ក្រុម​ផ្តាច់​ទឹក​ដី និង​ក្រុម​ជីហាត​និយម​ដូច​ជា​ក្រុម​ភេរវនិយម​អង្គការរដ្ឋ​អ៊ីស្លាម។ ដូច្នេះ​ការ​វាយប្រហារ​ភេរវកម្ម​ពីរ​ផ្ទួន​គ្នា​នេះ មិន​រំខាន​ដល់​ការ​បោះឆ្នោត​ទេ។ ប្រជាពលរដ្ឋ​​នឹង​ទៅ​បោះឆ្នោត​សភា​ ​ដោយ​គ្មាន​ព្រួយ​បារម្ភ​ឡើយ។ នេះ​បើតា​ម​ការ​អះអាង​របស់​លោក​ Jan Achakzai រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ប្រចាំ​ខេត្ត​បាលូឈីស្ថានដដែល។

សូម​បញ្ជាក់​ថា ប៉ាគីស្ថាន​ត្រូវ​រៀប​ចំ​បោះឆ្នោត​សភា​និង​ក្រុមប្រឹក្សា​ខេត្ត​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​កុម្ភៈ​ស្អែក។ ថ្ងៃ​បោះឆ្នោត​កាន់​តែ​ខិត​មក​ដល់ អំពើ​ហិង្សា​កើត​មាន​កាន់​តែ​ច្រើន។ មាន​យ៉ាង​ហោចណាស់​បេក្ខជន​ពីរ​រូប​ហើយ​បាន​ស្លាប់​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ជាង​១០នាក់​ផ្សេង​ទៀត ត្រូវរង​ការ​វាយប្រហារ។ ប្រឈម​នឹង​អំពើ​ហិង្សា​បែប​នេះ​ ប៉ាគីស្ថាន​បាន​ពង្រាយ​កង​កម្លាំងជាង​កន្លះ​លាន​នាក់​ដើម្បី​​ការ​ពារ​សុវត្ថិភាព​ក្នុង​ថ្ងៃ​បោះឆ្នោត​ដែល​មាន​បើក​ការិយាល័យ​ជាង​៩ម៉ឺន​កន្លែង។

ក្រៅ​ពី​អំពើ​ហិង្សា​ ការ​បោះឆ្នោត​សភា​ប៉ាគីស្ថានប្រលាក់​ប្រលូស​ដោយ​ភាព​មិន​ទុក​ចិត្ត ត្បិត​ប្រមុខ​បក្ស​ប្រឆាំងដ៏​ពេញ​និយម និង​​ជា​​អតីត​នាយករដ្ឋមន្ត្រី​ លោក​អ៊ីមរ៉ាន់ខាន់ ត្រូវ​ជាប់​ឃុំ​ឃាំង ហើយ​គណបក្ស​លោក​រង​ការ​បង្ក្រាប​យ៉ាង​ខ្លាំង។ ភាព​វឹកវរ​នយោបាយ​បូក​ផ្សំ​នឹង​ការ​ធ្លាក់​ចុះ​ផ្នែក​សន្តិសុខ​និង​សេដ្ឋកិច្ច ពលរដ្ឋ​ប៉ាគីស្ថាន​អស់​សង្ឃឹម​យ៉ាង​ខ្លាំង។ បើតាម​វិទ្យាស្ថាន​ស្ទង់​មតិ​ ក្នុងចំណោម​ពលរដ្ឋ​ប៉ាគីស្ថាន​១០នាក់ ៧​នាក់​គ្មាន​ជំនឿ​លើ​ការ​បោះឆ្នោត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ