អានតួអត្ថបទ
ចិន-អាមេរិក

រដ្ឋមន្រ្តី​ហិរញ្ញវត្ថុអាមេរិកព្រមានចិន​អំពី​ការ​ឧបត្ថម្ភធន​ដែល​អាច​បង្កគ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​សកល

ក្នុង​ដំណើរទស្សនកិច្ច​នៅចិន ​​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុអាមេរិក លោកស្រី ចានែត ល្វីស យេលែន បាន​ថ្លែង​ក្តីបារម្ភ​ជាថ្មីអំពីការ​​ឧបត្ថម្ភធនរបស់​រដ្ឋចិនក្នុង​វិស័យ​ឧស្សាហកម្ម ដោយ​ចាត់ទុកថា ករណី​នេះ​អាច​បង្កគ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ ការ​ថ្លែង​ដូច្នេះ​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​សហគមន៍​ពាណិជ្ជករ​អាមេរិក​ នៅ​ខេត្ត​​​ក្វាងទុង ប៉ែកខាង​ត្បូង​ចិន​។ ដោយ​ឡែក ក្នុង​ជំនួប​ជាមួយ​អភិបាល​ខេត្ត​ក្វាងទុង លោកស្រី​រដ្ឋមន្រ្តី​​ហិរញ្ញវត្ថុអាមេរិក ក៏បាន​លើកឡើងអំពី​ការ​ប្រកួត​ប្រជែង​ដោយ​ស្មោះ​ត្រង់​។​  

លោកស្រី ចានែត ល្វីស យេលែន រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ព្រមាន ចិន អំពីការឧបត្ថម្ភធនដែលអាចបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចពិភពលោក។
លោកស្រី ចានែត ល្វីស យេលែន រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ព្រមាន ចិន អំពីការឧបត្ថម្ភធនដែលអាចបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចពិភពលោក។ REUTERS - Carlos Barria
ផ្សាយពាណិជ្ជកម្ម

ក្វាង​ទុង ជា​​​ខេត្តនិមិត្ត​ឧស្សាហកម្ម​ផលិតកម្ម ​និងជា​​ខេត្ត​ដែល​មាន​ជាងគេ​នៅចិន។ ទីនេះហើយ ដែល​ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុអាមេរិក ជ្រើស​រើស​សម្រាប់ការ​ចាប់​ផ្តើម​ទស្សនកិច្ច​ ៤ថ្ងៃ​នៅ​ប្រទេស​ចិន​។ ​ ​នៅចំពោះមុខ​សហគមន៍​ពាណិជ្ជករ​អាមេរិក កាលពីថ្ងៃ​ថ្ងៃសុក្រ ទី​៥មេសា  ​​លោកស្រី ចានែត ល្វីស យេលែន​ រដ្ឋមន្រ្តី​ក្រសួង​​ហិរញ្ញវត្ថុអាមេរិក បានចង្អុល​បង្ហាញ​ពីផលវិបាក​នៃ​ការ​​ឧបត្ថម្ភ​ធន​ច្រើន​ឡើងៗ​របស់​រដ្ឋចិន ក្នុង​វិស័យ​ឧស្សាហកម្មផលិតកម្ម​។ ការ​ធ្វើ​ដូច្នេះ ត្រូវលោកស្រីរដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អា​មេរិក ចានែត ល្វីស យេលែន​ ​ បញ្ជាក់​ថា វា​​នឹង​អាច​ឲ្យ​ចិន​បាន​ផលិត​ទំនិញ​ច្រើន​ពិត​មែន រហូតដល់​ច្រើ​ន​ជ្រុល​លើស​តម្រូវការ​ក្នុងស្រុក ហើយ​និង​ជន់ជោរ​លើស​ទីផ្សារ​ក្រៅ​ស្រុក​ថែម​ទៀត​។​ ប្រការ​នេះ ក៏​​​នាំឲ្យ​ទាញ​តម្លៃ​ធ្លាក់​ទាបខ្លាំង​ ហើយ​ថែមទាំង​​អាច​បង្កគ្រោះថ្នាក់គំរាម​កំហែង​​ដល់​ក្រុម​ហ៊ុន​អាមេរិកនិង​ប្រទេស​ដទៃ​ទៀត​ ដែល​នៅទី​បំផុត វាបង្កគ្រោះថ្នាក់​ដល់​​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។​

ប្រសាសន៍​របស់​រដ្ឋមន្ត្រីអាមេរិក​ចាក់​ចំចំណុច​ឧបត្ថម្ភធនបែបនេះ ពុំ​ចម្លែក​សោះឡើយ​ចំពោះ​អ្នក​វិភាគ​សេដ្ឋកិច្ច​។ មិនចម្លែក​ ដ្បិតថា​ តាំង​ពីងើប​ពីវិបត្តិកូវីដ​១៩​មក រដ្ឋ​អំណាច​ចិនប្រើវិធីសាស្ត្រ​កែទម្រង់​សេដ្ឋកិច្ច ដោយ​ជ្រោម​ជ្រែង​ជួយ​សម្បើម​ណាស់​ទៅលើ​វិស័យ​ឧស្សាហកម្ម​ផលិត​ ពិសេស​ការ​​ផលិត​ឡាន​អគ្គិសនី​ និង​អភិវឌ្ឈបច្ចេកវិទ្យាទំនើប​។ សហរដ្ឋអាមេរិក​ វិញ ក៏​ប្រឹង​វិនិយោគ​ខ្លាំង​ដែរ​ទៅ​លើការ​ផលិតរថយន្ត​ដើរដោយ​ថាមពល​កកើត​ឡើងវិញ ហើយរដ្ឋបាល​របស់​លោក​ ចូ បៃដិន ក៏បាន​យក​ចំណុច​នេះ​ជា​ឧបករណ៍​ឃោសនា១​សម្រាប់ការ​បោះឆ្នោតជាថ្មី​ផង។ ប្រសាសន៍​របស់​​រដ្ឋមន្ត្រី​អាមេរិក​ ក៏​ជាការ​និយាយ​ស្កាត់ទុក​ជាមុន ជៀសវាង​ទំនាស់ធំ​នៅ​ពេល​អនាគត ក្នុងការ​វិស័យ​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ច្រើន​ជ្រុល​ហួស​កម្រិត ពីសំណាក់​ស្រុក​ចិន​។​​ នេះបើតាម​លោក​ Paul Triolo អ្នក​ជំនាញ​កិច្ចការ​ចិន​ ក្នុង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អាមេរិក Albright Stonebridge Group។​

ដោយឡែក កាសែត​ក្នុង​ស្រុក​ចិន បាន​កោត​សរសើរ​​រដ្ឋមន្រ្តី​អាមេរិក ថា​ចេះ​កាន់​ចង្កឹះ​បាន​យ៉ាង​ប្រសព្វ។ នេះជាលើកទី២ ក្នុងរយៈ​ពេល​១ឆ្នាំ ដែល​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុអាមេរិកអញ្ជើញ​ទៅ​ស្រុក​ចិន។ ​ដូច​កាល​ពី​ដំណើរ​ទស្សនកិច្ច​កាលពី​៩ខែមុន​ដែរ លោកស្រី ចានែត ល្វីស យេលែន បាន​លើកឡើង​ពី​​ការ​ប្រកួត​ប្រជែងទីផ្សារ​ដោយ​សុចរិត​​ស្មោះត្រង់​។ ក្នុង​ជំនួប​ជាមួយ​អភិបាល​ខេត្ត​​​ក្វាងទុង លោក​ស្រី​​​រដ្ឋមន្ត្រីបាន​ធានាថា​ សហរដ្ឋ​អាមេរិករំពឹង​បាន​ទំនាក់​ទំនងរកស៊ី​ផ្នែក​សេដ្ឋកិច្ច​​ល្អ​ជា​មួយ​ចិន​ ក៏ប៉ុន្តែ ចិនក៏​​ចាំបាច់​បង្កលក្ខណៈ​ប្រកួត​ប្រជែង​ដោយយុត្តិធម៌​សម្រាប់​ក្រុម​ហ៊ុន​អាមេរិក​និង​បុគ្គលិក​ពួក​គេ​ ព្រម​ទាំង​ទាក់ទង​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា ដោយ​សេរីនិងបើក​ចំហំ ចំពោះ​វិស័យ​​ដែល​យល់​ឃើញខ្វែង​គ្នា​។​

នៅថ្ងៃសៅរ៍ លោកស្រីរដ្ឋមន្រ្តី​​ហិរញ្ញវត្ថុអាមេរិក​​បន្ត​ដំណើរ​ទៅ​រដ្ឋធានីប៉េកាំង​។ ក្នុង​ឱកាស​នៅស្រុក​​ចិន ​​​​ លោកស្រី ចានែត ល្វីស យេលែន ត្រូវ​ទទួល​ជួប​ជាមួយលោក លី ឈាំងនាយករដ្ឋមន្ត្រីចិន, លោក He Lifeng ​អនុនាយករដ្ឋមន្ត្រីចិន​, លោក Lan Fo’an រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ ព្រមទាំង​អគ្គទេសាភិបាល​ធនាគារ​ជាតិ​ចិន លោក Pan Gongsheng។​ ពួក​គេ​នឹង​ជជែក​គ្នា​អំពី​សំណុំ​រឿង​រស៊ើប​ជុំវិញ​ការ​រឹតត្បិតប្រឆាំង​​ទំនិញ​ផលិត​ចិនមិនឲ្យ​​នាំចូល​សហរដ្ឋ​អាមេរិក​ព្រោះតែ​ហេតុផល​សន្តិសុខ​ជាតិ ហើយ​និង​ ការគាំទ្រ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​របស់​ចិន​ចំពោះ​រុស្ស៊ី​​​៕

La secrétaire au Trésor américain Janet Yellen arrive à l'aéroport international de Guangzhou Baiyun, à Guangzhou, dans la province de Guangdong, en Chine, le 4 avril 2024.
La secrétaire au Trésor américain Janet Yellen arrive à l'aéroport international de Guangzhou Baiyun, à Guangzhou, dans la province de Guangdong, en Chine, le 4 avril 2024. REUTERS - Tingshu Wang

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ