អានតួអត្ថបទ
បារាំង-អាល្លឺម៉ង់-រុស្ស៊ី

បារាំង​និង​អាល្លឺម៉ង់​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​រាប់​សិប​នាក់​ក្រោយ​ផ្ទុះ​ព័ត៌មាន​ពី​ការ​សម្លាប់​ជន​ស៊ីវិល​នៅ​ប៊ូតឆា

បារាំង​និង​អាល្លឺម៉ង់​បាន​ប្រកាស​កាល​ពី​ថ្ងៃចន្ទ​ ៤​មេសា​ម្សិលមិញ​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ជា​ច្រើន​សិប​នាក់​ បន្ទាប់​ពី​មាន​ព័ត៌មាន​អំពី​ការ​សម្លាប់​រង្គាល​លើ​ប្រជាជន​អ៊ុយក្រែន​ក្នុង​ទីក្រុង​ប៊ូតឆា​។ ស្របពេលជាមួយគ្នានេះ​ អាមេរិក​និង​សហភាព​អឺរ៉ុប​ក៏​កំពុង​រៀប​ចំ​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ដែរដើម្បី​ប្រឆាំង​នឹង​វិមាន​ក្រេមឡាំង​។

សាកសពជនស៊ីវិលដែលមានដៃជាប់ចំណង និងដែលត្រូវបានគេឃើញនៅក្រុងប៊ូតឆាក្បែររដ្ឋធានីកៀវប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទ ទី ៤ ខែមេសា ឆ្នាំ២០២២។
សាកសពជនស៊ីវិលដែលមានដៃជាប់ចំណង និងដែលត្រូវបានគេឃើញនៅក្រុងប៊ូតឆាក្បែររដ្ឋធានីកៀវប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទ ទី ៤ ខែមេសា ឆ្នាំ២០២២។ AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

ក្រោយ​មាន​ព័ត៌មាន​ពី​ការ​សម្លាប់​ជន​ស៊ីវិល​អ៊ុយក្រែនជាង​ ៤០០​នាក់​នៅ​ក្រុង​ប៊ូតឆា​ ប្រទេស​អឺរ៉ុប​កាន់តែ​ច្រើន​នាំគ្នា​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ចេញពី​ប្រទេស​។ ជាក់ស្តែងកាលពីថ្ងៃចន្ទម្សិលមិញ អាល្លឺម៉ង់​បាន​សម្រេច​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ចំនួន​ ៤០នាក់។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​អ្នកស្រី​ Annalena Baerbock បាន​ហៅ​ចំណាត់ការនេះ​ថា​ជា​ការ​ឆ្លើយតបទៅ​នឹង​អំពើឃោរឃៅ​មិនគួរឲ្យជឿ​ដែល​វិមាន​ក្រេមឡាំង​បាន​ប្រព្រឹត្ត​នៅក្នុង​ប្រទេស​អ៊ុយក្រែន​។

ភ្លាមៗ​ក្រោយ​សេចក្តី​ប្រកាស​របស់​អាល្លឺម៉ង់​ ប្រទេស​បារាំង​បាន​និយាយ​ថា​នឹង​បណ្តេញ​អ្នក​ការ​ទូត​រុស្ស៊ី​ ៣៥នាក់​។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ក្រសួង​ការ​បរទេស​បារាំង​បានពន្យល់ថា​បារាំង​បាន​សម្រេច​ចិត្ត​បណ្តេញ​បុគ្គលិក​ទូត​រុស្ស៊ី​មួយ​ចំនួន​ដោយ​ហេតុថា​សកម្មភាព​របស់​ពួកគេ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​សន្តិសុខរបស់​បារាំង​។

ស្រដៀង​គ្នា​នេះ​ លីទុយអានី​បាន​សម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ចេញពី​ប្រទេសដែរ​។ ចំណែក​ប្រទេស​ដាណឺម៉ាកឯណោះវិញ​បានឲ្យដឹងនៅថ្ងៃអង្គារនេះដែរថា​ខ្លួន​កំពុង​តែបណ្តេញ​មន្ត្រី​ទូត​រុស្ស៊ីចំនួន​ ១៥នាក់​ពី​បទ​ចារកិច្ច​។

ជុំវិញ​រឿង​សម្លាប់​ជនស៊ីវិល​នៅអ៊ុយក្រែននេះ​ សហរដ្ឋអាមេរិក​និងអឺរ៉ុប​ក៏​កំពុង​រៀបចំ​ផែនការ​ដាក់​ទណ្ឌកម្មថ្មី​បន្ថែម​ទៀត​​លើ​ទីក្រុងមូស្គូដែរ​។ លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្រ្គាម​ប្រឆាំង​នឹង​មេដឹកនាំ​រុស្ស៊ី​លោកពូទីន​ ហើយ​ថា​សហរដ្ឋ​អាមេរិកនឹង​ស្នើ​ឲ្យ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ផ្អាក​សមាជិកភាព​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទៀតផង​។

វិមាន​ក្រេមឡាំង​បាន​ទាត់ចោល​រាល់ការ​ចោទ​ប្រកាន់​របស់​លោកខាងលិច​ពាក់ព័ន្ធ​ការ​សម្លាប់​ជន​ស៊ីវិល​អ៊ុយក្រែន​នៅ​ប៊ូតឆា​ ហើយថា​ខ្លួន​នឹង​បង្ហាញ​ភស្តុតាងជាក់ស្តែង​ក្នុង​កិច្ច​ប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​អង្គារនេះ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់កង​ទ័ពរុស្ស៊ី​។

ក្រៅពីនេះ​ ទីក្រុងមូស្គូ​បាន​លើក​ឡើងថា​ការ​បណ្តេញ​មន្ត្រី​ទូតរុស្ស៊ី​ពីសំណាក់​ក្រុម​ប្រទេស​លោក​ខាងលិច​គឺជារឿង​មិនសមហេតុផល​ទាល់តែសោះឡើយ​ ហើយ​ថា​រុស្ស៊ី​នឹងឆ្លើយ​តប​ទៅ​កាន់ពួកគេ​វិញឲ្យ​បាន​សក្តិសមជាទីបំផុត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ