អានតួអត្ថបទ
នយោបាយថៃ

ថៃ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ស្នើសុំ តុលាការធម្មនុញ្ញ រំលាយគណ​បក្សប្រឆាំង

នៅរាជធានី​បាំងកក ថ្ងៃអង្គារ ទី​១២មីនា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ​ បានប្រកាស​ពីការ​ស្នើសុំ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ឲ្យ​រំលាយគណ​បក្សប្រឆាំង ។​ ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង កាវក្លៃ ដែលឈ្នះ​សំឡេង​ឆ្នោត​ច្រើនជាងគេកាលពី​ឆ្នាំទៅមិញ បានត្រូវ​រងការចោទប្រកាន់និងបណ្តឹង​​ជាច្រើនដែរ​ ព្រោះតែទំនោរ​នយោបាយ​កែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ និង​ចង់​កែប្រែច្បាប់​ជេរ​ប្រមាថព្រះមហាក្សត្រ។ ការរិះ​គន់​ប្រមាថ​​ព្រះជេស្ដា​ព្រះរាជា ក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត ជាមូលហេតុ​ចម្បងមួយ ដែល គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ យកទៅ​ធ្វើជា​ហេតុ​សំអាង ដើម្បីស្នើសុំ​រំលាយ​បក្ស​ប្រឆាំង​ដ៏លេចធ្លោ​នៅថៃ។​

លោក ភិថា លីមចៈរើនរ៉ាត់ ប្រមុខដឹកនាំ គណបក្សកាវក្លៃ។
លោក ភិថា លីមចៈរើនរ៉ាត់ ប្រមុខដឹកនាំ គណបក្សកាវក្លៃ។ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​មេប្រឆាំងដ៏មានប្រជាប្រិយភាព លោក ភិថា លីមចៈរើនរ៉ាត់ និង​ គណបក្ស​កាវក្លៃរបស់​លោក បាន​ជាប់ពាក្យ​បណ្តឹង​ និង​ការ​ស៊ើប​អង្កេត​ជាច្រើន​ករណី ចាប់តាំ​ង​ពីរូបលោក​និង​​គណបក្ស​​នេះ ឈ្នះ​សំឡេង​ឆ្នោត បាន​ច្រើន​ជាង ក្នុងការ​បោះឆ្នោត​សភា​ កាលពីខែ​ឧសភា ឆ្នាំទៅមិញ។ ក្នុង​សវនាការ​ចុងក្រោយ ចុង​ខែ​មករា តុលា​ការ​ធម្មនុញ្ញ បាន​សម្រេច​បើកផ្លូវ​ឲ្យ​លោក ភិថា លីមចៈរើនរ៉ាត់ អាច​មាន​សិទ្ធិ​ចូល​រដ្ឋសភាវិញក៏ពិតមែន។ ក៏ប៉ុន្តែ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បាន​សម្តែង​សេចក្តីយល់ឃើញថា ចេតនា​នយោបាយ​របស់លោក​និងបក្សកាវក្លៃ ក្នុងការ​​កែទម្រង់​ច្បាប់​ស្តីពីការ​ប្រមាថព្រះមហាក្សត្រ​ គឺ​ស្មើ​នឹង​ចេតនា​ចង់​ផ្តួល​រំលំ​ស្ថាប័នព្រះមហាក្សត្រ​។ អាស្រ័យ​ហេតុនេះ​ហើយ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បាន​បញ្ជា​ឲ្យ​ អ្នក​នយោបាយ​រូបនេះ ដក​គម្រោង​​ផែនការកែប្រែ​ច្បាប់​ប្រមាថព្រះមហាក្សត្រ​ ចេញពី​កម្មវិធីនយោបាយ​របស់​បក្ស។​

ក្រោយ​ពីការ​សម្រេច​ដូច្នេះ ស្អែកឡើង​ មាន​បណ្តឹង​ចំនួន​២ថែមទៀត ប្តឹងទៅ​ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ​ ដើម្បីស្នើ​សុំ​រំលាយ​បក្ស​កាវក្លៃ​តែម្តង។ តាម​សេចក្តីប្រកាស​ព័ត៌មាន ​នៅ​ថ្ងៃអង្គារ ​ទី​១២ មីនា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ​ បញ្ជាក់​ថា​បាន​សិក្សា​ពិចារណចំពោះបណ្តឹង​ទាំងនេះ ហើយ​និង​បាន​សម្រេច​យល់ព្រមគ្នា​ជា​ឯកច្ឆន្ទៈ​ ដាក់​សំណើ​ទៅ​ តុលាការ​ធម្មនុញ្ញ​ ដើម្បី​រំលាយ​បក្ស​កាវក្លៃ​។​

លោក Parit Wacharasindhu អ្នក​នាំ​ពាក្យបក្សគណបក្ស​កាវក្លៃ បាន​ប្រតិកម្ម​ប្រាប់​អ្នកកាសែត នៅបាំងកក​​ ថា អ្វីដែល​កើតឡើង​ថ្ងៃនេះ​ យើងមិន​បាន មិន​ចង់​ឃើញទេ​ ក៏ប៉ុន្តែ វា​ក៏មិនមែន​ជារឿង​ចម្លែក​ភ្ញាក់​ផ្អើលដែរ។​ ទោះជាម្តេច​ក្តី ខណៈនេះ គ្មាននរណា​អា​ចសន្និដ្ឋានថា បក្ស​កាវ​ក្លៃ​ត្រូវរំលាយ​ចោលដែរ ល្គឹកណា​ នៅមិនទាន់​មាន​សាលក្រម​សម្រេច​ នៅឡើយ។​

គួរ​រំឭក​ថា តុលាការ​ធម្មនុញ្ញ​ថៃ ​ ធ្លាប់​បាន​សម្រេច​រំលាយ​គណបក្សប្រឆាំង​ដែល​និយម​រិះគន់​ស្ថាប័ន​ព្រះរាជា និងប្រមូល​យុវជន​ធ្វើបាតុកម្ម​ប្រឆាំងស្តេច​ គឺបក្ស​ ​Future Forward របស់​លោក ​ថាណាថន កាលពី​ឆ្នាំ​២០២០។ ​តុលាការ​​ក៏​បាន​​កាត់ទោស​ដកហូត​សិទ្ធិ​ធ្វើ​នយោយ​របស់​ប្រមុខ​ចលនា​ប្រឆាំង​ លោក​​ ថាណាថន មិន​ឱ្យ​ធ្វើ​នយោបាយ​ ១ ទសវត្សរ៍​។

នៅ​ស្រុក​ថៃ អ្នក​វិភាគ​ជំនាញ​កិច្ចការ​នយោបាយ​ និង ក្រុម​អង្គការ​សង្គម​ស៊ីវិលការពារសិទ្ធិមនុស្ស បាន​មូលមាត់​និយាយ​ដូចគ្នាថា ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ​ ត្រូវ​​ ក្រុម​អ្នកកាន់អំណាច ប្រើ​ប្រាស់​ជា​ឧបករណ៍​នយោបាយ​​ ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​។​ បទល្មើស​​ប្រមាថ​ព្រះជេស្តា​ព្រះរាជា គ្រាន់តែ​១ករណី អាច​ត្រូវ​ផ្តន្ទាទោស​ រហូតដល់​​ ១៥ ឆ្នាំ។ កាលពី​ពាក់កណ្តាល​ខែមករា កន្លងទៅនេះ សកម្មជន​ប្រឆាំង​ម្នាក់ ត្រូវ​តុលាការថៃ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥០ ឆ្នាំ​ ព្រោះតែរូបគេ​បាន​​ប្រកាស​ផ្សាយយ៉ាង​ច្រើនសន្ធឹក​ ​តាម​ហ្វេសបុក​ នូវ​សារប្រមាថ​ព្រះរាជា និង​​ជេរព្រះរាជវង្សថៃ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ