អានតួអត្ថបទ

អាមេនី​ត្រៀមចរចា បង្កើតបទឈប់បាញ់ ប៉ុន្តែ អាស៊ែបៃហ្សង់ គិតតែ​សម្រុក​វាយប្រហារ

ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អាស៊ែបៃហ្សង់ និង​កម្លាំង​ក្រុមអ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​តំបន់​ការ៉ាបាក់​គាំទ្រ​ដោយ​កម្លាំងទ័ព​អាមេនី​នៅតែ​បន្ត​មាន នៅ​ថ្ងៃ​សៅរ៍​ទី ៣ តុលា បើទោះ​បី​ជាមាន​ការអំពាវនាវ​ពី​សហគមន៍​អន្តរជាតិ​ឲ្យភាគីប្រយុទ្ធ​ទាំងពីរ ទម្លាក់អាវុធ។ កាលពីថ្ងៃ​សុក្រ រដ្ឋាភិបាល​អាមេនី​បាន​ថ្លែងត្រៀមខ្លួន​ពិភាក្សា​ជាមួយ អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបតិ្តការ​អឺរ៉ុប OSCEដើម្បី​បង្កើតបទឈប់បាញ់​នៅ​តំបន់​ការ៉ាបាក់ ប៉ុន្តែ គេ​នៅមិនទាន់​ឃើញ​មានចំលើយតប​វិជ្ជមាន​ពី​ភាគី​អាស៊ែរបៃហ្សង់​នៅឡើយទេ។

ទាហាន​អាមេនី​ បាញ់​គ្រាប់ផ្លោង​ចេញ​ពី​តំបន់​agorno-Karabakh ដែល​ក្រុម​ទាមទារ​ផ្តាច់ទឹកដី​ពី​អាស៊ែបៃហ្សង់ កំពុង​ប្រយុទ្ធគ្នា​ជាមួយ​ទាហាន​អាស៊ែបៃហ្សង់ កាលពីថ្ងៃទី ២៩​កញ្ញា ២០២០
ទាហាន​អាមេនី​ បាញ់​គ្រាប់ផ្លោង​ចេញ​ពី​តំបន់​agorno-Karabakh ដែល​ក្រុម​ទាមទារ​ផ្តាច់ទឹកដី​ពី​អាស៊ែបៃហ្សង់ កំពុង​ប្រយុទ្ធគ្នា​ជាមួយ​ទាហាន​អាស៊ែបៃហ្សង់ កាលពីថ្ងៃទី ២៩​កញ្ញា ២០២០ AP - Sipan Gyulumyan
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សង្រ្គាម​ប្រយុទ្ធគ្នា ដែល​បាន​ឈាន​ចូលដល់​ថ្ងៃទី ៧ គ្រាប់ផ្លោង​សំដៅ​ទីក្រុង ភូមិ ក្នុង​តំបន់​ការ៉ាបាក់ បាន​ថយចុះ ស្ងប់ស្ងាត់ នៅព្រឹកថ្ងៃ​សៅរ៍នេះ ប៉ុន្តែ ការប្រយុទ្ធគ្នា រវាង​កងទ័ព អាស៊ៃបៃហ្សង់ និង​កងកម្លាំងផ្តាច់ទឹកដី​អាមេនី នៅ​តែ​សន្ធឹកខ្លាំង នៅ​ជួរ​សមរភូមិមុខ។ អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អាមេនី នៅ​ថ្ងៃ​សៅរ៍នេះ បាន​បរិហារ​ថ្កោលទោស ការវាយប្រហារ​ដ៏ហិង្សា របស់​កងទ័ព អាស៊ែបៃហ្សង់ ទៅលើ​ក្រុមទាមទារ​ផ្តាច់ទឹកដី ដែល​គាំទ្រ​ដោយ អាមេនី។ ក្រសួងការពារ​ជាតិ​អាមេនី​បាន​និយាយ​ថា ទាហាន​របស់​ក្រុមទាមទារ​ផ្តាច់ទឹកដី​គាំទ្រ​ដោយ​អាមេនី ចំនួន​៥១​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​កងទ័ព​អាស៊ែបៃហ្សង់ នៅថ្ងៃ​សៅរ៍។

តាមអ្នកនាំពាក្យ​ដដែល ពួកសត្រូវ (អាស៊ែបៃហ្សង់) បានពង្រាយទ័ព​បន្ថែម ប៉ុន្តែ កងទ័ព​អាមេនី​បាន​បង្ហាញ​ភាពក្លាហាន វាយទប់ទល់​វិញ ដោយ​វីរភាព។ ចាប់តាំង​ពី​ផ្ទុះសង្រ្គាម ប្រយុទ្ធគ្នា​នៅការ៉ាបាក់ មនុស្ស ១៩១នាក់បានស្លាប់ ដែល​នៅ​ក្នុងនោះ​១៨៥នាក់ ទាហាន​របស់​ក្រុមទាមទារផ្តាច់ទឹកដី អាមេនី និង​១៤នាក់ ជា​ប្រជាជន​ស៊ីវិល។ អាស៊ែបៃហ្សង់ មិនដែល​បញ្ជាក់​ពី​តួលេខ​ជនរងគ្រោះ និងការខូចខាត​នៅភាគី​របស់​ខ្លួន​នោះទេ ប៉ុន្តែ បាន​អះអាងថា បាន​សម្លាប់​ទាហាន​អាមេនី ជាង ២៣០០​នាក់។ ចំណែក អាមេនី និង​ ក្រុមទាមទារផ្តាច់ទឹកដី នៅ​ការ៉ាបាក់ បាន​វាយបក​ទៅវិញថា ខ្លួន​បាន​សម្លាប់​ទាហាន​អាស៊ែបៃហ្សង់ ជាង​៣០០០នាក់ ចាប់តាំង​ពី​ថ្ងៃ​ចាប់ផ្តើម​ប្រយុទ្ធគ្នា កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន។

នៅ​ថ្ងៃសុក្រ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ភាគីជម្លោះ ទម្លាក់អាវុធ ចំណែក ប្រធានាធិបតី រុស្ស៊ី លោកវ្លាឌីមៀរ ពូទីន ជាលើកទី១ បាន​សំដែង​ក្តីបារម្ភ​ជុំវិញ វត្តមាន​របស់​កម្លាំង​ប្រយុទ្ធ​ទ័ពបរទេស ដែល​តួកគី បញ្ជូន​ពីតំបន់​ដើមបូព៌ា ដើម្បី​ឲ្យ​ទៅជួយទាហាន​អាស៊ែបៃហ្សង់។ នៅថ្ងៃ​ព្រហស្បតិ៍​លោក​ប្រធានាធិបតី បារាំង ​ម៉ាក្រុងបាន​ទាមទារ​ឲ្យ​តួកគី​បកស្រាយ​ពី​វត្តមាន​របស់​ទាហាន​ជីហាត ប្រមាណ​៣០០​នាក់ ដែល បាន​ចាកចេញ​ពីភាគខាងជើង ស៊ីរី ឆ្លងកាត់​តួកគី សំដៅ ទឹកដី អាស៊ែបៃហ្សង់។ តាម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី ដែល​មាន​បណ្តាញ​របស់ខ្លួន នៅ​ក្នុង​ទឹកដី​ស៊ីរី តួកគី​បាន​បញ្ជូន ទាហាន​ស៊ីរី ដែល​គាំទ្រ​តួកគី ប្រមាណ ៨៥០នាក់ ពី​តំបន់​អាឡិប របស់​ស៊ីរី ទៅជួយ​ទាហាន​អាស៊ែបៃហ្សង់។

អង្គការ​ការពារ​សិទ្ធិមនុស្ស​ស៊ីរីអះអាង​ផងដែរថា មានទាហាន​ស៊ីរី ២៣​នាក់​ស្លាប់​ក្នុង​ការប្រយុទ្ធគ្នា នៅការ៉ាបាក់។ គ្រួសារ​របស់​ទាហាន​ស៊ីរី មួយចំនួន​បាន​បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង​AFP ​ថា ពិតជា​មានទាហាន​ស៊ីរី ទៅ​ប្រយុទ្ធ​ក្នុង​ជួរកងទ័ព​អាស៊ែបៃហ្សង់។ ក្រៅតែ​តួកគី អាមនី​បានចោទប្រកាន់​ផងដែរ​អ៊ីស្រាអែល ថា បាន​លក់​ដ្រូន និង​សព្វាវុធ​ទំនើប ដែល​ធ្វើ​ឲ្យកងទ័ព​អាស៊ែបៃហ្សង់ មានប្រៀប នៅក្នុង​សមរភូមិប្រយុទ្ធ។

នៅពេល​តួកគី នៅ​ស្ងៀម មិនទាន់​ប្រតិកម្ម អ្វី អាស៊ែបៃហ្សង់​បាន​បដិសេធ​ការចោទប្រកាន់ របស់​អាមេនី និង​វាយបក​ទៅវិញថា គឺ​អាមេនី​ដែល​បាន​ប្រើ​ទាហាន​ស៊ីឈ្នួល​អាមេនី មកពី​ប្រទេស​លីបង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ