អានតួអត្ថបទ

កូរ៉េខាងជើងសាកល្បងក្បាលគ្រាប់ដ៏ធំមហិមា​សម្រាប់បំពាក់​មីស៊ីល​បណ្តែត

​ទីភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង ​ប្រកាសថា កងទ័ព​របបក្រុង​ព្យុងយ៉ាង​ បាន​សាកល្បងក្បាលគ្រាប់ដ៏ធំសម្រាប់បំពាក់​មីស៊ីល​បណ្តែត ហើយ​និងបាញ់សាក​មីស៊ីល​ប្រឆាំង​មីស៊ីល​ ដោយ​ជោគជ័យ។​ ចំពោះ​កូរ៉េខាងត្បូង, ការ​សាកល្បងមីស៊ីលរបស់​​កូរ៉េខាងជើង​នេះ ជាការ​ចំអក​ជាថ្មី​ទៀត​ចំពោះ​សហរដ្ឋអាមេរិក ខណៈ​ពេល​ដែល​ឯក​អគ្គរដ្ឋទូត​​អាមេរិក​ប្រចាំអង្គការ​សហ​ប្រជា​ជាតិ ​កំពុង​តែ​ដំណើរ​ទស្សនកិច្ច​នៅ​​អាស៊ី​។

កូរ៉េខាងជើងសាកល្បងក្បាលគ្រាប់ដ៏ធំមហិមាសម្រាប់បំពាក់មីស៊ីលបណ្តែត។
កូរ៉េខាងជើងសាកល្បងក្បាលគ្រាប់ដ៏ធំមហិមាសម្រាប់បំពាក់មីស៊ីលបណ្តែត។ AP
ផ្សាយពាណិជ្ជកម្ម

អង្គភាព​មីស៊ីល​​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​ក្បាលគ្រាប់ដ៏ធំសម្បើម​​សម្រាប់បំពាក់​មីស៊ីល​បណ្តែត ឈ្មោះ​Hwasal-1 Ra-3 ដែល​ទីភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ពិព័រណ៌នាថា ជា​ក្បាល​គ្រាប់​ដ៏ធំមហិមា។ ទន្ទឹម​នឹងគ្នា​នោះ  ក្រុង​ព្យុងយ៉ាង​ ក៏​បាញ់​សាកល្បង​មីស៊ីល​ប្រភេទថ្មី​១ទៀត ជា​មីស៊ីល​ប្រឆាំងមីស៊ីល ឈ្មោះ Pyoljji-1-2+។​ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង បញ្ជាក់​ទៀត​ថា ការ​សាកល្បង​ទាំងពីរ​នេះ ធ្វើ​ឡើងដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ​កាលពី​ថ្ងៃសុក្រ ទី​១៩មេសា នៅ​សមុទ្រ​​ខាងលិច​ ឬ​សមុទ្រ​លឿង។ KCNA ​សង្កត់ធ្ងន់​ថា ការ​សាកល្បង​ក្បាលគ្រាប់​និង​មីស៊ីល​ ទាំងនេះ ឋិត​នៅក្នុងគម្រោងរបស់​អង្គភាព​មីស៊ីលនិង​​វិទ្យាស្ថាន​​ការពារជាតិ​​​កូរ៉េខាងជើង ។

បង​ប្អូន​ជាសត្រូវ​កូរ៉េ​ជើង គឺ​របបក្រុង​សេអ៊ូល​ ក៏​បាន​បញ្ជាក់នៅ​ថ្ងៃ​សុក្រ​ដែរ​ ថា​កងទ័ព​​កូរ៉េ​ខាង​ត្បូងបាន​ចាប់សញ្ញា​ពីការ​បាញ់​សាកល្បង​មីស៊ីល​ជាច្រើនគ្រាប់​​ ជា​ប្រភេទ​មីស៊ីល​បណ្តែត និង​មីស៊ី​ល​ប្រឆាំង​មីស៊ីល ដែល​បាញ់​បង្ហោះ​នៅ​ប្រហែល​ប្រមាណជាង​ ម៉ោង ​៣ រសៀល ម៉ោង​នៅឧបទ្វីប​កូរ៉េ​។​ នេះ​បើតាម​ទីភ្នាក់​កាសែត​កូរ៉េ​ខាង​ត្បូង យ៉ុនហាប់​ ដោយ​​​ឲ្យដឹង​ទៀត​ថា ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​​បាន​តាម​ដាន​សកម្មភាព​សាកល្បង​មីស៊ីល​របស់កូរ៉េខាងជើង យ៉ាង​កៀកកិតបំផុត​ ហើយ​ប្រសិន​បើ​របប​ក្រុងព្យុងយ៉ាង ជំរុញ​ការ​ញោះញ៉ុង​បង្កហេតុភេទ​មិនល្អណាមួយ​ នោះរបបក្រុង​សេអ៊ូល នឹង​ពិន័យ​វិញ​ភ្លាមភ្លេតឲ្យ​ចាស់​ដៃ។​

​ចំពោះ​មជ្ឈដ្ឋានកូរ៉េខាងត្បូង, ការ​បាញ់​សាកល្បង​មីស៊ីលរបស់​កូរ៉េខាងជើង​ជាថ្មីនេះ គឺ របបក្រុង​ព្យុងយ៉ាង​ ចង់​ចំអក​ឡកឡឺយ​ឲ្យ​ ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ប្រចាំអង្គការ​សហប្រជាជាតិ ដែល​កំពុង​តែ​ធ្វើដំណើរ​ទស្សនកិច្ច​មក​កាន់​អាស៊ី​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ដំណើរ​ត្រួត​ពិនិត្យ​នៅ​ព្រំដែន​កូរ៉េខាងត្បូង​ ​ ​ លោកស្រីឯក​អគ្គរដ្ឋទូត​អាមេរិក​ Linda Thomas-Greenfield បាន​ប្រកាស​អំពាវនាវ​ កូរ៉េខាងជើង​​ ឲ្យត្រឡប់​មកតុចរចា និងថា ទ្វារសម្រាប់​ចរចា​ជជែក​គ្នា​នៅបើកចំហ​។​ សហរដ្ឋអាមេរិក​និង​ដៃគូ​សម្ព័ន្ធ​មិត្ត រង់ចាំ​ជជែកពិភាក្សា​ជានិច្ច។

ខុស​ពី​មីស៊ីល​បាឡីស្ទិក​ដែល​ជាប់​បំរាម​របស់​​អង្គការ​សហប្រជាជាតិ, ​កូរ៉េខាងជើង បាញ់​សាកល្បង​​មីស៊ីល​​បណ្តែត ព្រោះ​មិន​ទាន់​ជាប់​បំរាម​ទណ្ឌកម្ម។ មិន​ជាប់​បំរាម​ ដ្បិតថា ក្នុងកិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​កាលពី​ចុង​ខែ​មីនា​ ប្រទេស​រុស្ស៊ី​បាន​ជួយ​បោះឆ្នោត​វេតូ​ជំទាស់​។​ បើតាម​អ្នក​ជំនាញ, មីស៊ីល​បណ្តែត ដែល​​​ របបកុម្មុយនិស្ត​កូរ៉េខាងជើង​ បាន​បាញ់​សាកល្បង​នៅពេល​នេះ ទំនង​ជា​អាច​នឹង​ត្រូវ​បញ្ជូន​ទៅឲ្យ​ រុស្ស៊ី ដើម្បី​ប្រើ​ប្រាស់​នៅក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ