អានតួអត្ថបទ
អង់គ្លេស បិទខ្ទប់ប្រទេស

អង់គ្លេសបិទខ្ទប់ប្រទេសសាជាថ្មី នៅក្រោយជំងឺកូវីដរីករាលដាលខ្លាំង

នាយករដ្ឋមន្រ្តី អង់គ្លេសបានប្រកាសបិទខ្ទប់ ប្រទេស សាជាថ្មី កាលពី យប់ថ្ងៃចន្ទម្សិលមិញ បន្ទាប់ពី ជំងឺកូវីដរីករាលដាលខ្លាំង។ នៅអង់គ្លេស ជាទីដែលអាជ្ញាធររកឃើញមានមេរោគកូរ៉ូណា បំប្លែងខ្លួន ថ្មី កំពុងឆ្លងរាតត្បាតលឿន ករណីអ្នកឆ្លងជំងឺកូវីដ បានកើនឡើងចំនួន ប្រមាណ ៥ពាន់នាក់ ក្នុងមួយថ្ងៃៗ។ សម្រាប់រដ្ឋាភិបាលអង់គ្លេស មានតែ វិធានការចាក់វ៉ាក់សាំង បង្ការកូវីដ ហើយនិងការកាត់បន្ថយការជួបជុំ ដើម្បី កាត់បន្ថយការចម្លងជំងឺ ដែលនឹងអាចធ្វើគេបើកប្រទេស ឡើងវិញ។ 

ផ្លូវថ្នល់​ស្ងាត់​គ្មានមនុស្ស នៅ​ St Albans, នៅក្រោយ​នាយករដ្ឋមន្រ្តី​អង់គ្លេស​ប្រកាស​បិទខ្ទប់​ប្រទេស​សាជាថ្មី ចាប់ពីថ្ងៃអង្គារ​ទី​៥ កុម្ភៈ រហូត​ដល់ពាក់កណ្តាល​ខែ កុម្ភៈ ២០២១
ផ្លូវថ្នល់​ស្ងាត់​គ្មានមនុស្ស នៅ​ St Albans, នៅក្រោយ​នាយករដ្ឋមន្រ្តី​អង់គ្លេស​ប្រកាស​បិទខ្ទប់​ប្រទេស​សាជាថ្មី ចាប់ពីថ្ងៃអង្គារ​ទី​៥ កុម្ភៈ រហូត​ដល់ពាក់កណ្តាល​ខែ កុម្ភៈ ២០២១ REUTERS - MATTHEW CHILDS
ផ្សាយពាណិជ្ជកម្ម

ទើបទទួលបានសេរីភាពបាន៥ថ្ងៃ ប្រជាជននៅទូទាំងប្រទេសអង់គ្លេស ត្រូវត្រលប់ទៅរស់នៅក្នុងសភាព ប្រទេសបិទខ្ទប់ឡើងវិញ។ ទៅតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីអង់គ្លេស កាលពីយប់ថ្ងៃចន្ទ អង់គ្លេស ត្រូវបិទខ្ទប់ប្រទេសសាជាថ្មី ចាប់ពី ថ្ងៃអង្គារនេះ រហូតដល់ពាក់កណ្តាលខែកុម្ភៈ។ ហាងទំនិញ មិនចាំបាច់ ភោជនីយដ្ឋាន និងសាលារៀនតាំងពីថ្នាក់បឋមសិក្សាឡើងទៅ ត្រូវបិទទ្វារ ដោយផ្តោតអាទិភាព ទៅលើការសិក្សាតាមអនឡាញ ហើយនិងការធ្វើការពីផ្ទះ។

ចាប់តាំងពីផ្ទុះកើតមានជំងឺកូវីដ នៅដើមឆ្នាំ ២០២០ នេះ ជាលើកទី៣ដែលអង់គ្លេសប្រកាសបិទខ្ទប់ ប្រទេស។ នៅតែប៉ុន្មានថ្ងៃ មុនបុណ្យណូអែល រដ្ឋាភិបាលធ្លាប់បានសម្រេចបិទខ្ទប់ប្រទេស រយៈពេល ១០ថ្ងៃ រហូតដល់ថ្ងៃទី៣០ធ្នូ ក្នុងគោលដៅកាត់បន្ថយ ការចម្លងមេរោគកូរ៉ូណា នៅក្នុងពេលបុណ្យជួបជុំគ្រួសារ។

ប្រឈមនឹងការកើនឡើងករណីឆ្លងជំងឺកូវីដ ដែលមានប្រមាណ ៥ម៉ឺននាក់ក្នុងមួយថ្ងៃ នាយករដ្ឋមន្រ្តី អង់គ្លេស លោកបូរីស ចនសុន ធ្លាប់បានព្រមាន កាលពីថ្ងៃ អាទិត្យ ពីការបិទខ្ទប់ប្រទេសជាលើកទី៣។ ប៉ុន្តែ នៅយប់ថ្ងៃ ចន្ទ នៅក្រោយតួលេខបង្ហាញថា ករណីឆ្លងជំងឺកូវីដ ឡើងដល់ ជិត ៦ម៉ឺននាក់ ក្នុងមួយថ្ងៃ និង មានអ្នកស្លាប់ដោយសារកូវីដ ប្រមាណ ៤០០នាក់ ក្នុងមួយថ្ងៃ ប្រមុខរដ្ឋាភិបាលអង់គ្លេស បានសម្រេចចាត់វិធានការបិទខ្ទប់ប្រទេសបន្ទាន់។

អង់គ្លេសជាប្រទេសនាំមុខគេនៅអឺរ៉ុប ខាងមានមនុស្សស្លាប់ច្រើនដោយសារកូវីដ១៩ ប្រមាណ ៧៥០០០នាក់ ចំណែកអ្នកឆ្លងកូវីដ បានកើនឡើងលឿន ដល់ ជាង ២លាន ៧សែននាក់ ជាមួយការរកឃើញមេរោគកូរ៉ូណាបំប្លែងខ្លួនថ្មី ដែលអាជ្ញាធរអង់គ្លេស វាយតម្លៃថា ឆ្លងលឿន និងអាចបង្កឲ្យមានអត្រាមរណៈខ្ពស់។

វិធានការបិទខ្ទប់ប្រទេសអង់គ្លេស ធ្វើអមជាមួយយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ដែលរដ្ឋាភិបាល បានប្រកាសចាប់ផ្តើមមុនគេនៅក្នុងពិភពលោក។ ចាប់តាំងពីថ្ងៃទី ៨ធ្នូ រហូតដល់ថ្ងៃចន្ទ អង់គ្លេសបានចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនPfizer ដល់ប្រជាជនអង់គ្លេស ជាង ១លាននាក់។ ជាមួយនឹងការសម្រេចអនុញ្ញាតឲ្យប្រើវ៉ាក់សាំងមួយទៀត របស់ក្រុមហ៊ុន AstraZeneca នៅសប្តាហ៍នេះ អង់គ្លេសគ្រោងនឹងចាក់វ៉ាក់សាំង ទៅលើមនុស្សប្រមាណ ២លាននាក់ ក្នុងមួយសប្តាហ៍ ដើម្បី សម្រេចគោលដៅ ចាក់វ៉ាក់សាំងទៅលើប្រជាជនអង់គ្លេស ឲ្យបាន ១៣លាននាក់ ពីពេលនេះ រហូតដល់ពាក់កណ្តាលខែកុម្ភៈ៕

 

ReplyForward

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ