អានតួអត្ថបទ
ហុងកុង-ច្បាប់​សន្តិសុខ​ជាតិ

ហុងកុងបង្ហាញច្បាប់​សន្តិសុខជាតិ​ថ្មី​ ទន្ទឹមគ្នា​​នឹង​ចិន​​ ក្រោម​ក្តី​​ព្រួយបារម្ភ​របស់​​បស្ចិម​លោក

អាជ្ញាធរ​ហុងកុង​បាន​បង្ហើបបង្ហាញ​ នៅ​ថ្ងៃសុក្រទី​៨​មីនា គម្រោង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ ដែល​គ្រោង​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​បទ​ល្មើស​បះបោរ​ឬ​ក្បត់​ជាតិ។ ច្បាប់​សន្តិសុខ​ថ្មីនេះ​ជា​ការ​បំពេញ​បន្ថែម​ពី​ច្បាប់​សន្តិសុខ​ជាតិ​​ឆ្នាំ​២០២០​ដែល​តាក់​តែង​ដោយ​ប៉េកាំង។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ នៅក្នុង​ប្រទេស​ចិន ​សមាជសភាប្រជាមានិត​ ក៏​គ្រោង​នឹង​អនុម័ត​ច្បាប់​ថ្មី​ដែរ​ទាក់ទង​នឹង​សន្តិសុខ​ ដើម្បីការពារ​អធិបតេយ្យភាព។

​ហុងកុងបង្ហាញច្បាប់​សន្តិសុខថ្មី​ ក្រោម​ក្តី​​ព្រួយបារម្ភ​របស់​​បស្ចិម​លោក
​ហុងកុងបង្ហាញច្បាប់​សន្តិសុខថ្មី​ ក្រោម​ក្តី​​ព្រួយបារម្ភ​របស់​​បស្ចិម​លោក REUTERS - LAM YIK
ផ្សាយពាណិជ្ជកម្ម

ផ្តើម​ត្រួត​ពិនិត្យ​ជា​ផ្លូវការដោយ​សភាហុងកុង​ដែល​គ្មាន​សមាជិក​បក្ស​ប្រឆាំង ​ច្បាប់​​ថ្មី​ស្តីពី​ការ​ការពារ​សន្តិសុខ​ជាតិ ឆ្លើយ​តប​ទាំងស្រុង​ទៅ​នឹង​សេចក្តី​ត្រូវ​ការពិត​និង​បន្ទាន់​របស់​ហុងកុង។ នេះ​បើ​តាម​ពាក្យ​អះអាង​របស់​អ្នក​ទទួល​ខុស​ត្រូវ​សន្តិសុខ​ហុងកុង ​​ទៅ​កាន់​សមាជិក​សភា។ ជា​សរុបគម្រោង​​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ថ្មីបាន​បញ្ចូល​​បទ​ល្មើស​ថ្មី​ចំនួន៥ទៀត គឺទោស​ក្បត់ជាតិ ចារកិច្ច អំពើ​​បះបោរ អំពើ​បំផ្លិចបំផ្លាញ​ និងការ​ជ្រៀតជ្រែក​របស់​បរទេសបន្ថែម​ពី​លើ​ច្បាប់​សន្តិសុខ​កាលពី​ឆ្នាំ​២០២០​ដែល​តាក់តែង​ដោយ​ប៉េកាំង​ ក្រោយ​មហាបាតុកម្មនិស្សិត​​ដើម្បី​ប្រជាធិបតេយ្យ​នៅហុងកុងឆ្នាំ​២០១៩។

អាជ្ញាធរ​ហុងកុង​បាន​​​ស្នើ​ឱ្យ​មានការ​ដាក់ទោសធ្ងន់​បំផុត ពោលគឺ​ដាក់ពន្ធនាគារ​អស់​មួយ​ជីវិត​សម្រាប់​រាល់​គ្រប់​បទ​ល្មើស​ ​ដែល​មានបង្កប់​​​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ ដូច​ជា​បទ​ល្មើស​ក្បត់ជាតិ បះបោរ បំផ្លិចបំផ្លាញ​សន្តិសុខ​ជាតិ និង​ញុះញង់​ឱ្យប្រឆាំង​នឹង​កងកម្លាំង​យោធា​ចិន។ ច្បាប់​ថ្មី​នេះ​ ក៏​បាន​ពង្រីក​អត្ថន័យ​នៃពាក្យ​ថា “បះបោរផ្តាច់​ទឹក​ដី” (ដែល​មាន​ប្រើ​តាំងពី​សម័យ​ក្រោម​អាណានិគមអង់គ្លេស) សម្រាប់​ដាក់​ទណ្ឌកម្ម​អ្នក​ញុះញង់​ឱ្យ​មានការ​ស្អប់​ខ្ពើម​មេដឹកនាំ​កុម្មុយនិស្ត និង​ប្រព័ន្ធ​សង្គមនិយម​​ចិន ដោយ​ដំឡើងការ​ផ្តន្ទា​ទោស​ពី​ពីរ​ឆ្នាំ​ទៅ​ដប់​ឆ្នាំ។ អាជ្ញាធរ​អាច​នឹង​សុំ​ឱ្យ​តុលាការ​ឃុំ​ឃាំង​មនុស្ស​ម្នាក់​ដោយ​គ្មានជាប់​​បទ​ចោទ​ប្រកាន់អ្វី​ទាំងអស់​រហូត​ដល់​១៦​ថ្ងៃ និង​ហាម​មិន​ឱ្យ​ជន​នោះ​រក​មេធាវី​​ក្នុងពេល​ជាប់​ឃុំ។ បើ​តាម​ច្បាប់​ថ្មី ការ​ចែកចាយ​និង​មាន​ព័ត៌មាន ស្តីពី​បច្ចេកវិទ្យា ពី​សេចក្តី​សម្រេច​នយោបាយ​ធំៗ ព្រមទាំង​ស្តីពីការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ ក៏​ចាត់​ទុក​ជា​អំពើ​ខុស​ច្បាប់​​ “ការណ៍​សម្ងាត់​រដ្ឋ”ដែរ។

ជា​ចម្លើយ​តប ​ប្រធាន​សភា​ហុងកុង​បាន​សន្យា​ប្រឹង​ប្រែង​ធ្វើ​គ្រប់​យ៉ាង​ឱ្យ​ច្បាប់​នេះ​អាច​ចេញ​ប្រើ​បាន​យ៉ាង​ឆាប់​រហ័ស​ដើម្បី​បំពេញរាល់​គ្រប់​ចន្លោះ​ខ្វះ​ខាត​ក្នុង​ផ្នែក​សន្តិសុខ​ជាតិ​។ ប៉ុន្តែ​សម្រាប់​សកម្មជនAlexandre Wong ដែល​ជា​សំឡេង​ប្រឆាំង តែមួយ​គត់​នៅក្រៅ​សភា គម្រោង​ច្បាប់​ថ្មី​សំខាន់​ខ្លាំងណាស់​តែអាជ្ញាធរ​ប្រើ​ពេល​តែ​មួយ​ខែ​ក្នុងការ​សាកសួរ​យោបល់​សាធារណៈ។ ដោយ​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ សហភាពអឺរ៉ុប សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ចាត់​ទុក​ច្បាប់​សន្តិសុខ​ថ្មី​ហុងកុង​ថា​ជាហានិភ័យ​ច្រោះ​សេរីភាព​ជាមូលដ្ឋាន​គ្រឹះ​របស់ពលរដ្ឋ​ហុងកុង និង​សន្យា​ពិនិត្យ​មើល​ជា​លម្អិត​នៅ​ពេល​ច្បាប់​អនុម័ត​រួច​និង​ការ​អនុវត្ត​មក​លើ​ពលរដ្ឋ​និងក្រុមហ៊ុន​អាមេរិកលើទឹក​ដីហុងកុង។

​ក្នុង​ពេល​ដែល​ហុងកុង​កំពុង​រៀបចំ​រឹត​បន្តឹង​ច្បាប់​សន្តិសុខ​ថ្មី​បន្ថែម​ពី​ច្បាប់​សន្តិសុខ​ចាស់​ដែលកាត់តែង​ដោយ​ប៉េកាំង​នោះ នៅក្នុង​សមាជ​សភា​ប្រជាមានិត មេ​ដឹកនាំលំដាប់​ទីបី​ចិន ​ក៏​បាន​ប្រកាស​អនុម័ត​ច្បាប់​ថ្មី​ស្តីពីគ្រប់គ្រង​ភាព​អាសន្ន ថាមពល ថាមពល​នុយក្លេអ៊ែរ និង​​សន្តិសុខជាតិ​ ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​ទាំងមូលតែម្តង។ ពុំ​ទាន់​មាន​ការ​​លម្អិត​អំពី​ខ្លឹម​សារនៃ​​ច្បាប់ថ្មី​ និង​កាលបរិច្ឆេទអនុម័ត​ទេ តែ គម្រោង​ច្បាប់​ថ្មី​មាន​ទិសដៅ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ និង​សមត្ថភាព​ការ​ពារ​សន្តិសុខ​ជាតិ​ចិន ក្នុង​វិស័យ​ជា​ច្រើន​ រាប់​តាំងពី​ហិរញ្ញវត្ថុ សុខាភិបាល អប់រំ​ ការពារជាតិ និង​សន្តិសុខ​ព័ត៌មាន​វិទ្យា។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ