អានតួអត្ថបទ

សហរដ្ឋ​​អាមេរិកដាក់ទណ្ឌកម្ម​ថ្នាក់​ដឹកនាំ​ហុង​កុង​​ថែម​ទៀត​ ក្រោយពី​ហុងកុង​​អនុម័ត​ច្បាប់សន្តិសុខជាតិ

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ អង់តូនី ប្ល៊ីងកិន ​​ប្រកាសពីថ្ងៃ២៩មីនាថា សហរដ្ឋ​អាមេរិកនឹង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​បុគ្គលបន្ថែមទៀតទៅលើ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ហុងកុង​។ ​ទណ្ឌកម្ម​របស់​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោន ជាថ្មី​នេះ ធ្វើឡើង​ក្រោយ​ពី​សភា​ហុងកុង បាន​​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​។ ទន្ទឹម​នឹងគ្នា​នេះ វិទ្យុ​អាស៊ី​សេរីដែល​ទទួល​ថវិកាពី​សភាអាមេរិក ក៏បានប្រកាស​បិទការិយាល័យ​ប្រចាំហុងកុង ​ព្រោះតែ​បារម្ភ​ពីសុវត្ថិភាព​របស់​បុគ្គលិក​អ្ន​កកាសែត។​ ​

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីងកិន ប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មប្រឆាំងបុគ្គលបន្ថែមទៀតទៅលើថ្នាក់ដឹកនាំអាជ្ញាធរហុងកុង។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីងកិន ប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មប្រឆាំងបុគ្គលបន្ថែមទៀតទៅលើថ្នាក់ដឹកនាំអាជ្ញាធរហុងកុង។ REUTERS - Evelyn Hockstein
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​​អាមេរិកនឹង​ដាក់ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​ឲ្យ​តឹងតែង​ចំពោះ​ថ្នាក់ដឹកនាំហុងកុង។ នេះបើតាម​ការប្រកាស​របស់​​ប្រមុខ​ការទូត​អាមេរិក លោក​ អង់តូនី ប្ល៊ីងកិន ដោយ​​ពុំ​បាន​លម្អិតថា​​​ត្រូវដាក់​ទណ្ឌកម្មចំពោះ​​បុគ្គលរូប​ណាខ្លះទេ​។ ក៏ប៉ុន្តែ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ពន្យល់ថា ទណ្ឌកម្ម​អាមេរិក​ប្រឆាំងនឹង​ថ្នាក់ដឹកនាំហុងកុង​នេះ ជាការ​ឆ្លើយតប​ចំពោះ​ការ​រឹត​ត្បឹត​របស់​ហុងកុង ​ទៅលើស្ថាប័ន​ប្រជាធិតេយ្យ ទៅសិទ្ធិ​សេរីភាព និង​ការ​ធ្វើទុក្ខ​បុកម្នេញ​សំឡេង​​ក្រុម​អ្ន​កប្រឆាំង នាប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។​

ទណ្ឌកម្ម​​ជាថ្មី​នេះ​ ធ្វើឡើងក្រោយពីក្រសួង​ការបរទេស​អាមេរិក ​​ បាន​ដាក់​របាយការណ៍​​ប្រចាំឆ្នាំស្តីពី​ស្ថានភាព​ហុងកុង ទៅកាន់សភាខុនហ្គ្រេស​អាមេរិក។​ របាយការណ៍​នេះ​​បានវាយតម្លៃ​និង​​ពិចារណា​ថា ​តើ​សហរដ្ឋ​​​អាមេរិក​នឹង​ត្រូវ​ចាត់​ចែង​​កិច្ចការ​យ៉ាងណា​ជាមួយ​ហុងកុង​? និងថា តើ​អាមេរិក​ត្រូវ​សើរើមើល​កិច្ចព្រមព្រៀង​ពិសេសអ្វី​​ខ្លះ ដែលធ្លាប់បាន​ចុះ​ជាមួយ​ហុងកុង ជាអាទិ៍ កិច្ចព្រមព្រៀង​វិស័យ​ហិរញ្ញវត្ថុ​ជាដើម ។

ចំណាត់​ការ​របស់​អាមេរិក​លើកនេះ ​​ក្រោយ​ពី​ឃើញ​សភា​ហុងកុង​អនុម័ត​ច្បាប់​ថ្មីស្តីពី​សន្តិសុខ​ជាតិ។​ ច្បាប់​សន្តិសុខជាតិ​ហុងកុង ដែល​ទាញ​ខ្សែ​ញាក់​ដោយ​រដ្ឋអំណាច​ចិន​ប៉េកាំង មាន​ចែង​ទោស​ព្រហ្មទណ្ឌធ្ងន់ធ្ងរ រហូត​ដល់​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​អស់​១ជីវិត​ ចំពោះ​ករណី​បទល្មើស​ក្បត់ជាតិ និង​អប្បគមន៍​បំបែករដ្ឋ។ បន្ទាប់​​ពី​សភា​ហុងកុង​អនុម័ត​ច្បាប់សន្តិសុខ​ជាតិ​នេះ វិទ្យុ​អាស៊ី​សេរីបានប្រកាស​បិទការិយាល័យ​ប្រចាំហុងកុង។ មូលហេតុត្រូវ​អ្នកស្រី Bay Fang ​នាយិកាវិទ្យុ​អាស៊ី​សេរីប្រចាំហុងកុង លើកឡើងអំពី​ក្តីបារម្ភ​ពី​សន្តិសុខ​សុវត្ថិភាព​​បុគ្គលិក​និង​​អ្ន​កកាសែតរបស់ខ្លួន​។ អាស៊ី​សេរី​ជាវិទ្យុ​​ទទួល​ថវិកាពី​សភាអាមេរិក និងមាន​ស្នាក់កណ្តាលនៅ​ក្រុង​វ៉ាស៊ីនតោន។ ចំពោះការិយាល័យ​នៅហុកុង, ដោយតែ​សម្ពាធ​ពីរដ្ឋអំណាច​ហុងកុង​ នា​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ វិទ្យុ​អាស៊ី​សេរី​ ធ្លាប់​បាន​ផ្ទេរ​បុគ្គលិកមួយ​ចំនួន ​ពីហុងកុង ទៅ​តៃវ៉ាន់ មុន​នឹង​ត្រូវ​ប្រកាស​បិទ​ការិយាល័យ​ទាំងស្រុង​នៅពេលនេះ។​ គួរ​ជ្រាបដែរ​ថា ក្រោម​អំណាច​ច្បាប់​សន្តិសុខ​ជាតិហុងកុង​ ដែល​ដាក់កំហិត​ពីក្រុងប៉េកាំង ​មានបណ្តា​កាសែត​ប្រឆាំង​នៅហុងកុង​ជាច្រើន ត្រូវ​បិទ ហើយ​ចាងហ្វាង​ត្រូវ​ជាប់ពន្ធនាគារ និងត្រូវកាត់​ទោស​តាមផ្លូវ​តុលាការ ជាអាទិ៍ កាសែត​ Apple Daily។

យ៉ាងក៏ដោយចុះ នេះមិនមែន​ជា​លើកទី១ឡើងដែល​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​ចំពោះ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ហុងកុង។ ទណ្ឌកម្ម​អាមេរិក​មាន​ជាហូរហែ​ តាំងពីឆ្នាំ២០១៩មក​ គ្រា​​ដែល​អាជ្ញាធរ​ហុងកុង​ ប្រើ​កម្លាំង​បង្ក្រាប​បាតុករ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​ចាប់​ក្រុម​អ្នក​ប្រឆាំង​ដាក់​ក្រោយ​ចម្រឹង​ដែក​​។​ ទាំង​លើកមុន​និងទាំង​លើកនេះទៀត រដ្ឋបាល​ក្រុង​ប៉េកាំងបាន​ស្តីបន្ទោសនិងថ្កោលទោស​អាមេរិ​ក​ថា​កំពុងតែ​លូកដៃ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​​របស់​ចិន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ