អានតួអត្ថបទ
ប៉ាគីស្ថាន-បោះឆ្នោត

ប៉ាគីស្ថានរៀបចំការបោះឆ្នោត ក្រោម​ខ្សែញាក់​របស់​ពួក​កងទ័ព

ប៉ាគីស្ថាន​រៀបចំ​ការបោះឆ្នោត​សភា នៅក្នុង​បរិយាកាស​ដ៏អាប់អួរ​ដោយសារ​ ​អំពើហិង្សា ភេរវកម្ម​សម្លាប់មនុស្ស និង​ភាពវឹកវរ​នយោបាយ ដែលនៅ​ក្នុង​នោះ មេដឹកនាំ​បក្ស​ប្រឆាំង ដែលជា​អតីត​នាយករដ្ឋមន្រ្តី ដ៏មានប្រជាប្រិយភាព ត្រូវ​ចាប់ដាក់ពន្ធនាគារ មិន​ឲ្យចូលរួមនៅក្នុងការបោះឆ្នោត។ ប្រឈម​នឹង​ការគំរាមកំហែង​សន្តិសុខ ប៉ាគីស្ថាន​ពង្រាយ​កម្លាំងប្រដាប់អាវុធ ជាង​៦សែននាក់ ដើម្បី​រក្សា​សន្តិសុខ នៅតាម​ការិយាល័យ​បោះឆ្នោត។ ក្រសួងមហាផ្ទៃ​វិញ ប្រកាស​ផ្អាកបណ្តោះអាសន្ន បណ្តាញ​ទូរស័ព្ទ នៅទូទាំងប្រទេស នៅក្នុង​ហេតុផល​សន្តិសុខ។ 

ប៉ាគីស្ថានកាត់ផ្តាច់ទូរស័ព្ទ អ៊ីនធ័រនែត និងពង្រាយកម្លាំងទាហាន​ជាង​៦សែននាក់ នៅថ្ងៃបោះឆ្នោត​សភា នៅក្នុង​បរិយាកាស​ដ៏អាប់អួរ​ដោយសារ​ ​អំពើហិង្សា ភេរវកម្ម​សម្លាប់មនុស្ស និង​ភាពវឹកវរ​នយោបាយ
ប៉ាគីស្ថានកាត់ផ្តាច់ទូរស័ព្ទ អ៊ីនធ័រនែត និងពង្រាយកម្លាំងទាហាន​ជាង​៦សែននាក់ នៅថ្ងៃបោះឆ្នោត​សភា នៅក្នុង​បរិយាកាស​ដ៏អាប់អួរ​ដោយសារ​ ​អំពើហិង្សា ភេរវកម្ម​សម្លាប់មនុស្ស និង​ភាពវឹកវរ​នយោបាយ REUTERS - FAYAZ AZIZ
ផ្សាយពាណិជ្ជកម្ម

នៅប៉ាគីស្ថាន ការិយាល័យបោះឆ្នោត​ចាប់ផ្តើម​ដំណើរការ​បានតែបន្តិច ក្រសួង​មហាផ្ទៃ​ចេញមក​ប្រកាស​ផ្អាកជា​បណ្តោះអាសន្ន បណ្តាញទូរស័ព្ទ​ឆ្លើយឆ្លង​នៅទូទាំងប្រទេស នៅក្នុង​ហេតុផល​សន្តិសុខ។ តាម​Netblocks ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​អ៊ីនធ័រនែត និង​សន្តិសុខ​ព័ត៌មាន នៅ​ប៉ាគីស្ថាន បណ្តាញ​អ៊ីនធ័រនែត​នៅក្នុង​ទូរស័ព្ទដៃ​ក៏រអាក់រអួល​ដែរ។ ប្រធាន​Netblocks លោក​Alp Toker ​បាន​បរិហារ​ការកាត់ផ្តាច់​អ៊ីនធ័រនែត​ថា ជា​ការអនុវត្ត​ប្រឆាំង​លទ្ធិ​ប្រជាធិបតេយ្យ។

ក្រៅពី​ផ្អាកបណ្តាញទូរស័ព្ទ ប៉ាគីស្ថាន ដែល​កំពុង​ប្រឈម​នឹង​អំពើហិង្សា ការវាយប្រហារ​ភេរវកម្ម បន្តបន្ទាប់គ្នា បាន​ពង្រាយ​កងកម្លាំង ប៉ូលិស យោធា​ជាង ៦សែន ៥ម៉ឺននាក់ ដើម្បី​ធានា​សន្តិសុខ នៅតាម​ការិយាល័យ​បោះឆ្នោត នៅទូទាំង​ប្រទេស។ នៅព្រឹក​ថ្ងៃ​បោះឆ្នោត​នេះ​ផ្ទាល់ ការបំផ្ទុះគ្រាប់បែក នៅ​ការិយាល័យ​បោះឆ្នោតមួយកន្លែង ក្នុង​ខេត្ត​បាលូឈីស្ថានបាន​សម្លាប់​កងរក្សាសន្តិសុខ​២រូប។ គឺ​នៅក្នុងខេត្ត​នេះហើយ ដែលក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ប្រកាសចេញមុខ​ថា ខ្លួនជាអ្នកដាក់បង្កប់ បំផ្ទុះគ្រាប់បែក នៅក្បែរ​​គណបក្ស​នយោបាយ ដែល​សម្លាប់​មនុស្ស ២៨នាក់ កាលពីថ្ងៃ​ពុធ​ម្សិលមិញ។

នៅក្នុងហេតុផល​ការពារ​សន្តិសុខ​នៅក្នុងថ្ងៃបោះឆ្នោត ​ក្រសួង​ការបរទេស​ប៉ាគីស្ថាន​ប្រកាស​បិទព្រំដែនពេញមួយថ្ងៃ ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ង់។ គួរបញ្ជាក់ថា សន្តិសុខ​ក្នុងប្រទេស​ប៉ាគីស្ថាន​បាន​ធ្លាក់ចុះ កាន់តែអាក្រក់ ​ចាប់តាំង​ពី​ក្រុមតាលីបង់​ត្រលប់​ចូលកាន់​អំណាច នៅ​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ ២០២១។

ក្រៅពី​បញ្ហា​អសន្តិសុខ និងអំពើហិង្សា ប៉ាគីស្ថាន​កំពុង​ជួប​ភាពវឹកវរ​នយោបាយ គ្មានទីបញ្ចប់។ នៅ​ក្នុង​បោះឆ្នោត ដែល​មានការចូលរួម​គណបក្ស​នយោបាយ​ចំនួន៤៤​សម្រាប់​អាសនៈ​ចំនួន​ ៣៦៦នៅសភា ប្រជាជន​ប៉ាគីស្ថាន​ប្រមាណ ៧០%​បង្ហាញថា ពួកគេ​គ្មានទំនុកចិត្ត​លើ​ការបោះឆ្នោត។ គ្មាន​ការជឿជាក់​លើ​ការបោះឆ្នោត ព្រោះថា មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏មាន​ប្រជាប្រិយភាព និងជាអតីត​នាយករដ្ឋមន្រ្តី លោក​អ៊ីមរ៉ាន់ ខាន់ ត្រូវ​ចាប់ដាក់ឃុំ ចំណែក គណបក្ស​របស់​លោក​ហាម​ឲ្យមិនចូលរួមនៅក្នុងការបោះឆ្នោត។ អវត្តមាន​របស់​អតីតជើងឯក​កីឡាCriket លោក​អ៊ីមរ៉ាន់ ខាន់ នៅក្នុងការបោះឆ្នោត ដោយសារ​សំណុំរឿងក្តីក្តាំនៅ​តុលាការ ជាការបើកផ្លូវ​ឲ្យ​គណបក្ស​របស់​អតីត​នាយករដ្ឋមន្រ្តី លោក​ណាវ៉ា ស្ហារីហ្វ អាច​ឈ្នះឆ្នោត ចូលកាន់អំណាច នៅប៉ាគីស្ថាន។

សម្រាប់​អ្នកជំនាញ អ្នកណា​ឈ្នះឆ្នោត​លើកនេះ មិនសំខាន់ទេ។ អ្វីដែល​សំខាន់​គឺ​អាយុកាលដឹកនាំ​រដ្ឋាភិបាល ព្រោះថា ចាប់តាំង​ពី​កងទ័ព​បើកផ្លូវ​ឲ្យមាន​រដ្ឋាភិបាល​ស៊ីវិល គ្មានរដ្ឋាភិបាល​ណា​ដែលអាច​កាន់អំណាច​រហូត​ដល់ចប់អាណត្តិរបស់ខ្លួនឡើយ។ ត្រូវដឹងថា ទោះ​កងទ័ព​បើកភ្លើងខៀវ ឲ្យមានការបោះឆ្នោត បង្កើត​រដ្ឋាភិបាលស៊ីវិល ប៉ុន្តែ អំណាច​ពិតប្រាកដ ស្ថិតក្នុង​កណ្តាប់ដៃ​របស់​ពួកយោធា ដែល​ចង់រុញ លើកស្ទួយ គណបក្ស​ណា​ដែល​ស្តាប់បង្គាប់របស់ខ្លួន។ ធ្លាប់​ជា​​បុគ្គលដែលមាន​ប្រជាប្រិយភាព លោក​អតីតនាយករដ្ឋមន្រ្តី​អ៊ីម រាន់ខាន់​ធ្លាក់​បុណ្យសក្តិ ជាប់​ពន្ធនាគារ​នៅក្នុងសំណុំរឿង​ប្រព្រឹត្តអំពើពុករលួយ ក្បត់ជាតិ រំលោភច្បាប់​អាពាហ៍ពិពាហ៍ ចំណែក​គណបក្ស​របស់​លោកត្រូវហាមមិន​ឲ្យ​ចូលរួម​នៅក្នុង​ការបោះឆ្នោត ក៏ដោយសារតែ កាលនៅជា​នាយករដ្ឋមន្រ្តី លោក​ហ៊ានដំឡើងសំឡេង​ខ្លាំងៗ រិះគន់​ពួកយោធា នៅក្នុង​ប្រតិបត្តិការ​បង្រ្កាប​ក្រុមបាតុករ​ដែល​ប្រឆាំង​ពួកយោធា។

អតីត​នាយករដ្ឋមន្រ្តី លោក​ណាវ៉ា​ ស្ហារីហ្វ ​ផ្ទាល់​ដែលធ្លាប់​និរទេសខ្លួន​ទៅនៅ​អង់គ្លេស អស់​៤ឆ្នាំ ទំនង​ទទួល​បានភ្លើងខៀវ​ពី​កងទ័ព​ប៉ាគីស្ថាន ទើបអាច​ត្រលប់មកចូលរួម​នៅក្នុងការបោះឆ្នោតលើកនេះ។

ការស្ទង់មតិ​បង្ហាញដែរថា ដោយសារ​តែ​គ្មាន​គណបក្ស​ប្រឆាំង​របស់​លោក​អ៊ីមរ៉ាន់ ខាន់ ចូលរួម​នៅក្នុង​បោះឆ្នោត គណបក្ស​សម្ព័ន្ធអ៊ីស្លាម​ប៉ាគីស្ថាន របស់​លោក​ណាវ៉ា ស្ហារីហ្វ សង្ឃឹម​ច្រើន​​ទទួល​ជ័យជំនះ ចូល​កាន់អំណាច ជាលើកទី​៤នៅប៉ាគីស្ថាន។

មាន​ប្រជាជន​២៤០លាននាក់ (ជាប់ចំណាតថ្នាក់ទី​៥ក្នុងពិភពលោក) ប៉ាគីស្ថាន​ដែលស្ថិតនៅលើទីតាំងដ៏យុទ្ធសាស្រ្ត ចន្លោះ ចិន ឥណ្ឌា អ៊ីរ៉ង់ និង​អាហ្វហ្កានីស្ថាន​កំពុងជួប​បញ្ហា​រាប់ជំពូក។ ក្រៅតែ​ពីបញ្ហា​អសន្តិសុខ អំពើហិង្សា ការគំរាមកំហែង​ភេរវកម្ម រដ្ឋាភិបាលថ្មី ដែល​ចេញពី​ការឈ្នះឆ្នោត​លើកនេះ ត្រូវ​ប្រឈម​ដោះស្រាយ​បញ្ហាធំ​បំផុត បញ្ហា​សេដ្ឋកិច្ច អតិផរណា​ហក់ឡើង​ជិត​៣០%​ ចំណែក​លុយ​រូពីធ្លាក់​ដាំក្បាល​ចុះ​លឿនស្លេវ​នៅ ៣ឆ្នាំ​ចុងក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ