អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចិនបន្តកំញើញតៃវ៉ាន់ដោយបញ្ជូនយន្តហោះចម្បាំង ៣៦ គ្រឿង ហោះក្បែរជុំវិញកោះតៃវ៉ាន់

ក្រសួង​ការពារជាតិ​តៃវ៉ាន់ បាន​ប្រកាសនៅ​ថ្ងៃ​សុក្រ​ ទី​២២មីនា ថា គ្រាន់តែ​២៤ម៉ោង​ចុងក្រោយ​ រដ្ឋអំណាច​​ចិន បានបញ្ជូន​យន្តហោះ​ចម្បាំង​ ៣៦ គ្រឿង ហោះក្រវែលជុំវិញ​​កោះតៃវ៉ាន់។ នេះជាការ​ពង្រាយ​យន្តហោះ​យោធា​​ច្រើន​បំផុត នៅឆ្នាំ​២០២៤។ អ្នកជំនាញ​កិច្ច​ការ​យោធា​ វិភាគ​មើលឃើញថា ចិន​ប៉េកាំង​ធ្វើបែប​​នេះ ជាការ​សម្តែង​ក្តីខឹង​សម្បារ​ចំពោះ​ថ្នាក់ដឹកនាំ​តៃវ៉ាន់ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប ក្នុង​វត្ថុបំណង​អំពាវនាវរក​ការ​​គាំទ្រ​ឯករាជ្យ​តៃវ៉ាន់​។ ​

យន្តហោះ​ចម្បាំងប្រភេទ ​F-16V  នៅប៉ែក​ខាង​ត្បូង​តៃវ៉ាន់។ រូប​ថត​តំណាង​ ថត​ដើមឆ្នាំ២០២២.
យន្តហោះ​ចម្បាំងប្រភេទ ​F-16V នៅប៉ែក​ខាង​ត្បូង​តៃវ៉ាន់។ រូប​ថត​តំណាង​ ថត​ដើមឆ្នាំ២០២២. AFP - SAM YEH
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោច យន្តហោះ​ចម្បាំង​ចិន ៣៦ គ្រឿង ហោះ​មក​ក្រវែលជាច្រើន​ទិស ​ជុំវិញ​​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​ល្ងាច​ព្រហស្បតិ៍ និង​ព្រឹក​ថ្ងៃសុក្រ​​។ មិនត្រឹមតែ​យន្តហោះយោធា​មួយមុខទេ ក៏មានដែរ នាវា​ចម្បាំង ហើយ​និង​យន្តហោះ​ដ្រូន ទៀតផង។ នេះបើតាម​ការ​អះអាង​របស់​ ក្រសួង​ការពារជាតិ​តៃវ៉ាន់​​។​

ភាព​តាន​តឹង​រវាង ​តៃវ៉ាន់ ​និង ចិន ចាប់កម្រើកកាន់តែ​ឡើង​ខ្លាំង តាំងពីមុន​អំលុងពេល​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ ក្នុង​ខែ​មករា ដើមឆ្នាំនេះ​។ អនុប្រធានាធិបតី លោក ឡៃ ឈីង តឺ (Lai Ching-te) ឬលោក​ William Lai បាន​ជាប់​ឆ្នោត ក្លាយ​ជា​ប្រធានាធិបតី​ តំណាង​មកពី​ ​បក្សប្រជាធិបតេយ្យចម្រើននិយម។ ថ្នាក់ដឹកនាំរូបនេះ​ នឹង​ចូល​កាន់តំណែង​ជាផ្លូវការ ​នៅខែ​ឧសភា​ខាងមុខ ដើម្បី​​បន្ត​តំណែង​បន្ទា​ត់​នយោបាយ​​ពី​លោកស្រី​ប្រធានាធិបតី សៃ អ៊ីងវេន។ នោះជាបន្ទាត់​នយោបាយ មិន​ចុះ​ញ៉ម​ចំពោះ​មុខ​មហា​អំណាច​ចិន​​។

ចំណែកអ្នក​ដឹកនាំអម​ប្រធានាធិបតីថ្មី​ គឺ​លោកស្រី ស្ហៅ ប៊ី-ឃីម (Hsiao Bi-khim) ដែលជាអតីត​ឯកអគ្គរដ្ឋទូត​តៃវ៉ាន់​ប្រចាំ​សហរដ្ឋអាមេរិក បានជាប់ឆ្នោត​នៅ​ខែមករា ​ក្លាយ​ជា​​ អនុប្រធានាធិបតីតៃវ៉ាន់​។ ​ចាប់ពី​ឥឡូវនេះ​​ហើយ ​អនាគតអនុប្រធានាធិបតីតៃវ៉ាន់​រូបនេះ​ ផ្តើម​បំពេញ​សកម្មភាព​នយោបាយ​តំណាង​ជាតិ​។ ជាក់ស្តែង នៅពេលនេះ លោកស្រីអញ្ជើញ​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​ឆែក ហើយ​និង​នៅ​សភា​សហភាព​អឺរ៉ុប ក្នុង​​ខេត្ត​ស្ត្រាស់បួរ​ ​​ប្រទេស​បារាំង​។ ​កម្មវត្ថុ​របស់​លោកស្រី​នៅ​អឺរ៉ុប ត្រូវ​គេ​មើលឃើញថា​ គ្មាន​អ្វី​ក្រៅតែពី​​អំពាវនាវស្វែង​រក​ការ​​គាំទ្រ​ជួយ​​តៃវ៉ាន់​។

អ្នក​តំណាងរាស្ត្រ​បារាំង​ប្រចាំ​សហភាព​អឺរ៉ុប លោក ដូមីនីក រីគេ ​បានថ្លែងគាំទ្រ​ថ្នាក់ដឹកនាំ​តៃវ៉ាន់និង​បុព្វហេតុតៃវ៉ាន់​​ ដោយ​​ចាត់ទុកថា ការ​តស៊ូ​ប្រយុទ្ធ​ដើម្បី​សេរីភាព​ប្រជាធិបតេយ្យ​ដើរស្របផ្លូវគ្នា​ជាង​ពេល​ណាៗទាំងអស់ ហើយ​​សូម​ឲ្យ​ពលរដ្ឋ​តៃវ៉ាន់​ ទុក​ចិត្ត​ថា ​ប្រជាជន​អឺរ៉ុប​ ជា​មិត្ត​ជិតដិត នឹងនៅ​ក្បែរ​ពួក​គេ​ជានិច្ច។​

ផ្ទុយទៅវិញ ដំណើរទៅ​អឺរ៉ុប​​របស់​អនាគតអនុប្រធានាធិបតីតៃវ៉ាន់​ ត្រូវ​រដ្ឋអំណាច​​ចិន ចាត់ទុកថា បាន​ដើរ​ហួស​បន្ទាត់​ក្រហម​។ ដូច្នេះ យន្តហោះចម្បាំង​​ចិន​ ៣៦ គ្រឿង ដែល​ហោះក្បែរ​​ជុំវិញ​កោះតៃវ៉ាន់​នៅគ្រា​នេះ ​ជា​​សម្តែងក្តី​ខឹង​សម្បារ​ផង និងព្រមានតៃវ៉ាន់​ផង​​ ពី​សំណាក់​រដ្ឋបាល​ចិនប៉េកាំង។​ ចំពោះ​អ្នក​ជំនាញ​កិច្ចការ​យោធា, ទង្វើរបស់​ចិន មិនត្រឹមតែ​កំហែង​តៃវ៉ាន់​ទេ តែ​ក៏​​បង្ហាញ​សាច់​ដុំ​ព្រមាន​ហ្វីលីពីន​ដែរ ព្រោះតែ​ហ្វីលីពីន​កាន់តែ​ស្និទ្ធឡើងៗ​ នឹង​សហរដ្ឋអាមេរិក​ ៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ