អានតួអត្ថបទ

ចិនព្រួយបារម្ភ​ពី​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​យុវជន​អត់​ការងារ​ធ្វើ

នៅប្រទេស​ចិន រដ្ឋាភិបាល​ព្រួយ​បារម្ភ​ពី​បញ្ហា​សេដ្ឋកិច្ចដែលមានសន្ទុះ​​កំណើន​ទាប ហើយ​និង​ បញ្ហា​ពិសេស​ទៀត គឺ អត្រា​​យុវជន​ចិន​អត់​ការងារ​ធ្វើ។ ប្រធានបទ​សំខាន់ទាំង២​នេះ នឹង​ត្រូវ​លើក​យក​​ទៅពិគ្រោះ​ពិភាក្សាគ្នា​។​ នេះបើតាម​ការ​លើកឡើង​របស់​មន្ត្រីជាន់​ខ្ពស់​ចិន នៅថ្ងៃ​អាទិត្យ​ ទី​៣​មីនា​។ ពោល​គឺមួយ​ថ្ងៃ​មុន​កិច្ចប្រជុំ​មហា​សន្និបាត​ប្រចាំឆ្នាំ របស់​សភាប្រជាជន​ចិន​។ ​​ជំនួប​សមាជិក​បក្ស​ទូទាំង​ប្រទេស​​​នេះ ​​ចំពេលដែល ចិន ​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី២ ជួប​វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​អលចនទ្រព្យ​នៅក្នុងស្រុក និង​វិបត្តិយុវជន​ឥតការងារធ្វើ​ កាន់តែច្រើនឡើងៗ​។​

យុវជនចិន​ដើរលេងពេល​បុណ្យ​ចូលចិន​ឆ្នាំថ្មីៗនេះ។
យុវជនចិន​ដើរលេងពេល​បុណ្យ​ចូលចិន​ឆ្នាំថ្មីៗនេះ។ AP - lihongbo
ផ្សាយពាណិជ្ជកម្ម

​ក្រុមប្រឹក្សា​នយោបាយនៃ​គណបក្ស​កុម្មុយនិស្តចិន ព្រួយ​បារម្ភ​អំពី​សេដ្ឋកិច្ចជាតិ ហើយ​និង​ បញ្ហា​អត់​ការធ្វើរបស់​យុវជន។ បញ្ហា​២នេះជាក្តីបារម្ភ​ដ៏ធំ​របស់​ក្រុម​ប្រតិភូ​សមាជិកបក្ស​។ នេះបើតាម​ការ​ថ្លែង​ក្នុង​សន្នីសិទ​កាសែត ពីសំណាក់​លោក លីវ ជីយី អ្នកនាំពាក្យ​ក្រុមប្រឹក្សា​នយោបាយ នៃ​គណបក្ស​កុម្មុយនិស្តចិន។ ប្រសាសន៍នេះ​ ធ្វើឡើង តែ​​​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំ​មហា​សន្និបាត​ប្រចាំឆ្នាំ របស់​សភាប្រជាជន​ចិន​​។​​ សមាជិក​គណបក្ស​កុម្មុនិស្តចិន រាប់​ពាន់​នាក់ មកពី​គ្រប់ជ្រោយ​នៃផ្ទៃប្រទេស ត្រូវជួប​ជុំ​គ្នា នៅរដ្ឋធានីប៉េកាំង​​ ចាប់​ពីថ្ងៃ​ចន្ទ ទី​៤​ ដល់​ថ្ងៃទី ១០ មីនា។ ​មន្ត្រី​ជាន់​ខ្ពស់​ចិន​រូបនេះ បញ្ជាក់ទៀតថា ការងារ​សម្រាប់​យុវជន ពិសេស​យុវជន​ដែលទើបរៀន​ចប់​ហើយថ្មី ជាប្រធានបទ​សំខាន់​ដែល​ត្រូវ​គិតគូរ​យកចិត្តទុកដាក់។

គួរ​រំឭកជូនថា រដ្ឋាភិបាល​ចិន ​ប្រកាសក្នុង​ឆ្នាំ​២០២២ ​ថា យុវជន អាយុចន្លោះពី​ ១៦ ទៅ​ ២៤ ឆ្នាំ ក្នុង​ចំណោម ៥ នាក់ គឺ​មាន​ម្នាក់ ​អត់​ការងារ​ធ្វើ។ ១ឆ្នាំបន្ទាប់ ការិយាល័យ​ស្ថតិ​ចិន បាន​ប្រកាសថា អត្រា​យុវជន​អត់​ការងារធ្វើ មាន​ប្រមាណជាង ២០ % ក្នុង​​ចន្លោះ​ខែមេសា​និង​មិថុនា ២០២៣។ ចំនួន​អត់​ការងារធ្វើ​ច្រើន​បែបនេះ ជាដំណឹង​ដ៏រសើប ដែល​ទំនង​ជា​ឋិត​ក្រោម​សម្ពាធ​បន្ទាត់​នយោ​បាយ​ ទើប ការិយាល័យ​ស្ថតិ​ចិន លែង​ចុះ​ផ្សាយ​ទិន្នន័យ​តទៅទៀត ចាប់ពីរដូវ​ក្តៅ ​ឆ្នាំ២០២៣។

បន្ទាប់ពី​ផ្អាក​ផ្សាយ​អស់​ជាច្រើន​ខែ ការិយាល័យ​ជាតិ​ស្ថតិចិន បាន​ផ្តើម​ផ្សាយ​ទិន្នន័យឡើង​វិញ នៅពាក់កណ្តាល​ ខែ​មករា ​ឆ្នាំ២០២៤​នេះ។ ទិន្នន័យ​ថ្មីចុងក្រោយ​និងអត្រាជាផ្លូវការរបស់រដ្ឋ​ចិន អះអាង​ថា ស្ថានភាព​អត្រា​យុវជន​អត់​ការធ្វើ បានត្រូវ​​កែសម្រួល ឲ្យ​​គ្រាន់បើ​ឡើងវិញ ហើយធ្លាក់​ចុះមកត្រឹម ១៤,៩% នៅខែធ្នូ ​ចុង​ឆ្នាំ​២០២៣។ ក៏ប៉ុន្តែ​ អ្នក​ជំនាញ​សេដ្ឋកិច្ចនិង​កាសែត​បរទេស​ មួយ​ចំនួន​ បាន​ព្យាករ​ថា អត្រាយុវជន​អត់ការងារធ្វើ​ ទំនង​ជា​ឡើង​ហួស​ ២០ % ទៅ​ហើយ។​ 

ទោះយ៉ាងណាក្តី ជាផ្លូវការ នាយក​ការិយាល័យ​ជាតិ​ស្ថតិចិន លោក កាំង យី អះអាងថា ឆ្នាំទៅមិញ យុវជនចិន​ដែល​អត់​ការងារ​នោះ រាប់តាំងពី​យុវជន​អ្នក​ទីក្រុង និង​សិស្សនិស្សិត​ទើប​នឹង​បញ្ចប់​ការងារសិក្សា​ផង ដែល​កំពុងស្វែង​​រក​កិច្ចការ​ធ្វើ​ មាន​សរុប ប្រហែល ៦២ លាន​នាក់។​ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​កាសែត​បារាំង​ Courrier International ដែលស្រង់​តាម​កាសែត​សិង្ហបុរី Lianhe Zaobao។ យុវជន​ចិន​ ត្រូវ​រដ្ឋាភិបាល​ជំរុញ​លើកទឹកចិត្ត​ឲ្យ​រៀន​សូត្រ​ ហើយ​សូម្បីតែ​ក្នុង​ឱកាស​រដូវ​កូវីដ​ឆ្លង​ក្តី ក៏​ការសិក្សា​របស់​យុវជន ត្រូវចាត់ទុក​ថា​ជា​រឿង​សំខាន់​ និងត្រូវ​ឲ្យ​បន្ត​រៀន​ដែរ។ គ្រាន់តែ​ឆ្នាំ​២០២៣ យុវជន​ចិន ចំនួន​ ១១,៦ លាន​នាក់ បានទទួល​សញ្ញាបត្រ​រៀន​ចប់​ជោគជ័យ​ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ