អានតួអត្ថបទ
ឥណ្ឌូណេស៊ី-នាវាមុជទឹកបារាំង

ឥណ្ឌូណេស៊ី​បញ្ជា​ទិញ​នាវាមុជទឹក​បារាំង ២គ្រឿងទៅបំពាក់ឲ្យទាហានជើងទឹករបស់ខ្លួន

បន្ទាប់ពី​ប្រេស៊ីល ឥណ្ឌា និង​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី​ជាអតិថិជន​មួយទៀត ដែល​បាន​បញ្ជាទិញ​នាវាមុជទឹកបារាំង។ យោងតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន​Naval Group​ដែលជា​ក្រុមហ៊ុន​ឧស្សាហកម្ម​យោធាជើងទឹក​របស់​បារាំង ទទួលបន្ទុក​សាងសង់​នាវាមុជទឹក ការបញ្ជាទិញ​នាវាមុជទឹក​ពីរគ្រឿង​ប្រភេទ​Scorpene ជាផ្នែកមួយ​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យោធា ដែលបារាំង និងឥណ្ឌូណេស៊ី​បាន​ចុះហត្ថលេខា កាលពី​ឆ្នាំ ២០២១។ សម្រាប់​ភាគី​ឥណ្ឌូណេស៊ី ដោយ​ទិញ​នាវាមុជ​ទឹក​បារាំង ដែលមាន​អមជាមួយ​កិច្ចព្រមព្រៀង​ស្តីពីការផ្ទេរបច្ចេកវិទ្យា ឥណ្ឌូណេស៊ីសង្ឃឹម​អភិវឌ្ឍខ្លួន​ក្លាយទៅ​ជា​ប្រទេស​ដែលអាច​ផលិត​នាវាមុជទឹក ទៅថ្ងៃអនាគត។

នាវាមុជទឹក​ប្រភេទ​Scorpene​របស់​បារាំង
នាវាមុជទឹក​ប្រភេទ​Scorpene​របស់​បារាំង AFP - MYCHELE DANIAU
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីឈឺចាប់អស់​៣ឆ្នាំ ដោយសារ​អូស្រ្តាលី​លុបចោល​កិច្ចសន្យា ឈប់​​ទិញ​នាវាមុជទឹក ១២ គ្រឿង ដើម្បីងាកទៅចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹកអង់គ្លេស និងអាមេរិក បារាំង​បាន​បើកទំព័រ​ថ្មី ចាប់ដៃ​ជាមួយប្រទេស​ដែល​ចាប់អារម្មណ៍​ទិញ នាវាមុជទឹកបារាំង។

នៅ​ថ្ងៃ​អង្គារ​ទី ២​មេសា ក្រុមហ៊ុន​Naval Groupដែលជា​ក្រុមហ៊ុន​ ​បានទើប​បាន​ប្រកាស​ថា ឥណ្ឌូណេស៊ី​បាន​បញ្ជាទិញ នាវាមុជ​ទឹក​ពីរ​គ្រឿងរបស់​បារាំង បន្ថែម​ពីលើ​យន្តហោះចម្បាំង​បារាំង Rafale ចំនួន​៤២គ្រឿង​ដែល​ឥណ្ឌូណេស៊ី​បាន​ទិញ​ក្នុងតម្លៃ ៨១០០​លាន​ដុល្លារ ដើម្បី​យកទៅបំពាក់​ឲ្យ​កងទ័ពជើងអាកាសរបស់ខ្លួន។

ក្រុមហ៊ុន ​Naval Group​មិន​បាន​បញ្ជាក់​ពី​ទំហំទឹកប្រាក់​នៃ​កិច្ចសន្យា​ទិញ​នាវាមុជទឹក​Scorpene របស់បារាំង ប៉ុន្តែ គ្រាន់តែនិយាយ​ថា វា​ជាផ្នែកមួយនៃកិច្ចព្រមព្រៀងស្តីពីការសហការយោធា​ដែល​បារាំង​និងឥណ្ឌូណេស៊ី​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ ២០២១។ យោងតាមក្រុមហ៊ុន​Naval Group ដដែល ដំណើរការ​សាងសង់​នាវាមុជទឹក​បារាំង​នឹងប្រព្រឹត្តទៅ​នៅ​ការដ្ឋានកំពង់ផែ​របស់​ក្រុមហ៊ុន​PT PAL ក្នុងប្រទេស​ឥណ្ឌូណេស៊ី។ ទៅតាមកិច្ចសន្យា ឆ្នាំ ២០២១ ក្រុមហ៊ុន​Naval Group ត្រូវ​ផ្ទេរចំណេះ ផ្ទេរ​បច្ចេកវិទ្យា ចំណែក​ការគ្រប់គ្រង ប្រតិបត្តិការ និង​ការថែទាំជួសជុល​ជា​បន្ទុក​របស់​ភាគី​ឥណ្ឌូណេស៊ី។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពីថ្ងៃ​អង្គារ ក្រុមហ៊ុន​Naval Group និយាយ​ថា ក្រុមហ៊ុនត្រេកអរ​ដែលបាន​ចូលរួមចំណែក​នៅក្នុង​កិច្ចព្រមព្រៀង​យោធា បារាំង និងឥណ្ឌូណេស៊ី ហើយ​ក្រុមហ៊ុន​សង្ឃឹមថា នាវាមុជទឹកថ្មីនេះ​មិនត្រឹម​ជួយ​ឲ្យ​ឥណ្ឌូណេស៊ី​អាច​ការពារ​ដែនអធិបតេយ្យដែនទឹករបស់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​ជួយ​ឲ្យ​ឥណ្ឌូណេស៊ី​មាន​កម្លាំង​ឥទ្ធិពល នៅសមុទ្រ ក្នុងតំបន់។ ជាប្រទេស​សំបូរ​កោះជាង ១៧០០ នៅ​សមុទ្រ​ចិន​ខាងត្បូង ឥណ្ឌូណេស៊ី​បាន​បង្កើន​ការចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុនឧស្សាហកម្ម​យោធា​បារាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំមុន ឥណ្ឌូណេស៊ី​ទើប​បាន​ទិញ រ៉ាដា​យោធា ចំនួន​១៣ របស់​បារាំង​ដើម្បី​យកទៅ​តាមដាន​ដែនអាកាស​របស់ខ្លួន។

សម្រាប់​ក្រុមហ៊ុន​បារាំង​Naval Group ភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយ​ឥណ្ឌូណេស៊ី ដែលមានភ្ជាប់ទៅជាមួយនូវ​ការផ្ទេរបច្ចេកវិទ្យាបារាំង នឹង​ជួយ​ជំរុញ​ឧស្សាហកម្ម​យោធា​របស់​ប្រទេស​អាស៊ីមួយនេះ។ ប្រធាន​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី ​PT PAL​ត្រូវ​បាន​ស្រង់សំដី ​នៅក្នុងសេចក្តីប្រកាសព័ត៌មាន​របស់​​ក្រុមហ៊ុន Naval Groupថា កិច្ចសន្យា​សាងសង់​នាវា​មុជទឹក នៅក្នុងទឹកដី​ឥណ្ឌូណេស៊ី សបញ្ជាក់​ពីការជឿទុកចិត្ត​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​លើ​សមត្ថភាព​របស់​វិស្វករ​ក្នុងស្រុក នៅក្នុងវិស័យបច្ចេកវិទ្យា។ ដូច្នេះ ឥណ្ឌូណេស៊ី​សង្ឃឹម​ថា ទៅថ្ងៃអនាគត ឥណ្ឌូណេស៊ី​នឹង​អាច​ក្លាយជា​ប្រទេស​ផលិត​នាវាមុជទឹក​ដូចគេឯង។

នៅ​៣ឆ្នាំក្រោយ​អូស្ត្រាលី​ក្បត់កិច្ចសន្យា ឈប់ទិញ​នាវាមុជទឹក ១២គ្រឿង ដោយ​ងាកទៅចាប់ដៃអភិវឌ្ឍផលិត​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​របស់អាមេរិក និងអង់គ្លេស នាវាមុជទឹក​បារាំង​ចាប់​ឡើង​កូដមកវិញ ជាមួយ​បណ្តាប្រទេសអាស៊ី។ នៅមុន​ឥណ្ឌូណេស៊ី បារាំង​បាន​លក់​នាវាមុជទឹក​ដើរដោយ​ថាមពលប្រេង និងអគ្គិសនី ចំនួន ១៤គ្រឿង​ទៅ​ឲ្យ​​ឥណ្ឌា ប្រេស៊ីល ឈីលី និង​ម៉ាឡេស៊ី។ នៅ​ពាក់កណ្តាល​ខែ​មីនាមុននេះ ក្រុមហ៊ុន​ Naval Group​របស់បារាំង​ទើប​ដេញថ្លៃ ទទួល​បាន​សិទ្ធិសាងសង់​នាវាមុជទឹក ជាមួយ​ប្រទេស​ហូឡង់ នៅក្នុង​ទំហំទឹកប្រាក់ ៥៦០០លានឺរ៉ូ។ នេះបើតាម​រដ្ឋមន្រ្តី​ការពារ​ជាតិ​ហូឡង់។

មាន​ប្រវែង ៧២ម៉ែត្រ និងអាច​ដឹក​មនុស្ស​៣១នាក់ រួមទាំង​គ្រាប់​មីស៊ីល​១៨គ្រាប់ នាវាមុជទឹក​ប្រភេទ Scorpene ដែល​ឥណ្ឌូណេស៊ីបញ្ជាទិញ ពីបារាំង មាន​សមត្ថភាព ​មុជចុះ​ក្នុងទឹកជម្រៅ ៣០០ម៉ែត្រ។ វា​អាច​ស្ថិតនៅ​ក្រោមទឹក រយៈពេល ១២ថ្ងៃ និងលេច​មកលើសម្រាប់​តែចាក់ប្រេង និង​ទទួលយកស្បៀងតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ