អានតួអត្ថបទ
អង់គ្លេស-កូវីដ១៩

ការសិក្សា៖វ៉ាក់សាំង Pfizer និង AstraZeneca មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសកូវីដ១៩ បំប្លែងខ្លួនឥណ្ឌា

នៅ​ក្នុង​ប្រទេស​អង់គ្លេស លទ្ធផល​នៃ​ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃទី៥ មេសា និង​ថ្ងៃទី១៦ ឧសភា​ដោយ​រដ្ឋអំណាច​សុខាភិបាល​ឈ្មោះ Public Health England បាន​បង្ហាញ​នា​ថ្ងៃ​សៅរ៍ ទី២២ ឧសភា​ថា វ៉ាក់សាំង Pfizer និង AstraZeneca ដែល​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​អង់គ្លេស​ក៏​មាន​ប្រសិទ្ធិភាព​ប្រឆាំង​ទប់​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​ឥណ្ឌា​ដែរ។ គ្រាន់​តែ​ថា ប្រសិទ្ធិភាព​ប្រឆាំង​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​អង់គ្លេស​មាន​អត្រា​ខ្ពស់​ជាង​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​ឥណ្ឌា​នៅ​ក្រោយ​ការ​ចាក់​ដូស​ទី២ បាន​ពីរ​សប្តាហ៍​ដូច​គ្នា។

ការសិក្សាអង់គ្លេសថា វ៉ាក់សាំង Pfizer និង AstraZeneca មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសកូវីដ១៩ បំប្លែងខ្លួនឥណ្ឌា
ការសិក្សាអង់គ្លេសថា វ៉ាក់សាំង Pfizer និង AstraZeneca មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសកូវីដ១៩ បំប្លែងខ្លួនឥណ្ឌា REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

សម្រាប់​វ៉ាក់សាំង Pfizer ប្រសិទ្ធិភាព​ប្រឆាំង​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​ឥណ្ឌា​មាន​អត្រា ៨៨% ទល់​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​អង់គ្លេស​ដែល​មាន​អត្រា​ប្រសិទ្ធិភាព ៩៣%។ ចំណែក​វ៉ាក់សាំង AstraZeneca ប្រសិទ្ធិភាព​ប្រឆាំង​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​ឥណ្ឌា​មាន​អត្រា ៦០% ទល់​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​អង់គ្លេស​ដែល​មាន​អត្រា​ប្រសិទ្ធិភាព ៦៦%។ លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​មក​ពី​ការ​វិភាគ​លើ​ករណី​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន​ចំនួន ១២ ៦៧៥ករណី​ដែល​ក្នុង​នោះ​មាន​វីរុសកូវីដ១៩​បំប្លែង​ខ្លួន​ឥណ្ឌា​ចំនួន ១ ០៥៤ករណី​ដែល​គេ​ស្គាល់​តាម​រយៈ​អត្តសញ្ញាណ B.1.617.2។

ទន្ទឹម​គ្នា​នេះ លទ្ធផល​នៃ​ការ​សិក្សា​របស់ Public Health England ដដែល​ក៏​បាន​បញ្ជាក់​ថា វ៉ាក់សាំង Pfizer និង AstraZeneca មាន​ប្រសិទ្ធិភាព ៣៣% ប្រឆាំង​នឹង​រោគសញ្ញា​ដែល​បង្ក​ឡើង​ដោយ​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​ឥណ្ឌា​នៅ​ក្រោយ​ការ​ចាក់​ដូសទី១ បាន​ចំនួន ៣សប្តាហ៍ និង​ប្រមាណ​ជា ៥០% ប្រឆាំង​នឹង​រោគសញ្ញា​ដែល​បង្ក​ឡើង​ដោយ​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​អង់គ្លេស។ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អង់គ្លេស​លោក Matt Hancock បាន​សាទរ​ដោយ​បាន​ចាត់​ទុក​លទ្ធផល​នៃ​ការ​សិក្សា​ជា​ដំណឹង​ល្អ ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​រំពឹង​លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​ដើម្បី​ប្រឆាំង​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​ឥណ្ឌា។

នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​ទប់​ស្កាត់​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​ឥណ្ឌា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព រដ្ឋអំណាច​សុខាភិបាល​បាន​កាត់​បន្ថយ​រយៈពេល​នៃ​ការ​ចាក់​ដូសទី១ និង​ដូស​ទី២ ដែល​មាន​គម្លាត​ដល់​ទៅ ៣ខៃ​មក​នៅ​ត្រឹម ២ខែ​សម្រាប់​មនុស្ស​វ័យ​ជាង ៥០ឆ្នាំ និង​មនុស្ស​ងាយ​រងគ្រោះ​ខ្លាំង។ តាម​ទិន្នន័យ​ផ្តល់​ដោយ Public Health England អង់គ្លេស​បាន​រក​ឃើញ​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​ឥណ្ឌា​យ៉ាង​តិច ២ ៨៨៩ករណី​ក្នុង​ចន្លោះ​ថ្ងៃទី១ កុម្ភៈ និង​ថ្ងៃទី១៨ ឧសភា។ គួរ​រម្លឹក​ថា អង់គ្លេស​ជា​ប្រទេស​អឺរ៉ុប​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​ដោយ​កូវីដ១៩ មាន​ស្លាប់​ជាង ១២៧ ០០០នាក់។ បច្ចុប្បន្ន មាន​មនុស្ស​ធំ​ជាង ៧នាក់​ក្នុង​ចំណោម ១០នាក់​បាន​ចាក់​វ៉ាក់សាំង​ដូសទី១ និង​មាន​ជាង ៤នាក់​ក្នុង​ចំណោម ១០នាក់​បាន​ចាក់​ចំនួន ២ដូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ