អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ការសម្លាប់រង្គាល​នៅប៊ូតឆា តើជា​ការ​​កាប់សម្លាប់បញ្ជាពីថ្នាក់លើ ឬជាករណីធ្វើជ្រុលដោយកំហឹងរបស់កូនទាហានរុស្ស៊ី?

សាកសពមនុស្ស​ជាង៤០០នាក់​ ដែលគេបានប្រទះឃើញនៅតំបន់ប៊ូតឆា ជាយទីក្រុងកៀវ បានបង្ក​ឲ្យ​មាន​ថ្កោលទោសជាខ្លាំង ទៅលើកងទ័ពរុស្ស៊ី ដែលបានគ្រប់គ្រងតំបន់នេះ អស់រយៈពេល​ប្រមាណជិតមួយខែ។ លោក ប្រធានាធិបតីអ៊ុយក្រែន បាន​ចាត់ទុកថាកងទ័ពរុស្ស៊ី បានធ្វើអំពើ “ប្រល័យពូជសាសន៍” ខណៈអង្គការសហប្រជាជាតិ បាន​លើកឡើងថា វាអាចជាករណី “ឧក្រិដ្ឋកម្មសង្គ្រាម” បង្កឡើងដោយកងទ័ពរុស្ស៊ី

សត្វឆ្កែតែលតោល ក្នុងតំបន់ Boutcha ដែលក្លាយជាវាលរហោរដ្ឋាន ក្រោយ​ការចាកចេញ របស់កងទ័ពរុស្ស៊ី។ យ៉ាងហោចណាស់សាកសពមនុស្ស ប្រមាណ​៤១០នាក់ ត្រូវបានគេប្រទះឃើញ​នៅតំបន់នេះ ខ្លះស្លាប់ដេករាយប៉ាយនៅក្បែរផ្ទះ នៅ​តាមផ្លូវ ខ្លះដៃជាប់ចំណង និង​មួយចំនួនធំនៅក្នុងរណ្តៅកប់សពរួម។ ប៊ូតឆា ថ្ងៃទី ៤ មេសា ២០២២
សត្វឆ្កែតែលតោល ក្នុងតំបន់ Boutcha ដែលក្លាយជាវាលរហោរដ្ឋាន ក្រោយ​ការចាកចេញ របស់កងទ័ពរុស្ស៊ី។ យ៉ាងហោចណាស់សាកសពមនុស្ស ប្រមាណ​៤១០នាក់ ត្រូវបានគេប្រទះឃើញ​នៅតំបន់នេះ ខ្លះស្លាប់ដេករាយប៉ាយនៅក្បែរផ្ទះ នៅ​តាមផ្លូវ ខ្លះដៃជាប់ចំណង និង​មួយចំនួនធំនៅក្នុងរណ្តៅកប់សពរួម។ ប៊ូតឆា ថ្ងៃទី ៤ មេសា ២០២២ AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

យោងតាមលោកឧត្តមសេនីយ៍​ ដូមីនីក ត្រាំងកង់ Dominique Trinquand អតីតប្រធានបេសសកម្មក្រៅប្រទេស នៃកងទ័ពបារាំង គឺថាករណីសម្លាប់​ប្រជាជនស៊ីវីលអ៊ុយក្រែន នៅតំបន់ប៊ូតឆានេះ គឺអាចមិនមែនជាគោលនយោបាយ​ ដែលបញ្ជាពីថ្នាក់លើនៃកងទ័ពរុស្ស៊ី។ ក៏ប៉ុន្តែវាអាចជា​ការធ្វើជ្រុលជ្រួល ដោយកំហឹង និងដោយគ្មានការគោរពវិន័យត្រឹមត្រូវ របស់កូនទាហានរុស្ស៊ី។

លោកមេបញ្ជាការបារាំងរូបនេះ លើកឡើងថា មូលហេតុដ៏​សំខាន់មួយ គឺការឃោសនាលាងខួរក្បាល ពង្វក់កូនទាហានរុស្ស៊ី ពីសំណាក់ប្រធានាធិបតី​ពូទីនផ្ទាល់តែ​ម្តង ឲ្យទាហានរុស្ស៊ី ស្អប់និងសម្លាប់ប្រជាជនអ៊ុយក្រែន។ ហើយមួយវិញទៀត កូនទាហានរបស់រុស្ស៊ី បានរងនូវអំពើហិង្សាជាប្រចាំ ពេលចាប់ផ្តើមចូលបម្រើ​ជួរកងទ័ព ដែលធ្វើឲ្យពួកគេមានបញ្ហា​សតិអារម្មណ៍ មិនអាចគ្រប់គ្រងខ្លួនឯងបាន នៅក្នុង​សមរភូមិប្រយុទ្ធដែលក្តៅគគុក និង​ក្នុងរយៈពេលយូរថែមទៀត។

01:37

សម្រង់ប្រសាសន៍របស់​លោក​ឧត្តមសេនីយ៍បារាំង ដូមីនីក ត្រាំងកង់

 

"តំបន់ប៊ូតឆានេះ ស្ថិតនៅក្នុង​ដៃរបស់​កងទ័ពរុស្ស៊ី អស់រយៈ​ប្រមាណ​ជិត១​ខែឯណោះ​។ តំបន់នេះ ធ្លាប់ជាបន្ទាត់សមរភូមិ​ នៃការប្រឈមមុខ តទល់កម្លាំងគ្នារវាងទ័ពរុស្ស៊ី និង​កងកម្លាំងអ៊ុយក្រែននៅក្រុងកៀវ។

ក្នុងអំឡុង​ពេល​ ដែល​កងទ័ពរុស្ស៊ីត្រួតត្រាតំបន់នេះ ព្រមទាំងពេល​ដែលកងទ័ពនេះ ហៀបនឹងចាកចេញ​ទៅវិញ គឺប្រហែលជាអាចមាន​ទាហានរុស្ស៊ីខ្លះ បាន​ធ្វើសកម្ម​សងសិក ទៅតាមកំហឹងក្រេវក្រោធរបស់​ខ្លួន។ វាអាចបញ្ជាក់ថា កងទ័ពរុស្ស៊ីពុំមាន ការគោរព​វិន័យ​ត្រឹមត្រូវប៉ុន្មានឡើយ។

នៅក្នុងជួរកងទ័ពរុស្ស៊ី បើតាមខ្ញុំយល់ គឺវាមានចន្លោះប្រហោងធំណាស់ រវាងមេធំៗ និង​នាយទាហានតូចៗ ដែលមិនសូវមានវិន័យទេ។ ដូច្នេះ ខ្ញុំគិតថា ករណីកាប់សម្លាប់នៅប៊ូតឆានេះ គឺវាអាចបណ្តាលមក​ ពីការ​គ្រប់គ្រងការគោរពវិន័យ មិនបានដិតដល់ ក្នុងចំណោមជួរកងទ័ពរុស្ស៊ី។ ខ្ញុំគិតវាមិនមែន​ជាគោលនយោបាយ​ទូទៅ បញ្ជាពីថ្នាក់លើមកថា ឲ្យ​កាប់សម្លាប់បែបនេះទេ ព្រោះថាកងទ័ពរុស្ស៊ី ដឹងច្បាស់ណាស់ ថាករណីបែបនេះ វាប៉ះពាល់ខ្លាំងកម្រិតណា ទៅដល់មតិសាធារណៈទូទាំងពិភពលោក និងការយល់ឃើញ របស់ប្រជាជនរុស្ស៊ីខ្លួនឯងផងដែរ។

ដូច្នេះ ខ្ញុំជឿថាករណីនេះ គឺវាអាចបណ្តាល​មក​ពី​ការធ្វើអំពើជ្រុលជ្រួល ដោយ​គ្មានគោរពវិន័យ នៅក្នុង​ចំណោមកូន​ទាហានរុស្ស៊ី ជាជាងការ​បញ្ជាពីថ្នាក់លើ។ បញ្ហានេះ មិនមែនតែក្នុងករណី​នៅប៊ូតឆានេះទេ តែយើងអាចសង្កេតឃើញជាទូទៅ នៅទីកន្លែងផ្សេងទៀតដែរ។"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ