អានតួអត្ថបទ
បារាំង-អេហ្ស៊ីប

Amnesty International រិះគន់បារាំងពីការលក់អាវុធឲ្យអេហ្ស៊ីបដែលជាប្រទេសល្បីខាងរំលោភសិទ្ធិមនុស្ស

ប្រទេស​បារាំង​បាន​បញ្ជាក់​ជា​ផ្លូវការ​នា​ថ្ងៃ​អង្គារ ទី៤ ឧសភា​ថា ប្រទេស​អេហ្ស៊ីប​ពិត​ជា​បាន​ទិញ​យន្តហោះចម្បាំង​រ៉ាហ្វាល់​ចំនួន ៣០គ្រឿង និង​គ្រឿងសព្វាវុធ​មួយ​ចំនួន​ដែល​មាន​តម្លៃ​សរុប ៣ ៩៥០លានដុល្លារ។ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង​បាន​សាទរ​ដោយ​ចាត់​ទុក​ជា​ការ​ពង្រឹង​ដៃគូ​យុទ្ធសាស្រ្ត​យោធា​រវាង​ប្រទេស​ទាំង​ពីរ។ ចំណែក​រដ្ឋាភិបាល​បារាំង​បាន​យល់​ឃើញ​ថា កិច្ចព្រមព្រៀង​ទិញ​អាវុធ​បារាំង​ពី​អេហ្ស៊ីប​ពេល​នេះ​ជា​ប្រយោជន៍​សេដ្ឋកិច្ច និង​សន្តិសុខ។ តែ​អង្គការ​សិទ្ធិមនុស្ស Amnesty International មិន​បាន​យល់​ឃើញ​ដូច​នេះ​ទេ។ លោក​អេមេរិក អេល្វ័ង មន្រ្តី Amnesty International បាន​បញ្ជាក់​ថា ការ​ដែល​បារាំង​លក់​គ្រឿង​សព្វាវុធ​ឲ្យ​អេហ្ស៊ីប​ជា​ការ​បិទភ្នែក និង​បើក​ភ្លើង​ខៀវ​ឲ្យ​ប្រទេស​នេះ​បន្ត​រំលោភ​សិទ្ធិមនុស្ស និង​បំពាន​លើ​ច្បាប់​អន្តរជាតិ។

ប្រធានាធិបតី​បារាំងលោក​ម៉ាក្រុង (រូបឆ្វេង) និង​សមភាគី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី​នា​ដំណើរទស្សបនកិច្ច​ក្នុង​ប្រទេស​បារាំង​ក្នុង​ថ្ងៃទី៧ ធ្នូ ឆ្នាំ ២០២០។
ប្រធានាធិបតី​បារាំងលោក​ម៉ាក្រុង (រូបឆ្វេង) និង​សមភាគី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី​នា​ដំណើរទស្សបនកិច្ច​ក្នុង​ប្រទេស​បារាំង​ក្នុង​ថ្ងៃទី៧ ធ្នូ ឆ្នាំ ២០២០។ REUTERS - GONZALO FUENTES
ផ្សាយពាណិជ្ជកម្ម

 « គេ​បាន​ដឹង​ថា អេហ្ស៊ីប​ជា​ប្រទេស​ល្បី​ខាង​រំលោភ​សិទ្ធិមនុស្ស​អាក្រក់​ខ្លាំង​ជាង​គេ​ក្នុង​លោក។ ពិត​ណាស់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​បារាំង បារាំង​បាន​ចាត់​ទុក​បញ្ហា​សិទ្ធិមនុស្ស​ជា​រឿង​អាទិភាព។ តែ​អ្វី​ដែល​បារាំង​កំពុង​ធ្វើ​ពេល​នេះ​ដោយ​លក់​យន្តហោះចម្បាំង​រ៉ាហ្វាល់ និង​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​អេហ្ស៊ីប គឺ​មាន​ន័យ​ស្មើ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​របប​ដឹក​នាំ​ក្រុង​គែរ​សព្វថ្ងៃ។

នរណា​ក៏​ដឹង​ដែរ​ថា របបដឹកនាំ​មួយ​នេះ​កំពុង​រំលោភ​សិទ្ធិមនុស្ស​តាម​រយៈ​ការ​ធ្វើ​ទារុណកម្ម និង​ការ​បំបាត់​ខ្លួន​មនុស្ស​ដោយ​បង្ខំ។ ដូច្នេះ​សួរ​ថា តើ​ទង្វើ​របស់​បារាំង​ដែល​លក់​គ្រឿង​សព្វាវុធ​ឲ្យ​អេហ្ស៊ីប​ពេល​នេះ​បាន​ទទួល​ការ​ធានា​ពី​អេហ្ស៊ីប​ស្អី​ខ្លះ?។ តើ​មាន​ការ​ធានា​ទេ​ថា យន្តហោះចម្បាំង​រ៉ាល់ហ្វាល់​នឹង​មិន​បាន​យក​ទៅ​ប្រើ​ដោយ​រំលោភបំពាន​ច្បាប់​អន្តរជាតិ។ ឧទាហរណ៍​នៅ​ក្នុង​ប្រទេស​លីប៊ី។

តើ​បារាំង​បាន​ទទួល​ការ​ធានា​អ្វី​ខ្លះ​ពី​អេហ្ស៊ីប​ដែល​ថា អេហ្ស៊ីប​នឹង​គោរព​ច្បាប់​អន្តរជាតិ​ឲ្យ​មាន​លក្ខណៈ​ទូលំទូលាយ ព្រោះ​ចូរ​កុំ​ភ្លេច​ថា អេហ្ស៊ីប​បាន​រំលោភ​រួច​ស្រេច​ទៅ​ហើយ​លើ​ទណ្ឌកម្ម​អាវុធ​សម្រាប់​ប្រទេស​លីប៊ី។ ទាំង​នេះ​សុទ្ធសឹង​ជា​សំណួរ​ដែល​គេ​ត្រូវ​ទទួល​បាន​ចម្លើយ​ធានា​មុន​ពី​អេហ្ស៊ីប។ ឃើញ​ថា​ទីបំផុត​ទៅ និង​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ថ្ងៃ​នេះ អេហ្ស៊ីប​ធ្វើ​អ្វីៗ​ស្រេច​តែ​នឹង​ចិត្ត។

ដូច្នេះ ភ្លើងខៀវ​ដែល​បារាំង​បាន​យល់ព្រម​ប្រគល់​ឲ្យ​អេហ្ស៊ីប​គឺ​ថា អស់លោក​ធ្វើ​អី​ធ្វើ​ទៅ​ជាមួយ​ប្រជាជន​ខ្លួន​ឯង យើង​នឹង​បន្ត​លក់​អាវុធ​ឲ្យ​អស់លោក ហើយ​អស់​លោក​អាច​បន្ត​ពឹង​ពាក់​លើ​យើង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ