អានតួអត្ថបទ
ព្រៃឈើ

NGO ចង្អុល​មុខ​ក្រុមហ៊ុន​​ធំៗ​ថា​មិន​គោរពពាក្យ​សន្យា​ការពារ​ព្រៃឈើ ដើម្បីអាកាសធាតុ

 ក្រុមហ៊ុនធំៗ និង​​សហគ្រាសហិរញ្ញវត្ថុ​ ដែល​មាន​សក្តានុពល​ខ្លាំង មិន​បាន​បញ្ចេញ​សកម្មភាពប្រឆាំង​នឹង​ការ​កាប់​ព្រៃឈើ ​ដូច​បាន​សន្យា នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ COP២៦​ទេ។ នេះ​បើ​តាម​របាយការណ៍​​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ មករា ២០២២ ដែល​បាន​ចង្អុលមុខ​ក្រុមហ៊ុន​សហគ្រាស​និងអ្នក​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ចំៗ​តែម្តង​ផង។

ការ​កាប់​ព្រៃ​ឈើ​ធ្វើកសិកម្ម នៅ​កោះ​ស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី​ រូប​ថត​ឆ្នាំ​២០០៧
ការ​កាប់​ព្រៃ​ឈើ​ធ្វើកសិកម្ម នៅ​កោះ​ស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី​ រូប​ថត​ឆ្នាំ​២០០៧ ASSOCIATED PRESS - Dita Alangkara
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ ​អង្គការក្រៅរដ្ឋាភិបាល Global Canopy បាន​ចង្អុលមុខ​ក្រុមហ៊ុន​សហគ្រាស​ចំនួន ៣៥០ និង​ ​អ្នក​ផ្តល់​ហិរញ្ញវត្ថុ ចំនួន ១៥០ ​ដែល​ជា​ធនាគារ​ មូលនិធិ​វិនិយោគ​ ឬ​មូលនិធិ​សោធន​ ថា​មាន​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​នឹង​ការ​កាប់​ព្រៃឈើ។ មួយភាគ​បី​នៃក្រុមហ៊ុន​​ដែល​អង្គការ​បាន​ចុះទៅ​សិក្សា​ គ្មានគោលការណ៍​​ ឬគម្រោង​ផែនការ​ការពារ​ព្រៃឈើទេ។ ៧២%​ ផ្សេង​ទៀត មានផែនការ​​​ប្តេជ្ញា​មិន​កាប់​ព្រៃឈើ​ ខ្លះដែរ តែ​មិន​លើ​គ្រប់ផលិតផល​និង​គ្រប់​ដំណាក់​នៃ​សង្វាក់​ផលិត​កម្ម​របស់​ខ្លួន​ទេ។

ប៉ុន្តែ​ទោះ​បី​ជា​​បាន​សន្យា​ ​ដោយ​ចំៗ ថា​មិន​ធ្វើកសិកម្ម សណ្តែក សាច់គោ និង​ស្បែក ដែល​នាំដល់​ការ​​កាប់​​ព្រៃឈើ​ក៏​ដោយ ក៏​ក្រុមហ៊ុន​មិន​អាច​ផ្តល់​ភស្តុតាង​​ជាក់​ស្តែង​បញ្ជាក់​អំពី​ដំណើរ​ផលិតកម្ម​របស់​គេ​បាន​ដែរ។ នេះ​បើតាមរបាយការណ៍​ដដែល ដែល​បញ្ជាក់​ទៀត​ថា មានក្រុមហ៊ុន​តិចតួច​ណាស់​ដែល​ទទួល​ស្គាល់​អំពី​ហានិភ័យ​អាកាសធាតុ​បង្ក​ឡើងដោយ​ការកាប់​ព្រៃឈើ និងបូក​បញ្ចូល​​បណ្តាញ​​សង្វាក់​ផលិត​កម្ម ក្នុង​ការ​វាយតម្លៃ​​ហានិភ័យ​អាកាសធាតុ​នោះ។

ក្រុមហ៊ុន​ដែលមានសកម្មភាព​ការពារព្រៃឈើ​គ្រាន់​បើ​ជាង​គេ គឺ​   Cargill, Colgate-Palmolive, Nestle, Unilever ​និងPepsiCo។

ចំណែកស្ថាប័ន​ហិរញ្ញវត្ថុទាំង​១៥០ ដែល​បាន​ចំណាយ​ថវិកា​ដល់ទៅ​ជាង ៥៥០០ពាន់​លានដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ឱ្យ​​ក្រុមហ៊ុន​ទាំង​៣៥០នេះ​​វិញក៏​គ្មាន​គិត​គូរ​​ការពារ​ព្រៃឈើ​ដូច​គ្នា។ បើ​តាម​របាយការណ៍ ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចំនួន ៩៣​លើ​១៥០ គ្មាននយោបាយ​ប្រឆាំង​នឹង​ការ​កាប់ព្រៃឈើ សម្រាប់​ផ្តល់វិនិយោគ​ឬកម្ចី​​ដល់​ក្រុមហ៊ុន​ដែលមានផលិតកម្មប៉ះពាល់​ខ្លាំងនឹងព្រៃឈើ​ទេ។ មាន​តែ​ម្ភៃ​ធនាគារ​ប៉ុណ្ណោះ ដែល​មាន​គម្រោង​វាយតម្លៃ​សកម្មភាពគោរព​ព្រៃ​ឈើ​​របស់​កូនបំណុល។

អង្គការក្រៅ​រដ្ឋាភិបាល Global Canopy បានរំលឹក​ថា ការ​កាប់ព្រៃ ធ្វើ​កសិកម្ម​ដាំ​ដូង​ប្រេង ដាំសណ្តែក ចិញ្ចឹម​សត្វ ឬ​យក​ឈើ ជាការគំរាមកំហែង​ត្រីមុខ ៖ គំរាមកំហែង​អាកាសធាតុ​ផង គំរាមកំហែង​សហគមន៍​តំបន់/មូលដ្ឋាន​ផង និង​ជីវចម្រុះ​ទៀត។ ការកាប់​ព្រៃឈើ ត្រូពិក​ ជា​ ការ​បញ្ចេញ​ឧស្ម័ន​បំពុលបរិយាកាស ធំ​លំដាប់​ទីបី បន្ទាប់​ពី​ចិន និង​សហរដ្ឋអាមេរិក និងច្រើន​ជាង​ការ​បញ្ចេញ​ផ្សែងពុលរបស់​សហភាពអឺរ៉ុប​និង​ឥណ្ឌា​ទៅ​ទៀត។ បញ្ឈប់​កសិកម្ម​ដែល​ជំរុញ​ឱ្យ​មានការកាប់​ព្រៃឈើ អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូកនិកបានមួយ​ជា​ពីរ។ ស្តារ​ជីវចម្រុះ​ដែលខូចខាត​ពីការកាប់ព្រៃឈើ ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០ មិនមែនជា​ជម្រើស​ ​តែ​ជា​ភាព​ចាំបាច់ ក្នុង​ការឈាន​ឆ្ពោះទៅ​រកអព្យាក្រិត្យ​ភាព​កាបោន។ ពុំនោះ​ទេ ពិភពលោកមិនអាច​​កំរិតការ​ឡើង​​កម្តៅ​អាកាសធាតុ​នៃ​ភពផែនដី​ត្រឹម​១,៥អង្សា​ បើ​ប្រៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម​ ដូច​មាន​ចែង​ក្នុងកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​បាន​ទេ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់អង់គ្លេស ក្នុងសន្និសីទ​អាកាសធាតុ​COP២៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ