អានតួអត្ថបទ

ប្រធានាធិបតីរុស្ស៊ីលោកពូទីនថា ការដែលហ្វាំងឡង់ចង់ចូលជាសមាជិកអូតង់ជាកំហុសឆ្គងមួយ

នៅ​ថ្ងៃ​សៅរ៍ ទី១៤ ឧសភា ប្រធានាធិបតី​ហ្វាំងឡង់​លោក​សូលី នីនីស្តូ​បាន​ទូរស័ព្ទ​និយាយ​ជាមួយ​សមភាគី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន។ នៅ​ក្នុង​កិច្ចសន្ទនា លោក​នីនីស្តូ​បាន​ប្រាប់​លោក​ពូទីន​ពី​ការ​ដែល​ហ្វាំងឡង់​ត្រៀម​ដាក់​បេក្ខភាព​សុំ​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់។ តែ​លោក​ពូទីន​បាន​ប្រាប់​លោក​នីនីស្តូ​វិញ​ថា គម្រោង​សុំ​ចូល​អូតង់​របស់​ហ្វាំងឡង់​ជា​កំហុស​ឆ្គង​មួយ និង​ថា ការ​ប្តូរ​ទិសដៅ​នយោបាយ​របស់​ហ្វាំងឡាំង​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី រុស្ស៊ី ហ្វាំងឡង់។

ប្រធានាធិបតីរុស្ស៊ីលោកពូទីន។
ប្រធានាធិបតីរុស្ស៊ីលោកពូទីន។ via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ហ្វាំងឡង់​លោក​សូលី នីនីស្តូ​បាន​បញ្ជាក់​ថា កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក និង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​ជា​កិច្ចសន្ទនា​ដោយ​ផ្ទាល់ និង​និយាយ​ត្រង់​ទៅ ត្រង់​មក​ដោយ​គ្មាន​ការ​លាក់លៀម​អ្វី​ទាំង​អស់។ លោក​នីនីស្តូ​បាន​យល់​ឃើញ​ថា ការ​និយាយ​ត្រង់​ទៅ ត្រង់​មក​ដោយ​មិន​បត់បែន​ជា​រឿង​សំខាន់​ដើម្បី​បញ្ជៀស​ភាព​តានតឹង និង​ការ​មិន​យល់​គ្នា។ នៅ​ក្នុង​កិច្ចសន្ទនា លោក​នីនីស្តូ​បាន​ប្រាប់​លោក​ពូទីន​ពី​ការ​ដែល​ហ្វាំងឡង់​ត្រៀម​ប្រកាស​ដាក់​បេក្ខភាព​ចូល​ជា​សមាជិក​របស់​អង្គការអូតង់។ ការ​ប្រកាស​ត្រៀម​ដាក់​បេក្ខភាព​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី១៥ ឧសភា​នេះ។ តែ​លោក​ពូទីន​បាន​និយាយ​ត្រង់​ទៅ​កាន់​លោក​នីនីស្តូ​វិញ​ថា ការ​បិទបញ្ចប់​នូវ​នយោបាយ​មិន​ចូល​បក្សសម្ព័ន្ធ និង​អព្យាក្រឹតភាព​យោធា​ជា​ប្រវត្តិសាស្រ្ត​របស់​ហ្វាំងឡង់​ជា​កំហុស​ឆ្គង​មួយ។

ជា​កំហុស​ឆ្គង​មួយ ព្រោះ​ហ្វាំងឡង់​គ្មាន​ទទួល​ការ​គំរាមកំហែង​សន្តិសុខ​ណា​មួយ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ពូទីន​មិន​ភ្លេច​បញ្ជាក់​ដោយ​ព្រមាន​ថា ការ​ប្តូរ​ទិសដៅ​នយោបាយ​របស់​ហ្វាំងឡង់​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រុស្ស៊ី ហ្វាំងឡង់។ តែ​លោក​ពូទីន​មិន​បាន​បញ្ជាក់​លំអិត​បន្ថែម​ពី​ផលវិបាក​នោះ​ទេ។ អ្វី​ដែល​គេ​ដឹង រុស្ស៊ី​ទើប​បាន​ឈប់​លក់​ភ្លើងអគ្គិសនី​ទៅ​ឲ្យ​ហ្វាំងឡង់​ចាប់​ពី​ថ្ងៃ​សៅរ៍ ទី១៤ ឧសភា។ សូម​បញ្ជាក់​ថា កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​ហ្វាំងឡង់​លោក​នីនីស្តូ និង​សមភាគី​រុស្ស៊ី​លោក​ពូទីន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​នីនីស្តូ និង​នាយករដ្ឋមន្រ្តី​របស់​លោក​គឺ​លោកស្រី​សានណា ម៉ារីន​បាន​ប្រកាស​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ឧសភា​ពី​ការ​ចង់​ឃើញ​ហ្វាំងឡង់​ចូល​អូតង់​ដោយ​គ្មាន​ការ​ពន្យារ​ពេល។

គួរ​រម្លឹក​ថា ហ្វាំងឡង់​ដែល​មាន​ព្រំដែន​ជាប់​រុស្ស៊ី​ប្រវែង ១ ៣០០គីឡូម៉ែត្រ និង​ធ្លាប់​ទទួល​រង​ការ​ឈឺចាប់​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​អតីតកាល​បាន​លើក​ហេតុផល​ចំនួន ២ ទៅ​ពន្យល់​ដើម្បី​បញ្ជាក់​ពី​ការ​ចង់​ចូល​ជា​សមាជិក​អូតង់ ទី១ ឃើញ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន និង​ទី២ ឃើញ​រុស្ស៊ី​ទាមទារ​កុំ​ឲ្យ​អូតង់​ពង្រីក​សមាជិក​បន្ថែម​ទៀត។ ហេតុផល​របស់​ហ្វាំងឡង់​នេះ​ក៏​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ស៊ុយអែត​គិតគូរ​ពី​ការ​ចង់​ចូល​ជា​សមាជិក​អូតង់​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ