អានតួអត្ថបទ
កូវីដ១៩-ការសិក្សា

អង្គការ​សុខភាពពិភពលោក​ ៖ គ្រូ​បង្រៀន​ត្រូវ​មាន​អាទិភាព ​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូវីដ

ក្រុម​អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភពលោក​ធ្លាប់​បាន​លើក​ឡើងអំពី​អាទិភាព​របស់​គ្រូបង្រៀន​ ​តាំងពី​ខែ​វិច្ឆិកា​២០២០មក។​ នៅ​ថ្ងៃ​ចន្ទទី ៣០​សីហា ២០២១ អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូនីសេហ្វ បាន​ជំរុញ​ជា​ថ្មី​ ឱ្យ​ចាត់​ទុក ក្រុម​គ្រូបង្រៀន និង​បុគ្គលិក​ធ្វើ​ការ​នៅ​ក្នុង​សាលា​ ​ជា​ក្រុម​មាន​អាទិភាព ក្នុង​ទទួល​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩។ ធ្វើ​យ៉ាង​ដូច្នេះ​ប្រទេស​នីមួយៗ​អាច​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​ ឱ្យ​សិស្សានុសិស្ស​អាច​ចូល​រៀន​ក្នុង​ថ្នាក់​ដូច​ធម្មតា​បាន។​

អង្គការ​សុខភាពពិភពលោក​ ៖ គ្រូ​បង្រៀន​ត្រូវ​មាន​អាទិភាព ​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូវីដ
អង្គការ​សុខភាពពិភពលោក​ ៖ គ្រូ​បង្រៀន​ត្រូវ​មាន​អាទិភាព ​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូវីដ Timothy A Clary/AFP
ផ្សាយពាណិជ្ជកម្ម

​“ត្រូវ​តែ​ផ្តល់​វ៉ាក់សាំងប្រឆាំង​កូវីដ​១៩ ដល់​​ក្រុម​គ្រូបង្រៀន និង​បុគ្គលិក​ធ្វើ​ការ​ក្នុង​សាលា​រៀន​ទាំ​ងអស់ ក្នុង​នាម​ជា​​ក្រុម​មាន​អាទិភាព​ក្នុង​​ផែនការ​ចាក់​ថ្នាំ​បង្ការ​ជាតិ។ នេះ​ជា​​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាប័ន​អង្គការ​សុខភាព​ពិភពលោក​​ប្រចាំ​អឺរ៉ុប និង​អង្គការ​យូនីសេហ្វ ដែល​អំពាវនាវ​ឱ្យ​​រដ្ឋ​ជា​សមាជិក​ទាំង​អស់ ត្រូវ​តែ​ដាក់​ឱ្យ​ដំណើរការ​យុទ្ធសាស្ត្រ​ចាក់​ថ្នាំ​បង្ការ​ ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ឱ្យ​សិស្សានុសិស្ស​អាច​មក​អង្គុយ​រៀន​ក្នុង​ថ្នាក់​បាន មិនមែន​រៀន​ពី​ចម្ងាយ​នៅ​តាម​ផ្ទះ។

ទោះ​បី​ជា​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ដែល​តា ឆ្លង​ខ្លាំង​ យ៉ាង​ណា​ក៏​ដោយ​ ក៏​សាលារៀនចាំ​បាច់​​ត្រូវ​តែ​បន្ត​បើក​ទ្វារ​ ព្រោះ​ការ​សិក្សា​រៀន​សូត្រ​ជា​ទន់ជា​សុខភាព​ខួរ​ក្បាល​ និង​ជា​យាន​សម្រាប់​អនាគត​​ដ៏​សំខាន់​បំផុត​របស់​កុមារ។ សាលារៀន​ជា​ចំណែក​មួយ​ដែល​ជំរុញ​ឱ្យ​ក្មេង​មាន​ភាព​រីករាយ​និង​មាន​ផលិតភាព​ក្នុង​សង្គម។ បើ​តាម​លោក​នាយក​អង្គការ​សុខភាព​ពិភពលោក​​ប្រចាំ​តំបន់​អឺរ៉ុប ជំងឺ​រាតត្បាត​សកល​កូវីដ១៩ បាន​ធ្វើ​ឱ្យ​​សិក្សា​អប់​រំនៅ​លើ​ពិភពលោក​​ជួប​ភាព​រអាក់ខ្លួន​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​អប់​រំ។

ដើម្បី​ឱ្យ​សាលា​រៀន​នៅ​តែ​អាច​បើក​ទ្វារ​ទទួល​សិស្សានុសិស្ស​​បាន អង្គការ​សុខភាព​ពិភពលោក​អឺរ៉ុប​​និង​ការិយាល័យ​អង្គការ​យូនីសេហ្វ​ប្រចាំ​អឺរ៉ុប​និ​ងអាស៊ី​កណ្តាល បាន​អំពាវនាវ​ឱ្យ​​ប្រទេស​ជា​សមាជិកទាំងអស់ ធានា​គិត​គូរ​ចាក់​ថ្នាំ​បង្ការ​ដល់​ក្មេង​អាយុ​ចាប់​ពី​១២​ឆ្នាំ​ឡើង​ទៅ​ផង និង​ត្រូវ​លើក​តម្កើង​បរិយាកាសក្នុង​​ថ្នាក់​រៀនឱ្យមាន​ខ្យល់​ចេញ​ចូល​វិល​ប្តូរ​ផ្លាស់​​បាន​ប្រសើរ​​ជាង​មុន​ ​ រក្សាគន្លាត​ ធ្វើ​តេស្ត​សិស្ស​ និង​បុគ្គលិក​មើល​សិស្ស​ជាញយ។​​

នៅក្នុង​អនុសាសន៍​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​កក្កដា  សិស្ស​ណា​មាន​រោគ​សញ្ញា​ និង​ស្ថិត​នៅក្នុង​ក្រុម​ប្រឈម​ហានិភ័យ ត្រូវ​មាន​អាទិភាពទទួល​ធ្វើ​តេស្ត​រក​កូវីដ១៩។ បន្ទាប់​ឈប់​សម្រាក​វិស្សមកាល​អស់​ពីរ​ខែ ​សិស្សានុសិស្ស​នៅ​អឺរ៉ុបត្រូវ​ត្រលប់​ចូល​សាលា​រៀន​ នៅ​សប្តាហ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ