អានតួអត្ថបទ
ហុងកុង-សិទ្ធិមនុស្ស

ហុងកុងដាក់កំហិត​ឲ្យ​អ្នក​ស្នើ​សុំ​ប្តូរភេទ​ ត្រូវ​បង្ហាញ​ភស្តុតា​ង​​​វះកាត់​ភេទ​ដោយ​ជោគ​ជ័យ

អាជ្ញាធរ​ហុងកុង ចេញ​ច្បាប់ថ្មី​កំហិតឲ្យ​អ្នក​ចង់​ប្តូរភេទ នៅលើ​អត្ត​សញ្ញាណបណ្ណ ត្រូវ​តែបង្ហាញ​ភស្តុតា​ង​អំពី​ការ​វះកាត់​ភេទ​ដោយ​ជោគ​ជ័យជាមុន​សិន ហើយនិង​​ត្រូវ​រង់ចាំ រយៈ​ពេល​ ​២ ឆ្នាំក្រោយ​ពី​ការវះកាត់រួច​ ទើបអាច​​មាន​សិទ្ធិ​ដាក់ពាក្យ​ស្នើសុំ​ប្តូរ​ភេទ​ជាផ្លូវ​ការ​នៅលើ​លិខិត​ស្នាម​រដ្ឋបាល​​។ ការ​​ចែង​បទដ្ឋាន​ច្បាប់​ថ្មី​បែប​នេះ ត្រូវ​ក្រុមសកម្មជននិង​​​អង្គការ​សិទ្ធិមនុស្ស​ អង្អុរ​មុខរិះគន់​ថ្កោលទោស​​ថា ខុស​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ហើយ​និង​ប្រាសចាក​ឆ្ងាយ​​ពី​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ហុងកុង​​។ 

ទង់ជាតិ​និមិត្តរូប​នៃអ្នក​ស្រឡាញ់ភេទ​ដូចគ្នា។ រូប​ភាព​តំណាង
ទង់ជាតិ​និមិត្តរូប​នៃអ្នក​ស្រឡាញ់ភេទ​ដូចគ្នា។ រូប​ភាព​តំណាង ASSOCIATED PRESS - Vincent Yu
ផ្សាយពាណិជ្ជកម្ម

បទដ្ឋាន​ច្បាប់​ថ្មី ដែល អាជ្ញាធរ​ហុងកុង ប្រកាស​ដាក់​ចេញ​ថ្ងៃ​ពុធ ទី​៣មេសា​ ​បង្ហាញ​អំពីការ​រើសអើង​ដ៏ធ្ងន់ធ្ងរ​​​​និងរំលោភបំពានម្តងហើយ​ម្តងទៀតទៅលើ​សិទ្ធិមនុស្ស។ នេះបើតាម​ការ​អះអាង​របស់​ក្រុម​សកម្ម​ជន​​ស្រឡាញ់​ភេទ​ដូចគ្នា​ និងបណ្តាអង្គការ​ការពារសិទ្ធិ​មនុស្ស​​​នៅហុងកុង​។

ខ្លឹ​មសារ​ច្បាប់​ថ្មី​របស់​​​ហុងកុង ​តម្រូវ​ឲ្យ បុរស​ ដែល​ចង់​ដូរ​ភេទ លើអត្ត​សញ្ញាណបណ្ណនិង​​លិខិត​ស្នាម​ផ្លូវ​ការ​ថា​មាន​ភេទ​ស្រី ត្រូវ​តែ​​ឆ្លង​កាត់​ការ​វះកាត់​អវៈយវៈភេទ ​កែកាត់​ភេទ​មកជា​ប្រដាប់​ភេទ​ស្រី ​ និង​កែបណ្តុះ​ដើមទ្រូង​  ហើយចាក់​អរម៉ូន ឲ្យមាន​រាង​​ដូចរាងនារី​​​សុទ្ធសាធ។ ចំណែក​ស្រី​ៗ​ដែលចង់ស្នើ​សុំ​​​ប្តូរ​ភេទ​ធម្មជាតិ​លើ​អត្ត​សញ្ញាណបណ្ណ ថា​មាន​ភេទ​ប្រុស ក៏​​ចាំបាច់​ត្រូវវះកាត់ភេទ ​បណ្តុះ​លិង្គ និង​កែ​សរីរាង្គកាយដើមទ្រូង​ដែរ​​។ បុគ្គល​ទាំង​២ពួក​នេះ ត្រូវ​តែ​បង្ហាញ​ភស្តុតាង​អំពីការ​វះកាត់​នេះ​ ឲ្យ​រួច​រាល់​និង​ជោគជ័យ​ នៅមុន​ពេល​ដាក់ពាក្យ​ស្នើសុំ​ប្តូរ​ភេទ​នៅលើ​លិខិត​ស្នាម​រដ្ឋបាល​។ មុន​នឹង​ត្រូវ​ដាក់ពាក្យស្នើ​សុំ​នោះ​​ទៀត​សោត ច្បាប់ថ្មីតម្រូវ​ឲ្យ​រង់ចាំ​ រយៈ​ពេល ​២ ​ឆ្នាំ ជាមុន​សិន ដើម្បី​ឲ្យ​ធានាថា សរីរាង្គ​ដែល​វះកាត់​ថ្មី​នោះ វា​ដំណើរការ​បាន​ដែរឬទេ។ ​មិនតែប៉ុណ្ណោះ នៅក្នុង​ទម្រង់​បែបបទ​ពាក្យ​សុំប្តូរ​ភេទ​​នោះ គេត្រូវ​តែ​បង្ហាញ​ភស្តុតាង​អំពី​ការ​ធ្វើ​តេស្ត​ពិនិត្យ​យក​ឈាម​យ៉ាងញឹកញយ​ ដើម្បី​មើល​ពីកម្រិត​អរម៉ូន​ជាប្រត្រក្រី​។ ករណី​ផ្លាស់ប្តូរ​ទីតាំងរស់​នៅ ​និងដូរ​​លេខទូរសព្ទ ក្រុម​មនុស្ស​ប្តូរ​ភេទ ឬ​អ្ន​កស្នើ​សុំ​ប្តូរ​ភេទទាំង​នោះ​ ត្រូវ​​ជូន​ដំណឹង​ទៅអាជ្ញាធរចាំបាច់​។

​​ក្រសួង​អន្តោប្រវេសន៍ហុងកុង ជាអ្នក​ទទួល​បន្ទុក​កិច្ចការ​ពិនិត្យ​សំណុំ​ឯកសារ​ស្នើសុំ​ប្តូរ​ភេទ បាន​ប្រកាស​ថា​នឹង​ចាប់​​ផ្តើម​ពិនិត្យ​ពាក្យ​សុំ​ ហើយ​និង​ទាក់ទង​ទៅ​អ្នក​ដាក់​ពាក្យ​សុំ​ជាបន្ទាន់​បំផុត ដើម្បីបញ្ជាក់​អំពី​លក្ខខណ្ឌ​លម្អិត​។ អ្នក​ស្រី Regina Ip អ្នក​នយោបាយ​ស្រី​ហុងកុង លើកឡើង​ថា ច្បាប់​ថ្មី​បែបនេះមិន​ខុ​ស​ផ្ទុយ​ពី​ស្មារតី​របស់​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ហុងកុង​នោះឡើយ​ ហើយអ្នក​នយោបាយស្រី​រូប​នេះ ដែល​មាន​ជំនោរ​គាំទ្រ​រដ្ឋអំណាច​ចិន​ប៉េកាំង ​ថែមទាំង​អះអាងទៀតថា ការ​កម្រិត​ច្បាប់​ឲ្យ​វះកាត់​ប្តូរ​ភេទនេះជាការជឿន​លឿន​ទៅមុខ​ផង​​។

ផ្ទុយ​ទៅវិញ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ បាន​បញ្ជាក់​ក្តី​សោកស្តាយ​ជា​ពន់​ពេក​ចំពោះ​ច្បាប់​ថ្មី ដែល​រដ្ឋអំណាច​ហុងកុង បន្ត​ប្រើនយោបាយ​ រំលោភបំពាន​សិទ្ធិមនុស្ស​ ដោយ​ចាត់ទុក​ថា​មនុស្ស​​ភេទ​ទី៣ ជាមនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​​។ ពួក​គេ​បញ្ជាក់ទៀតថា នេះ​ជារឿង​មិន​អាច​ទទួល​យក​បាន​ទាល់​តែសោះ​ ហើយ​និង​ចាត់ទុកថា នេះជាការ​បំផ្លាញ​ជីវិត​ឯកជន​និង​រំលោភ​លើ​កិត្តិយស​សេចក្តីថ្លៃថ្នូរ​ក្នុងភាព​ជាមនុស្ស។ ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ បញ្ជាក់ថា​នឹង​ប្តឹង​បន្តជាថ្មីទៀត​ទៅ​តុលាការ​កំពូ​ល។ ជាការ​រំឭក​ នៅ​ខែ​កុម្ភៈ​ឆ្នាំ២០២៣ ​តុលាការ​កំពូ​លហុងកុង​ធ្លាប់​បាន​ចេញសាល​ដីកា​ម្តង​ហើយ ដោយសម្រេច​ថា  ការដែល​​រដ្ឋាភិបាល​ហុងកុង​ ​កំហិត​កាតព្វ​កិច្ច​​ត្រូ​វ​វះកាត់​ប្តូរភេទ​ ជាការរំលោភ​បំពា​ន​ច្បាប់​ធម្មនុញ្ញ។​ ក៏ប៉ុន្តែ អាជ្ញាធរ​ហុងកុង​ហាក់​ធ្វើ​មិនដឹង​មិនឮ​ចំពោះ​សាលដីកា​នេះ ហើយ​ចេញ​វិធានការ​ដដែល​មក​ជាថ្មី​ទៀត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ