អានតួអត្ថបទ
អ៊ុយក្រែន-នុយក្លេអ៊ែរ

នុយក្លេអ៊ែរ​អ៊ុយក្រែន ៖ ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ថា​គ្មាន​គ្រោះ​វិទ្យុសកម្ម​​នៅ​ឈែរណូប៊ីល

បន្ទាប់​ពី​បាត់​ការ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាពនុយក្លែអ៊ែរ​ពី​ចម្ងាយ ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ ហៅកាត់​ថា​AIEA អាអ៊ីអឺអា បាន​ជូន​ដំណឹង​ថា​ មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ឈែរណូប៊ីល ដាច់​ចរន្តអគ្គីសនី​ទាំងស្រុង​ នៅ​ថ្ងៃពុធ​ទី ៩ មីនា​នេះ។ ដោយ​ហេតុ​តែ​កងទ័ព​រុស្ស៊ី​កំពុង​ធ្វើការ​វាយប្រហារ​ខ្លាំង គេ​​មិន​អាច​ជួសជុល​ត​ភ្លើង​បានវិញ​ទេ។ បើ​គ្មាន​ចរន្ត​អគ្គីសនី តើ​ប្រព័ន្ធ​រក្សាសីតុណ្ហភាព​ដំណើរ​ការ​បាន​យ៉ាង​ដូចម្តេច ? តើ​នឹង​មាន​គ្រោះ​ធ្លាយ​វិទ្យុសកម្ម​យ៉ាងណា ?

សំណង់​គ្រប​ម៉ាស៊ីនប្រតិករ​ខូច និង​សំណល់​នុយក្លេអ៊ែរ​ក្រោយ​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ នៅ​មជ្ឈមណ្ឌលឈែរណូប៊ីល.
សំណង់​គ្រប​ម៉ាស៊ីនប្រតិករ​ខូច និង​សំណល់​នុយក្លេអ៊ែរ​ក្រោយ​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ នៅ​មជ្ឈមណ្ឌលឈែរណូប៊ីល. REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

ដោយ​មិន​បញ្ជាក់​អំពីមូលហេតុ​នៃ​ការ​ដាច់​ភ្លើង ​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសអ៊ុយក្រែនបាន​អះអាង​លើ​ទំព័រ​ហ្វេសប៊ុក​ថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឈែរណូប៊ីល​មាន​ម៉ាស៊ីន​ភ្លើង​ស្រគួរដែល​អាច​ដំណើរការ​បាន​៤៨​ម៉ោង។ ហើយ​បន្ទាប់​មក​ បើ​ចរន្ត​អគ្គីសនីមិន​ដើរឡើង​វិញ​ទេ នោះ​ប្រព័ន្ធ​បញ្ចុះ​កម្តៅ​​សីតុណ្ហភាព​គ្រឿង​ចំហេះ​នុយក្លេអ៊ែ​រ​នឹង​ត្រូវ​ឈប់។

បើតាម​ក្រុមហ៊ុន​ថាមពល​អ៊ុយក្រែន Energoatom នៅ​ពេល​​ប្រព័ន្ធ​បញ្ចុះ​សីតុណ្ហភាពសំណល់​នុយក្លេអ៊ែរ​​លែង​ដើរ សារធាតុ​វិទ្យុ​សកម្មអាច​នឹង​សាយ​ភាយ​ចេញ​បាន។ ទៅ​តាមកម្លាំង​ខ្យល់ ផ្សែង​វិទ្យុ​សកម្ម​អាច​សាយ​ភាយ​ដល់តំបន់​ផ្សេង​ទៀត​របស់​អ៊ុយក្រែន របស់បេឡារុស រុស្ស៊ី និង​អឺរ៉ុប​ផង។ ហើយ​បើ​គ្មាន​ចរន្ត​អគ្គីសនី ប្រព័ន្ធ​បង្វិល​ខ្យល់​​នឹង​លែង​ដើរ​ដែរ នោះ​បុគ្គលិក​ធ្វើ​ការ​ក្នុង​មជ្ឈមណ្ឌល​អាច​​ប្រឈមនឹង​ជាតិ​វិទ្យុ​សកម្មខ្ពស់។ នេះ​បើ​តាមក្រុមហ៊ុន​ថាមពល​​អ៊ុយក្រែន​ដដែល។

ប៉ុន្តែ​បើ​តាម​ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ AIEA ការដាច់​ចរន្តអគ្គីសនី​ទាំងស្រុង​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឈែរណូប៊ីលនេះ មិនចោទ​​ជា​បញ្ហា​ធ្ងន់ធ្ងរ​​ដល់សុវត្ថិភាព​ទេ។ ភ្នាក់ងារ​បាន​ធានា​សហគមន៍​អន្តរជាតិ ដោយ​ពន្យល់​ថា គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​បាន​​កន្លង​យូរ​ពេល​ទៅ​ហើយ (១៩៨៦) ហើយ​បន្ទុកកម្តៅ​​ក្នុង​អាងទឹកដែល​មាន​ស្តុក​គ្រឿង​ចំហេះ​ប្រើ​រួច​​​​និង​បរិមាណ​ទឹកក្នុង​ប្រព័ន្ធ​បញ្ចុះ​​សីតុណ្ហភាព​ ក៏​មាន​គ្រប់គ្រាន់​សម្រាប់​ធានា​បញ្ចុះ​កម្តៅ​ប្រកប​ដោយ​សុវត្ថិភាព​​ដោយមិន​បាច់​​ប្រើ​ចរន្ត​អគ្គីសនីបាន។ ហេតុ​ដូច្នេះហើយ​បាន​ជា​ ភ្នាក់ងារ​មើល​មិន​ឃើញថា​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បញ្ហា​សុវត្ថិភាពនោះ។

មជ្ឈមណ្ឌល​អគ្គីសនី​នុយក្លេអ៊ែរ​ឈែរណូប៊ីល របស់អ៊ុយក្រែន ដែល​ធ្លាប់​មានគ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នុយក្លេអ៊ែរស៊ីវិល​​ កាលពី​ឆ្នាំ​១៩៨៦ និង​ដែល​​ត្រូវ​បាន​គេ​បោះបង់ឈប់​ប្រើប្រាស់​តាំងពី​ពេល​នោះ​មក មាន​កប់​ម៉ាស៊ីនប្រតិករ​ និងសំណល់​វិទ្យុសកម្មជា​​បន្សំ​​គ្រឿង​ចំហេះនុយក្លេអ៊ែរ​យ៉ាង​ច្រើន ដល់​ទៅ​ប្រមាណ​​ជាង​២ម៉ឺនដើម។ ​

​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​១៤០គីឡូម៉ែត្រ​ពី​ទីក្រុង​កៀវ និង​កៀក​បង្កើយជាប់​ព្រំដែន​បៀឡារុស ឈែរណូប៊ីល​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​រុស្ស៊ី ក្រោយ​​ពី​មូស្គូ​ចាប់​ផ្តើម​វាយប្រហារ​លើ​អ៊ុយក្រែន នៅ​ថ្ងៃទី ២៤​កុម្ភៈ បន្តិច។ រុស្ស៊ី​វាយ​យក​មជ្ឈមណ្ឌលនេះ​ ជា​សារ​ចង់​​ព្រមានអូតង់ អឺរ៉ុប​ ​និងអាមេរិក​ កុំ​ឱ្យ​លូក​ដៃ​ចូល​ជួយ​អ៊ុយក្រែន​។ ដូច្នេះ​ការ​ដាច់ចរន្ត​អគ្គី​សនី ថ្ងៃ​នេះ ទោះ​ដោយ​ចេតនា​ឬ​អចេតនា អាច​ត្រូវ​បានគេ​បកស្រាយ​ថា​​សារសំឡុត​ពិភពលោក​មួយ​ទៀតរបស់​​​រស្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ