អានតួអត្ថបទ
បារាំង-អង់គ្លេស-វ៉ាក់សាំងកូវីដ

លោកម៉ាក្រុង​ថា​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​របស់​បារាំង​នឹង​តាម​ទាន់​អង់​គ្លេស​ឆាប់ៗ

ចំនួន​ប្រជាជន​បារាំង​ដែល​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​ នឹង​តាម​ទាន់​ចំនួន​ប្រជាជន​អង់គ្លេស​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។ នេះ​គឺការ​លើកឡើង​របស់​លោក​ប្រមុខ​រដ្ឋ​បារាំង​អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអាទិត្យ ២៨ មីនា​ ​ខណៈ​កំពុង​មាន​ជម្លោះ​ជាមួយ​អង់គ្លេស​ជុំវិញ​ការ​ទទួល​បាន​​វ៉ាក់សាំងមិន​ទាន់​ពេល​កំណត់​។

ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង។
ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង។ REUTERS - BENOIT TESSIER
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការកូវីដ​របស់​ប្រទេស​បារាំង​រងការ​រិះគន់​ថា​មាន​ភាព​យឺត​យ៉ាវ​ខ្លាំង​។ បច្ចុប្បន្ន​ ប្រជាជន​បារាំង​ចំនួន​ត្រឹមតែ​ ១១,៤៥% ប៉ុណ្ណោះទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​យ៉ាង​ហោច​ម្តង​។ អត្រានេះ​មាន​ចំនួនទាប​បើធៀប​នឹង​ប្រទេស​អង់គ្លេស​ដែល​អត្រា​ប្រជាជន​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​មាន ៤៣,៧៩ %​

យ៉ាងណាក្តី​ លោក​ប្រធានាធិបតីបារាំង​បាននិយាយថា​ រដ្ឋាភិបាល​បារាំង​បានបង្កើន​ល្បឿន​នៃ​ការ​ចាក់វ៉ាក់សាំង​របស់ខ្លួន​ និងថា​ដំណើការ​ចាក់វ៉ាក់សាំង​របស់​អង់គ្លេស​នឹង​ថមថយកម្លាំង​នាពេលឆាប់ៗនេះ​។ “ក្នុងរយៈពេលពីរបីសប្តាហ៍​ទៀត យើងនឹង​តាមទាន់អង់គ្លេស។ អង់គ្លេស​ដែល​ជា​ប្រទេស​នឹង​ពឹង​ផ្អែក​កាន់តែខ្លាំង​ឡើង​លើអឺរ៉ុប​ដើម្បី​អាច​ចាក់​វ៉ាក់សាំង​ជូនប្រជាជន​របស់គេ​”។ លោកម៉ាក្រុងបន្ថែម​។

កំណត់​សម្គាល់​របស់​លោកប្រមុខរដ្ឋបារាំងនេះ​ សំដៅ​ដល់​វ៉ាក់សាំង​ AstraZeneca ដែល​ត្រូវ​បាន​ផលិត​នៅក្នុង​ទឹកដី​របស់​រដ្ឋ​ជា​សមាជិក​សហភាពអឺរ៉ុប​។ការ​ចេញមុខ​និយាយ​ជា​លើក​ដំបូង​របស់​លោកម៉ាក្រុង​ពាក់ព័ន្ធ​រឿង​វ៉ាកសាំង​នេះ​ធ្វើឡើង​ក្រោយ​គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ពង្រឹង​ការត្រួតពិនិត្យ​លើ​ការនាំចេញ​វ៉ាក់សាំង​ដែល​ផលិត​ឡើង​នៅទឹកដី​អឺរ៉ុប​។

ដោយសារតែ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca ​មិនអាច​បញ្ជូន​វ៉ាក់សាំង​គ្រប់ចំនួន​ឲ្យ​សហភាព​អឺរ៉ុប​តាម​កាល​កំណត់​ អឺរ៉ុប​បាន​គំរាម​ហាម​ក្រុមហ៊ុន​មិនឲ្យ​នាំ​ចេញ​វ៉ាក់សាំង​ទៅ​កាន់ប្រទេស​អង់គ្លេស​ និង​ប្រទេស​ដទៃផ្សេងទៀត​ដែល​ទទួលបាន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ច្រើនហើយ​ លុះត្រាតែ​ក្រុមហ៊ុន​អាចប្រគល់​វ៉ាក់សាំងឲ្យ​អឺរ៉ុបស្របតាមកិច្ចសន្យា​។​

បារាំងដែលជា​ប្រទេស​អឺរ៉ុប​មួយ​កំពុង​រងការ​រិះគន់​ខ្លាំង​ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ​​នៅ​ខណៈដែលករណីឆ្លងរាលដាលកូវីដ​កំពុងហក់ឡើងខ្លាំង​ក្នុង​ប្រទេស​នោះ មិន​សប្បាយ​​ចិត្ត​​និងបាន​រិះគន់​​អង់គ្លេស​​។

ការរិះគន់របស់បារាំងចំពោះ​អង់គ្លេសពាក់ព័ន្ធបញ្ហាផ្គត់ផ្គង់វ៉ាក់សាំងខកពេល ធ្លាក់មក​​ក្រោយពេល​ដែល​ក្រុម​វេជ្ជបណ្ឌិត​នៅតាម​មន្ទីរពេទ្យ​ក្រុងប៉ារីស​ បាន​ប្រកាស​អាសន្ន​ពីចំនួន​អ្នកជំងឺ​កូវីដ​ដែលនឹង​អាចកើនឡើង​ចាល់ខ្លាំង​ក្នុង​ពេលឆាប់ៗ​ និង​បាន​ព្រមាន​ថាបើ​ចំនួន​អ្នក​ជំងឺ​ច្រើន​ហួស​សមត្ថភាព​អាច​គ្រប់គ្រង់​បាន​ នោះ​ ក្រុមគ្រូពេទ្យ​នឹង​ជៀស​មិនរួច​ពី​ត្រូវបង្ខំចិត្ត​ជ្រើស​រើស​ថាតើ​អ្នក​ជំងឺណា​ដែល​ត្រូវ​សង្គ្រោះ​នោះទេ​។

ទន្ទឹមនេះ ក្រុមគ្រូពេទ្យបារាំង បាន​អំនាវពាវផងដែរ​​ឲ្យរដ្ឋាភិបាលចាប់ពង្រឹងវិធានការតឹងរ៉ឹង​ជាងមុនដើម្បីការពារកុំឲ្យចំនួន​អ្នក​ជំងឺ​កូវីដ​កើនឡើងខ្លាំងពេក។

គួរជ្រាបថា​កាលពីថ្ងៃសៅរ៍​ ប្រទេសបារាំង​បានកត់ត្រា​ករណី​ឆ្លង​កូវីដ​ចំនួន​ ៤២ ៦១៩ ករណី​។ ចំនួននេះ​ មានកម្រិត​លើសច្រើនដង​ពី​គោលដៅ​ដែល​កំណត់នៅចុងឆ្នាំ​២០២០​ ដោយ​រដ្ឋបាល​របស់​លោកម៉ាក្រុង​ដែល​ចង់​ឲ្យ​ករណី​ឆ្លង​ប្រចាំថ្ងៃ​មានត្រឹម​ ៥​០០០ ករណី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ