អានតួអត្ថបទ
ផែនដី-ឧស្ម័នកាបូនិក

ទីភ្នាក់ងារ IEA៖ ការបញ្ចេញឧស្ម័ន​កាបូនិក​ដោយ​ស្នាដៃ​មនុស្ស កើន​ដល់​ចំនួន​បំបែក​ឯតទគ្គកម្ម

ការបញ្ចេញឧស្ម័នកាបូនិក​នៅ​បន្ត​កើនឡើង​នៅ​ឆ្នាំ​២០២៣ ដោយសារ​តែ​ថាមពលស្អាតស្អំ​ដូចជា​ថាមពល​បានមកពីទំនប់​វារីអគ្គិសនី​បាន​ធ្លាក់ថយចុះ នៅក្នុងពិភពលោក ដោយសារ​តែ​គ្រោះរាំងស្ងួត ខ្វះទឹក។ នេះបើតាម​របាយការណ៍ ដែល​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​ចុះផ្សាយ​កាលពីថ្ងៃ​សុក្រទី ១​មីនា។ ដោយសារ​តែ​គ្រោះរាំងស្ងួត ចិន កាណាដា ម៉ិកស៊ិក​បាន​ងាក​ទៅប្រើ​ថាមពល​បានមកពីធ្យូងថ្ម ឬ​ប្រេង​ឧស្ម័ន ដែល​បញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុ​នៃការឡើងកំដៅផែនដី។

ទំនប់ស្តុកទឹកនៅ​ទីក្រុងYorkshire ប្រទេស​អង់គ្លេស មានកម្រិតទឹកធា្លក់ចុះទាប ដោយសារ​គ្រោះរាំងស្ងួតជាប់ៗគ្នា
ទំនប់ស្តុកទឹកនៅ​ទីក្រុងYorkshire ប្រទេស​អង់គ្លេស មានកម្រិតទឹកធា្លក់ចុះទាប ដោយសារ​គ្រោះរាំងស្ងួតជាប់ៗគ្នា AP - Jon Super
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ ២០២៣ ថាមពល​ដែលមនុស្ស​ប្រើប្រាស់​នៅក្នុង​ពិភពលោក បាន​បញ្ចេញ​ឧស្ម័នកាបូនិក​កាន់តែច្រើនឡើង ប្រមាណ ៤៩០លាន​តោនបន្ថែមទៀត ដែល​ជា​ហេតុធ្វើ​ឲ្យ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​សរុប​មានចំនួន ៣៧,៤ពាន់​លានតោន ពោល​គឺ​កើនឡើង​១,១% បើប្រៀបធៀប​នឹង​ឆ្នាំ ២០២២។ តាម​ការពន្យល់​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ហៅកាត់ជាភាសា​អង់គ្លេស​IEA​ថា នៅ​ឆ្នាំ ២០២៣ ការបញ្ចេញ​ឧស្ម័ន​កាបូនិក​បានកើនឡើង បំបែក​ឯតទគ្គកម្ម ព្រោះថា ការផលិតថាមពល​ស្អាតស្អំ​ដែលបាន​មកពី​រោងចក្រវារីអគ្គិសនី បាន​ធ្លាក់ថយចុះ នៅទូទាំងពិភពលោក ដោយសារ​តែ​គ្រោះរាំងស្ងួតធ្ងន់ធ្ងរ ប៉ុន្មានរដូវជាប់ៗគ្នា នៅគ្រប់តំបន់។

ដោយសារ​តែ​ខ្វះទឹក គ្រោះរាំងស្ងួត ប្រទេសមួយចំនួនដែលត្រូវការច្រើន ថាមពល​សម្រាប់​ចលនា​ម៉ាស៊ីនសេដ្ឋកិច្ច ដូចជា​ចិន កាណាដា ឬ​ម៉ិកស៊ិក​ជាដើម​បាន​ងាក​មក​ប្រើ​ថាមពល​ផូស៊ីល ដែលជា​ប្រភពបញ្ចេញ​ឧស្ម័នកាបូនិកក្រាស់ក្រែល។ ជាក់ស្តែង មហាយក្ស​ចិន​តែម្នាក់ឯង បញ្ចេញ​ឧស្ម័ន​កាបូនិក​ដល់​ទៅ ៥៦៥លានតោន នៅ ឆ្នាំ ២០២៣ នោះ​ក៏ដោយសារ​តែ​ចិន​ត្រលប់​ទៅ​ប្រើ​ថាមពល​ធ្យូងថ្ម និង​ប្រេង សម្រាប់​ផលិត​អគ្គិសនី ជំរុញ​កំណើន​សេដ្ឋកិច្ច នៅក្រោយ​វិបត្តិកូវីដ។

តាមការសង្កេត​របស់ទីភ្នាក់ងារ​ថាមពលអន្តរជាតិ និន្នាការ​នៅ​ប្រទេស​ចិន ខុសផ្ទុយស្រឡះ ពីបណ្តា​ប្រទេស​អភិវឌ្ឍ ដែល​នៅតែ​អាច​បន្ត​ជំរុញ​សេដ្ឋកិច្ច ធានា​កំណើន​ផលិតក្នុងស្រុកសរុប ដោយ​មិន​ចាំបាច់​ត្រូវការ​ថាមពល​ផូស៊ីល។ នៅ​ទឹកដី​អឺរ៉ុបជាដើម ការប្រើថាមពល​ធ្យូងថ្ម បាន​ធ្លាក់ថយ​ចុះ ជាបន្តបន្ទាប់ បើធៀប​នឹង​ដើម​សតវត្សរ៍​ទី ២០។

ការបញ្ចេញឧស្ម័នកាបូនិក ដោយសារ​ការប្រើប្រាស់ថាមពល​ផូស៊ីល ចេះតែបន្តកើនឡើងយ៉ាងដូច្នេះ មិនមែនជាសញ្ញាល្អទាល់តែសោះ ព្រោះថា ដើម្បី​ទប់ស្កាត់ កុំ​ឲ្យកំដៅលើ​ផែនដី កើនឡើង​បន្ថែម ១,៥អង្សា គេទាមទារ​ឲ្យ​គ្រប់​វិស័យ​ទាំងអស់​ត្រូវ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ឲ្យបាន​៤៣% យ៉ាងយូរបំផុត​នៅ​ឆ្នាំ ២០៣០ ពោល​គឺមិនមែន​ចេះតែ​បង្កើន​ការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់។

ដោយពិតទៅ អ្វីៗ​មិន​ខ្មៅងងឹត​ទាំងស្រុងនោះទេ។ ជា​ការកត់សំគាល់​របស់​ទីភ្នាក់ងារថាមពលអន្តរជាតិ នៅក្នុង​របាយការណ៍​របស់ខ្លួន ការបញ្ចេញ​ឧស្ម័នកាបូនិក​បន្ត​កើនឡើង​មែនពិត ប៉ុន្តែ ក្នុង​បរិមាណ​ទាប បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២២។ នោះ​ក៏ដោយមកពីមានការប្រឹងប្រែង ការបង្កើន​ការផលិត​ថាមពល​ស្អាតស្អំ ដូចជា​ថាមពលពន្លឺព្រះអាទិត្យ និង​វាយោជាដើម។ សម្រាប់​ទីភ្នាក់ងារ​ថាមពលអន្តរជាតិ បើសិន​ជាគ្មាន​ថាមពល​ស្អាតស្អំ នោះ ការបញ្ចេញ​ឧស្ម័នកាបូនិក​នឹង​កើនឡើង​បន្ថែម ៩០០លានតោន ក្នុងមួយឆ្នាំ ពោល​គឺ​៣ដង​នៃ​ចំនួនកើនឡើង​សព្វថ្ងៃ។ ប៉ុន្តែ ទីភ្នាក់ងារ​ថាមពលIEA ​នៅតែ​សោកស្តាយ​ពី​គម្លាត​រវាង​ប្រទេស​អ្នកមាន និងប្រទេស​អ្នក្រ នៅក្នុង​ការប្រើប្រាស់​ថាមពល​ស្អាតស្អំ ព្រោះថា ការវិនិយោគ​លើ​ថាមពលស្អាតស្អំ​ផ្តោត​ប្រមូលផ្តុំ​តែ​នៅប្រទេស​អ្នកមាន ប្រទេសមហាអំណាច​ធំៗ ដែលមានលទ្ធភាព មានមធ្យោបាយ​ច្រើន ដូចជា ប្រទេស​ចិន អាមេរិក និងសហភាពអឺរ៉ុប​ជាដើម។ ជាក់ស្តែង ថាមពល​ស្អាតស្អំ​បានមកពី​ផ្ទាំងសូឡា និង​វាយោអគ្គិសនី កើនឡើង​តែ​នៅ​បណ្តាប្រទេស​អភិវឌ្ឍ ចំណែក​ប្រទេស​ក្រីក្រ ប្រទេស នៅអាស៊ី និង​នៅអាហ្វ្រិក ជាដើម ដែល​សំបូរ​ពន្លឺព្រះអាទិត្យ នៅតែ​ខ្សត់ខ្សោយ ខ្វះការវិនិយោគសម្រាប់ផលិតថាមពលស្អាតស្អំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ