អានតួអត្ថបទ
បារាំង-អង់គ្លេស

បារាំង-អង់គ្លេស៖លោកម៉ាក្រុងវាយបកលោកចនសុនក្នុងរឿងសោកនាដកម្មស្លាប់ជនអន្តោប្រវេសន៍ចំនួន ២៧នាក់

ប្រទេស​បារាំង និង​ប្រទេស​អង់គ្លេស​កំពុង​បន្ត​ដំឡើង​សំឡេង​ដាក់​គ្នា​ក្នុង​រឿង​ស្លាប់​ជនអន្តោប្រវេសន៍​ចំនួន ២៧នាក់​ដោយ​លង់ទឹកសមុទ្រ។ រឿងរ៉ាវ​មួយ​នេះ​បាន​កើត​មាន​នៅ​យប់​ថ្ងៃ​ពុធ ទី២៤ វិច្ឆិកា ខណៈ​ដែល​មាន​ជនអន្តោប្រវេសន៍​មួយ​ក្រុម​បាន​ជិះទូក​ចេញ​ពី​ក្រុង​កាឡេ​ទឹកដីបារាំង​ឆ្ពោះ​ទៅ​កាន់​ទឹកដី​អង់គ្លេស។ នៅ​ថ្ងៃ​អាទិត្យ ទី២៨ វិច្ឆិកា បារាំង​គ្រោង​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​មហាផ្ទៃ​អឺរ៉ុប បូក​នឹង​អង់គ្លេស​ដើម្បី​និយាយ​ពី​បញ្ហា​នេះ។ តែ​ទីបំផុត រដ្ឋាភិបាល​បារាំង​បាន​ដក​ការ​អញ្ជើញ​ពី​អង់គ្លេស​វិញ ក្រោយ​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​ស្នើ​តាម​លិខិត​មួយ​ឲ្យ​បារាំង​យក​ត្រឡប់​វិញ​នូវ​ជនអន្តោប្រវេន៍​ខុស​ច្បាស់​ដែល​បាន​ចូល​ក្នុង​ទឹកដី​អង់គ្លេស។ ចំណែក​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​វាយប្រហារ​លោក​ចនសុន​ដោយ​អះអាង​ក្នុង​ថ្ងៃ​សុក្រ ទី២៦ វិច្ឆិកា​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​វិធីសាស្រ្ត​របស់​លោក​ចនសុន​ដែល​លេងសើច និង​មិន​ប្រាកដប្រជា។

ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង
ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង © AP Photo/Domenico Stinellis, Pool
ផ្សាយពាណិជ្ជកម្ម

« អ្វី​ដែល​បាន​កើត​មាន​ឡើង​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។ ចម្លើយ​ពិត​ប្រាកដ​ចំពោះ​បញ្ហា​នេះ គឺ​មាន​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​មួយ​ប្រាកដប្រជា ច្បាស់លាស់​ដើម្បី​បង្ការ​ទប់​កុំ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង​ជា​ថ្មី និង​ដើម្បី​គាស់រំលើង​បណ្តាញ​ក្រុម​រត់ពន្ធ​មនុស្ស។ ការ​ធ្វើ​យ៉ាង​នេះ​គឺ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មនុស្ស​ប្រុស ស្រី​ចូល​មក​ដល់​ក្នុង​ទឹកដី​របស់​យើង ព្រោះ​វា​ពិត​ជា​យឺត​ពេល​ទៅ​ហើយ​នៅ​ពេល​ដែល​ពួក​គេ​បាន​មក​ដល់​ទី​នេះ។

កាល​ពី ២ថ្ងៃ​មុន ខ្ញុំ​បាន​ជជែក​ជាមួយ​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​ចនសុន​ដោយ​ប្រាកដប្រជា។ សម្រាប់​ខ្ញុំ ខ្ញុំ​បន្ត​អនុវត្ត​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​ប្រទេស​ទាំង​អស់ និង​ថ្នាក់ដឹកនាំ​ទាំង​អស់។ តែ​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​វិធីសាស្រ្ត​ទាំង​ឡាយ​ណា​ដែល​លេងសើច មិន​ប្រាកដប្រជា។ គេ​មិន​ដែល​ឆ្លងឆ្លើយ​ពី​ថ្នាក់ដឹកនាំ​ម្នាក់​ទៅ​ថ្នាក់ដឹកនាំ​ម្នាក់​ទៀត​លើ​បញ្ហា​នេះ​តាម​រយៈ​បណ្តាញសង្គម ឬ​មួយ​ក៏​តាម​រយៈ​លិខិត​ប្រកាស​ជា​សាធារណៈ​នោះ​ឡើយ។

យើង​មិនមែន​ជា​អ្នក​ប្រកាស​សញ្ញាអាសន្ន​ណា​មួយ​ទេ។ តោះ​យើង តោះ​យើង។ ដូច្នេះ​បណ្តា​រដ្ឋមន្រ្តី​នឹង​ធ្វើ​ការងារ​ដោយ​ប្រាកដប្រជា​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​ប្រាកដប្រជា និង​ជាមួយ​ក្រុម​មនុស្ស​ប្រាកដប្រជា។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​រដ្ឋមន្រ្តី​មហាផ្ទៃ​បារាំង​លោក​ដារម៉ាណាំង​នឹង​រួម​ប្រជុំ​រដ្ឋមន្រ្តី​មហាផ្ទៃ​អឺរ៉ុប និង​គណៈកម្មាធិការ​អឺរ៉ុប​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី២៨ វិច្ឆិកា​ដើម្បី​ធ្វើ​ការងារ​នេះ។

បន្ទាប់​មកយើង​នឹង​មើល​ជាមួយ​អង់គ្លេស​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធិភាព ប្រសិន​បើ​អង់គ្លេស​សម្រេច​ចិត្ត​ជា​អ្នក​ចង់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ប្រាកដប្រជា »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ