អានតួអត្ថបទ
អង់គ្លេស

អង់គ្លេស៖ព្រះមហាក្សត្រីយានី Elizabeth II ឆ្លងកូវីដ១៩ តែមានរោគសញ្ញាស្រាល

នៅ​ក្នុង​ប្រទេស​អង់គ្លេស ព្រះបរមរាជវាំង​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​អាទិត្យ ទី២០ កុម្ភៈ​ថា ព្រះមហាក្សត្រីយានី Elizabeth II ដែល​មាន​ព្រះជន្ម ៩៥វស្សា​បាន​ឆ្លង​កូវីដ១៩ តែ​មាន​រោគសញ្ញា​ស្រាល។ ទោះ​ជា​យ៉ាង​នេះ​ក្តី ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​អង់គ្លេស​ទូទៅ​បារម្ភ​ពី​សុខភាព​របស់​ព្រះមហាក្សត្រីយានី Elizabeth II ដែល​ទើប​ប្រារព្ធ​ខួប ៧០ឆ្នាំ​នៃ​ការ​ឡើង​សោយរាជ្យ និង​ជា​ព្រះមហាក្សត្រីយានី​ដ៏​ល្បីល្បាញ​ជាង​គេ​លើ​លោក។ នាយករដ្ឋមន្រ្តី និង​សមាជិក​ក្នុង​រដ្ឋាភិបាល​អង់គ្លេស​បាន​ជូនពរ​ព្រះមហាក្សត្រីយានី​ឲ្យ​ឆាប់ជា និង​មាន​ព្រះរាជសុខភាព​ល្អ​ឡើង​វិញ។

នៅអង់គ្លេស ព្រះមហាក្សត្រី Elizabeth II ឆ្លងកូវីដ១៩ តែមានរោគសញ្ញាស្រាល
នៅអង់គ្លេស ព្រះមហាក្សត្រី Elizabeth II ឆ្លងកូវីដ១៩ តែមានរោគសញ្ញាស្រាល CHRIS JACKSON BUCKINGHAM PALACE/AFP/File
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី២០ កុម្ភៈ​ដែល​ព្រះបរមរាជវាំង​បាន​បញ្ជាក់​ពី​លទ្ធផល​តេស្តិ៍​វិជ្ជមាន​កូវីដ១៩ របស់​ព្រះមហាក្សត្រីយានី Elizabeth II។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា រោគសញ្ញា​ដែល​ព្រះមហាក្សត្រីយានី Elizabeth II មាន​ជា​រោគសញ្ញា​ស្រាលៗ​ដូច​រោគសញ្ញា​ផ្តាសាយ​ធម្មតា។ ទោះ​ជា​យ៉ាង​នេះ​ក្តី ព្រះមហាក្សត្រីយានី Elizabeth II មាន​ព្រះសុខភាព​ល្អ និង​បន្ត​ស្ថិត​ក្រោម​ការ​តាម​ដាន​មើល​ពី​ក្រុម​គ្រូពេទ្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។ តាម​សារព័ត៌មាន​អង់គ្លេស ព្រះមហាក្សត្រីយានី Elizabeth II ដែល​មាន​ព្រះជន្ម ៩៥ព្រះវស្សា និង​ឆ្លង​ចូល​៩៦ព្រះវស្សា​នៅ​ថ្ងៃទី២១ មេសា​ខាង​មុខ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ចំនួន ៣ដូស។

គេ​មិន​ដឹង​ថា តើ​ព្រះមហាក្សត្រីយានី Elizabeth II បាន​ឆ្លង​កូវីដ១៩ នៅ​ទីណា និង​ពី​អ្នក​ណា​ទេ។ អ្វី​ដែល​គេ​ដឹង ព្រះមហាក្សត្រីយានី Elizabeth II បាន​ជួប​សន្ទនា​ជាមួយ​ព្រះអង្គម្ចាស់ Charles ដែល​ជា​ព្រះរាជបុត្រា​ក្នុង​ថ្ងៃទី៨ កុម្ភៈ ពោល ២ថ្ងៃ​មុន​នឹង​ព្រះអង្គម្ចាស់ Charles មាន​វិជ្ជមាន​កូវីដ១៩​ក្នុង​ថ្ងៃទី១០ កុម្ភៈ។ គួរ​បញ្ជាក់​ថា ព្រះមហាក្សត្រីយានី Elizabeth II ដែល​ជា​ព្រះមហាក្សត្រីយានី​ដ៏​ល្បីល្បាញ​ខ្លាំង​ជាង​គេ​លើ​លោក​ទើប​បាន​ប្រារព្ធ​ខួប ៧០ឆ្នាំ​នៃ​ការ​ឡើង​គ្រងរាជសម្បត្តិ។ នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​ជូន​ពរ​ឲ្យ​ព្រះមហាក្សត្រីយានី Elizabeth II ឆាប់​ជា និង​មាន​ព្រះរាជ​សុខភាព​ធម្មតា មាំមួន​ឡើង​វិញ។

សារ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ថ្នាក់ដឹកនាំ​នយោបាយ​អង់គ្លេស​គ្រប់​លំដាប់ថ្នាក់ ពិសេស​ពី​សមាជិក​ក្នុង​រដ្ឋាភិបាល។ ពី​អន្តរជាតិ​វិញ​ពេល​នេះ គឺ​សារ​របស់​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​លោក​ទេដ្រូស។ គួរ​បញ្ជាក់​ថា តាំង​ពី​ក្រោយ​ចូល​សម្រាក​ព្យាបាល​ជំងឺ​រយៈពេល ១យប់​ក្នុង​មន្ទីរពេទ្យ​កាល​ពី​ខែ​តុលា ឆ្នាំ ២០២១ មក ព្រះមហាក្សត្រីយានី Elizabeth II មិន​បាន​បង្ហាញ​ព្រះភ័ក្រ​ជា​សាធារណៈ​ទេ។ គឺ​ទើប​នៅ​ដើម​ខែ​កុម្ភៈ​នេះ​ដែល​ព្រះមហាក្សត្រីយានី Elizabeth II បាន​លេច​ព្រះភ័ក្រ និង​ផ្តើម​បំពេញ​ព្រះរាជសកម្មភាព​សាធារណៈ​ជា​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ