អានតួអត្ថបទ
អឺរ៉ុប ម៉ាលី

ប្រមុខការទូតអឺរ៉ុប៖អឺរ៉ុបចង់បន្តបេសកកម្មយោធានៅម៉ាលី តែមិនមែនបន្តក្នុងតម្លៃណាមួយនោះទេ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ មករា បារាំង​ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន​សហភាព​អឺរ៉ុប​រយៈពេល ៦ខែ​បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​អឺរ៉ុប។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​នា​កិច្ចប្រជុំ ប្រមុខ​ការទូត​អឺរ៉ុប​លោក​ហ្សូសេព បូរែល​បាន​លើក​ឡើង​ពី​ស្ថានការណ៍​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ម៉ាលី។ ការ​លើក​យ៉ាង​ដូច​នេះ​របស់​លោក​បូរែល​បាន​ធ្វើ​ឡើង ខណៈ​ដែល​របបសឹក​ម៉ាលី​បន្ត​បដិសេធ​មិន​រៀបចំ​បោះឆ្នោត​ឆាប់​រហ័ស​ដើម្បី​ប្រគល់​អំណាច​ទៅ​ឲ្យ​ស៊ីវិល។ តាម​ប្រមុខ​ការទូត​អឺរ៉ុប អឺរ៉ុប​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នៅ​ម៉ាលី និង​មិន​ញញើត​ដាក់​ទណ្ឌកម្ម​ចាស់ដៃ​លើ​របបសឹក​ម៉ាលី​ទេ។ ទន្ទឹម​គ្នា​នេះ លោក​បូរែល​មិន​ភ្លេច​បញ្ជាក់​ពី​បំណង​របស់​អឺរ៉ុប​ក្នុង​ការ​បន្ត​បេសកកម្ម​យោធា​នៅ​ម៉ាលី តែ​នឹង​មិន​ធ្វើ​ឡើង​នៅ​ក្នុង​តម្លៃ​ណា​មួយ​នោះ​ឡើយ។

ប្រមុខ​ការទូត​អឺរ៉ុប​លោក​ហ្សូសេព បូរែល
ប្រមុខ​ការទូត​អឺរ៉ុប​លោក​ហ្សូសេព បូរែល AP - Thibault Camus
ផ្សាយពាណិជ្ជកម្ម

« ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ម៉ាលី​ធ្លាក់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។ យើង​នឹង​បន្ត​តាម​ដាន​មើល​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត និង​ចាត់​វិធានការ​ជា​អចិន្ត្រៃយ៍។ បើ​គេ​មើល​លើ​ចំណាត់ការ​ដែល​អនុម័ត​ដោយ​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋអាហ្រ្វិកខាង​លិច (Cédéao) យើង​នឹង​ចាត់​វិធានការ​ដូច​គ្នា​នេះ។

ទោះ​បី​ជា​មាន​ការ​ព្រមាន​លើ​រដ្ឋអំណាច​ម៉ាលី​ច្រើន​ដង​ក៏​ដោយ ក៏​យើង​មិន​ទាន់​បាន​ឃើញ​មាន​សញ្ញា​ចម្រើន​ទៅ​មុខ​ណា​មួយ​សោះ។ សម្រាប់​ពេល​នេះ បេសកកម្ម​បណ្តុះបណ្តាល និង​ផ្តល់​យោបល់​របស់​យើង​ចំពោះ​កងទ័ព និង​កងកម្លាំង​សន្តិសុខផ្ទៃក្នុង​នៅ​ម៉ាលី​នឹង​បន្ត​ធ្វើ។

ក៏​ប៉ុន្តែ យើង​បាន​ផ្អាក​ជំនួយ​ថវិកា​ចំពោះ​រដ្ឋអំណាច​ម៉ាលី។ ដោយឡែក ជំនួយ​សម្រាប់​ពលរដ្ឋ​ម៉ាលី​តាម​រយៈ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​មិន​ត្រូវ​បាន​ផ្អាក​ទេ។ ដរាប​ណា​របបសឹក​ម៉ាលី​មិន​ប្រកាស​ពី​ថ្ងៃ ខែ​រៀបចំ​បោះឆ្នោត​ថ្មី​ទេ ដរាប​នោះ​យើង​នឹង​មិន​ផ្តល់​ជំនួយ​ថវិកា​ឲ្យ​រដ្ឋអំណាច​ម៉ាលី​ឡើយ។

ថ្ងៃ​នេះ បណ្តា​រដ្ឋមន្រ្តី​ការពារជាតិ​អឺរ៉ុប​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា យើង​ចង់​បន្ត​បេសកកម្ម​នៅ​ម៉ាលី យើង​ចង់​បន្ត​បេសកកម្ម​នៅ​តំបន់​សាហ៊ែល។ យើង​កំពុង​បំពេញ​បេសកកម្ម​នេះ។ តែ​ការ​បន្ត​បេសកកម្ម​នេះ​មិន​ចេះ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​តម្លៃ​ណា​មួយ​នោះ​ឡើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ