អានតួអត្ថបទ
ព្រៃឈើ-អាកាសធាតុ

ឆ្នាំ​២០២១ ​ពិភពលោក​​បាត់​បង់​ព្រៃ​ឈើ ត្រូពិក​ ប៉ុន​១០​តារាង​បាល់ក្នុង​មួយ​នាទី

ក្នុង​មួយ​ឆ្នាំ​២០២១​កន្លង​ទៅ ភព​ផែន​ដី​បាន​បាត់​បង់ផ្ទៃ​ដី​​ព្រៃឈើអស់​ ២៥៣០០០គីឡូម៉ែត្រការ៉េ។ បើ​តាម​​​អ្នក​ស្រាវជ្រាវ ​ការ​បាត់​បង់ព្រៃឈើ​ត្រូពិក បណ្តាល​មក​ពីការ ​​ដុត​និង​កាប់ ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹមសត្វ​ ឬ​ដាំដុះ​ និង​ធ្វើឱ្យ​ពិភពលោក​ពិបាក​សម្រេច​កម្មវត្ថុ​ថែរក្សា​ព្រៃ ដើម្បី​ទប់​ស្កាត់​ការ​​​ប្រែប្រួល​អាកាសធាតុ។

​ឆ្នាំ​២០២១ ​ពិភពលោក​​បាត់​បង់​ព្រៃ​ឈើ ត្រូពិក​ ប៉ុន​១០​តារាង​បាល់ក្នុង​មួយ​នាទី
​ឆ្នាំ​២០២១ ​ពិភពលោក​​បាត់​បង់​ព្រៃ​ឈើ ត្រូពិក​ ប៉ុន​១០​តារាង​បាល់ក្នុង​មួយ​នាទី AFP - EVARISTO SA
ផ្សាយពាណិជ្ជកម្ម

តំបន់​ត្រូវ​ពិក​ បាត់បង់​ព្រៃ​អស់​ប្រមាណ​១១,១​លាន​ហិចតារ ក្នុងនោះ​៣,៧៥​លាន​ហិចតា​រ ជា​ព្រៃ​ស្តុក ពោល​គឺ​ក្នុង​ពេញ​មួយ​ឆ្នាំ​កន្លង​មកនេះ ពិភពលោក​បាន​បាត់​បង់​ព្រៃស្តុក​ទំហំ​ប៉ុន​១០​តារាងបាល់​ទាត់​ក្នុង​មួយ​នាទី។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​​អង្គការ​ Global Forest Watch (GFW)នៃវិទ្យាស្ថាន World resources institute (WRI)។

បើ​តាម​ការ​គណនា​របស់​អ្នកស្រាវជ្រាវដដែល ប្រេស៊ីល​បាត់បង់​ព្រៃស្តុក​ច្រើន​ជាង​គេ​ គឺ​ប្រមាណ​ជាង​៤០% ដោយ​ហេតុ​ភ្លើង​ឆេះ និង​ការ​កាប់​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម​និង​ចិញ្ចឹមសត្វ។ សកម្មភាព​កាប់​ព្រៃ​នេះ​កើន​ឡើង​ដល់​៩%​ និង​កន្លែង​ខ្លះ​ឡើង​ដល់​២៥%​បើប្រៀប​ទៅ​ឆ្នាំ​២០២០។ បន្ទាប់​មក​ គឺ​សាធារណរដ្ឋ​កុងហ្គោ អស់ ៥សែន​ហិចតារ បន្ត​ដោយ​​បូលីវី ចំនួន​ជិត​៣សែន​ហិចតារ។

​ខាត​បង់​ប្រយោជន៍​ខាង​ស្រូប​យក​ឧស្ម័នកាបូនិកហើយ​ សកម្មភាព​បំផ្លាញ​​ព្រៃស្តុក នៅ​ឆ្នាំ​២០២១​នេះ បាន​បញ្ចេញ​ឧស្ម័ន​បំពុលបរិយាកាសបន្ថែម​​ដល់​ទៅ ២,៥ gigatonnes ពោល​គឺ​ស្មើ​នឹង​ការ​បញ្ចេញ​ផ្សេងពុល​របស់​ប្រទេស​ឥណ្ឌាទាំងមូល។

ក្រៅពី​ព្រៃត្រូពិច ព្រៃ​នៅ​តំបន់​ត្រជាក់​ ក្នុង​អឌ្ឍគោល​ខាង​ជើង ក៏​រង​ការ​បាត់​បង់ព្រៃ​ច្រើន​បំផុត​ មិនធ្លាប់​មានដែរ គិត​ចាប់​តាំងពី​ឆ្នាំ​២០០១មក។ នៅ​ឆ្នាំ ២០២១ កាណាដា រុស្ស៊ី និង​អាឡាស្កា បាន​បាត់​បង់​ព្រៃ​អស់​ជាង​ ៨ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ដោយ​ហេតុ​តែ​បាតុភូត​ភ្លើង​ឆេះ​ព្រៃ ដែល​មាន​ពាក់​ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ នេះ​បើ​តាម​នាយក​កម្មវិធី​ព្រៃឈើ​ពិភពលោក WRI ដដែល។

របាយការណ៍​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញថា ពិភពលោក​បន្ត​​បាត់បង់​ព្រៃ​ និង​កំពុង​ធ្វើ​ខុស​ពី​ពាក្យ​​ប្តេជ្ញា​ កាលពី​ខែ​វិច្ឆកា​២០២១ ក្នុង​​​សន្និសីទអាកាសធាតុរបស់​​​អង្គការ​សហប្រជាជាតិ​ COP២៦ ដែល​មេដឹកនាំ​១៤១​ប្រទេស​បានប្រកាស​ បញ្ឈប់​​ការ​បំផ្លាញ ព្រៃឈើ នៅ​ឆ្នាំ​២០៣០។ ដើម្បី​​សម្រេច​កម្មវត្ថុ​ អ្នកស្រាវជ្រាវបាន​ព្រមាន​ថា គេ​ត្រូវ​តែ​កាត់​បន្ថយ​ការ​បំផ្លាញព្រៃ​ស្តុក ច្រើន​និងជាប់​​ជា​រៀង​​រាល់​ឆ្នាំ​ រហូត​ដល់​ដំណាច់​ទសវត្សរ៍​ ​ ព្រោះបាតុភូត​នៃ​​ប្រែប្រួល​អាកាសធាតុផ្ទាល់​ បានបង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ថែរក្សា​ព្រៃដែល​មាន​ស្រាប់ស្រេច​​ទៅ​ហើយ។

មាន​តែ​ឥណ្ឌូណេស៊ី​មួយ​គត់ ដែល​អាចពន្យឺត​ការ​បាត់​បង់​ព្រៃ​ស្តុក​​របស់​ខ្លួន បានរយៈ​ពេល​៥​ឆ្នាំ​ជាប់​គ្នា និង​ក្នុង​បរិមាណ ២៥% បើ​ប្រៀប​ទៅ​ឆ្នាំ​២០២០។ នេះ​បើ​តាមរបាយការណ៍ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ