អានតួអត្ថបទ
ចិន-អាមេរិក

Microsoft : ចិនប្រើ​ប្រព័ន្ធ​ប​ច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្តដើម្បីសាបព្រោះ​ភាព​ចម្រូង​ចម្រាស

រដ្ឋអំណាច​ចិនប្រើប្រាស់​​ប្រព័ន្ធ​ប​ច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត ដើម្បីសាបព្រោះ​ភាព​ចម្រូង​ចម្រាស និង​បង្កភាព​មិនចុះ​សម្រុង​ នៅ​លើ​ពិភព​លោក​​ រួម​ទាំង​នៅ​សហរដ្ឋអាមេរិក​ដែរ។ ការ​នេះបង្ក​ជាក្តីបារម្ភ​ខ្លាំង ក្នុង​ឱកាស​ដែល​ សហរដ្ឋអាមេរិក ត្រូវ​រៀបចំ​ការ​បោះឆ្នោតប្រធានាធិបតី ហើយ​ប្រទេស​ដទៃទៀត ដូចជា ឥណ្ឌា និងកូរ៉េខាង​ត្បូង ជាដើម ក៏ត្រូវ​រៀបចំ​បោះឆ្នោត​ជាតិ​ដែរ ក្នុង​ឆ្នាំនេះ។​ ការ​សម្តែងក្តីបារម្ភយ៉ាងដូច្នេះ ត្រូវ​បញ្ជាក់ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិទ្យា​នៃ​ក្រុម​ហ៊ុន​អាមេរិក​ Microsoft ដែលបានចេញផ្សា​របាយការណ៍​ថ្មី​១​ក្នុង​សប្តាហ៍​នេះ​។​ ​

Microsoft : ចិនប្រើប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ដើម្បីសាបព្រោះភាពចម្រូងចម្រាសនៅលើពិភពលោក។​
Microsoft : ចិនប្រើប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ដើម្បីសាបព្រោះភាពចម្រូងចម្រាសនៅលើពិភពលោក។​ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ប្រទេស​​ចិនកាន់តែ​តម្រង់​ឆ្ពោះ​ទៅការ​ពង្រីក​វាតទី​ឥទ្ធិពល​នៅបរទេស​ ហើយ​និង​ជ្រៀត​ជ្រែង​កិច្ច​ប្រទេស​​ដទៃ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខ្លួន​។ រដ្ឋអំណាចចិន​ប្រើប្រាស់​កាន់តែ​ច្រើន​ឡើងៗ នូវ​ប្រព័ន្ធ​ប​ច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត ហើយ​និង គណនី​ប្រើប្រាស់​បណ្តាញ​សង្គម​ក្លែង​ក្លាយ គ្មាន​មនុស្ស​​ជា​​ម្ចាស់​គណនីពិត​ប្រាកដទេ​​ ប្រើក្នុង​គោល​បំណង​ដើម្បី​​សាប​ព្រោះ​​ភាព​ចម្រូង​ចម្រាស និង​បង្កភាព​មិនចុះ​សម្រុង​ នៅ​សហរដ្ឋអាមេរិក​ ក៏ដូច​ជានៅ​​ប្រទេស​ដទៃ​លើ​ពិភព​លោក​​​។ នេះបើតាម​ការ​លើកឡើង​របស់ លោក Clint Watts ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​ការ​គំរាមកំហែង​តាម​ប្រព័ន្ធបច្ចេក​វិទ្យា​អ៊ីន​ធ័រ​នែត ​នៃ​ក្រុម​ហ៊ុន​អាមេរិក​ Microsoft  ក្នុង​​របាយការណ៍​ចេញផ្សាយ​ពីថ្ងៃ​ព្រហស្បតិ៍​ ទី​៤មេសា។

អ្នក​ជំនាញ​ក្រុម​ហ៊ុន​​ Microsoft បាន​ពន្យល់​ទៀត​ថា តាមរយៈ​ប្រព័ន្ធ​ប​ច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត ចិន​អាច​បង្កើន​គណនី​ក្លែងក្លាយ​ជាច្រើន ហើយ​ប្រើ​វា​ដើម្បីខំ​ឆ្កឺះឆ្កៀល​សំណុំ​រឿង​ណាមួយ​។ ប្រធានបទ​ដែល​ពេញ​និយម​ខ្លាំងនៅ​អាមេរិក ទាក់ទង​នឹង បញ្ហានយោបាយ​ជន​ភៀសខ្លួន បរិស្ថានអាកាសធាតុ​ គ្រឿងញៀន និងការ​រើសអើង​ប្រកាន់​ពូជសាសន៍។ ប​ច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្តនិង​គណនី​ក្លែង​ក្លាយ យក​ប្រធាន​ទាំងនោះ ទៅស្ទង់មតិ ដើម្បី​ដឹងពីទំនោរ​របស់​អ្ន​កប្រើប្រាស់និងម្ចាស់​ឆ្នោត​ ហើយក៏​​ដើម្បី​បំភាន់​មតិ​សាធារណៈ​អ្នក​បោះឆ្នោត​អាមេរិក​ ហើយនិងអាច​នាំឲ្យ​​ផ្អៀង​លទ្ធផល​បោះឆ្នោត​ ទៅ​គណបក្ស​នយោបាយ​ ឬ​បេក្ខជនណាមួយ ដែល​អាច​នឹង​ជាប្រយោជន៍​សម្រាប់​ចិន។

មិនតែប៉ុណ្ណោះ ចិន​អាច​ប្រើ​ប្រាស់​ប្រព័ន្ធបណ្តាញ​ទាំងនោះ ដើម្បី​ឆ្លៀត​កេញចំណេញ​ទៅលើ​ព្រឹត្តិការណ៍​ណាមួយ​នៅក្នុងសង្គម​អាមេរិក ក្នុង​បំណង​នឹង​ធ្វើ​ឲ្យ​អ្ន​កប្រើប្រាស់​អ៊ិនធ័រនែត អស់​ជំនឿនិង​ដក​ទំនុកទុក​ចិត្ត​ពី​អាជ្ញាធរ​អាមេរិក​។ ជាក់ស្តែង​ ករណី​រថភ្លើង​បើក​ខុស​ផ្លូវ​នៅ​រដ្ឋ​Kentucky និង​ភ្លើង​ឆេះ​នៅកោះ​ហាវៃ ដែល​ គណនី​ប្រើប្រាស់បណ្តាញ​សង្គមគ្មាន​ម្ចាស់​ពិតប្រាកដ បញ្ចេញ​សាររិះគន់ ស្តីបន្ទោស និង​នាំឲ្យ​ដក​ទំនុក​ចិត្ត​ពី​អាជ្ញាធរ។

ជាការ​រំឭក កាលពី​​ចុង​ឆ្នាំ​២០២៣ អ្នក​ជំនាញ​ក្រុម​ហ៊ុន​​ Microsoft  បានរកឃើញ​ដែរថា រដ្ឋអំណាច​ចិន​បាន​ប្រើ​បណ្តាញ​សង្គម​ ដើម្បី​ជ្រៀតជ្រែក​នៅក្នុង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ នៅខែវិច្ឆិកា​២០២២។

ប្រការ​​នេះ នាំឲ្យ​មាន​គ្រោះថ្នាក់​​ហើយ​និងក្តីបារម្ភ​ជុំវិញ​ការ​បោះឆ្នោត​ប្រធានាធិបតី ខែវិច្ឆិកា​ ឆ្នាំ​២០២៤ ខាងមុខ​​។ ជុំវិញ​ការ​ជ្រៀត​ជ្រែកកិច្ចការ​ផ្ទៃ​ក្នុង​​​អាមេរិក លោកប្រធានាធិបតី​ ចូ បៃដិន បាន​រំឭក​ប្រាប់​និង​ដាស់​តឿន​លោកប្រមុខរដ្ឋចិន ស៊ី ជិនពីង ម្តងជាពីរ​ដង ហើយ​​នៅពេល​​ជជែក​គ្នា​តាម​ទូរសព្ទ​ ក្នុង​សប្តាហ៍​នេះ ថ្នាក់ដឹកនាំ​អាមេរិកក៏​​បាន​ព្រមាន​ចិន​ពីការ​លូកដៃ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ប្រធានាធិបតី​​អាមេរិក ក្នុង​ឆ្នាំ​នេះដែរ​​​​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ