អានតួអត្ថបទ

រុស្ស៊ីបានបរិហារលើនយោបាយបែបអាណានិគមរបស់បារាំង និងអឺរ៉ុបនៅម៉ាលី

ប្រមុខ​ការទូត​នៃ​ប្រទេស​ម៉ាលី​លោក​អាប់ឌូឡាយេ ឌីយ៉ូប​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នា​ថ្ងៃ​សុក្រ ទី២០ ឧសភា។ លោក​អាប់ឌូឡាយេ ឌីយ៉ូប​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​រុស្ស៊ី​លោក​ស៊ែរហ្កី ឡាវរ៉ូហ្វ​នៅ​ក្នុង​ទីក្រុង​មូស្គូ។ នា​ឱកាស​សន្និសីទការសែត​រួម​គ្នា លោក​ស៊ែរហ្កី ឡាវរ៉ូហ្វ​បាន​បរិហារ​លើ​នយោបាយ​អាណានិគម​របស់​ប្រទេស​បារាំង និង​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​ម៉ាលី។ តាម​លោក​ស៊ែរហ្កី ឡាវរ៉ូហ្វ រុស្ស៊ី​មិន​ពេញចិត្ត​នឹង​ការ​ប៉ុនប៉ង​របស់​បារាំង និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ដែល​តាំង​ខ្លួន​ដើរ​តួនាទី​គ្របដណ្តប់​នៅ​អាហ្រ្វិក និង​នៅ​តំបន់​ផ្សេង​ទៀត។ លោក​ស៊ែរហ្កី ឡាវរ៉ូហ្វ​យល់​ថា ការ​ដែល​បារាំង​ព្យាយាម​ផ្តល់​មេរៀន និង​ចង្អុល​ផ្លូវ​ឲ្យ​ម៉ាលី​ដើរ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ ដោយឡែក លោក​ស៊ែរហ្កី ឡាវរ៉ូហ្វ​បាន​ប្រាប់​សមភាគី​ម៉ាលី​ដោយ​ធានា​ថា រុស្ស៊ី​បាន​ត្រៀម​ខ្លួន​ផ្តល់​ការ​គាំទ្រ​ចំពោះ​ម៉ាលី​ដើម្បី​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​ម៉ាលី ពិសេស​ក្នុង​ផ្នែក​បណ្តុះបណ្តាល​យោធា និង​ប៉ូលិស។ បន្ទាប់​មក លោក​ស៊ែរហ្កី ឡាវរ៉ូហ្វ​ក៏​បាន​ធានា​ពី​ការ​បន្ត​ផ្តល់​ឲ្យ​ម៉ាលី​នូវ​វត្ថុធាតុដើម។

ប្រមុខ​ការទូតរុស្ស៊ី លោក Sergei Lavrov (រូបស្តាំ) និង​សមភាគី​ម៉ាលី​លោក Abdoulaye Diop ក្នុង​ទីក្រុង​មូស្គូ​ថ្ងៃទី២០ ឧសភា ២០២២។
ប្រមុខ​ការទូតរុស្ស៊ី លោក Sergei Lavrov (រូបស្តាំ) និង​សមភាគី​ម៉ាលី​លោក Abdoulaye Diop ក្នុង​ទីក្រុង​មូស្គូ​ថ្ងៃទី២០ ឧសភា ២០២២។ AP - Yuri Kadobnov
ផ្សាយពាណិជ្ជកម្ម

« នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រមុខ​ការទូត​ម៉ាលី ការ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​បាន​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង និង​ទស្សនវិស័យ​នៃ​ការ​អភិវឌ្ឍន៍​របស់​យើង​នៅ​លើ​គ្រប់​វិស័យ​ទាំង​អស់ ពិសេស​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​សេដ្ឋកិច្ច។ គណៈប្រតិភូ​របស់​រដ្ឋមន្រ្តី​ការបរទេស​ម៉ាលី​ក៏​មាន​រដ្ឋមន្រ្តី​មក​ពី​ក្រសួង​ផ្សេង​ទៀត ពិសេស​ក្រសួង​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​រ៉ែ ថាមពល និង​ធនធានទឹក។

មាន​ន័យ​ថា សមាសភាព​នៅ​ក្នុង​គណៈប្រតិភូ​ម៉ាលី​នេះ​បង្ហាញ​ពី​អាកប្បកិរិយា​ប្រាកដប្រជា និង​ម៉ឺងម៉ាត់​ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ពិសេស។ គណៈប្រតិភូ​បាន​ទាក់ទង​​រួច​ហើយ​នៅ​ថ្ងៃ​ម្សិលមិញ និង​បន្ត​មាន​ទំនាក់ទំនង​ជា​បន្ត​ទៀត​ជាមួយ​នាយកដ្ឋាន និង​ក្រសួង​ពាក់ព័ន្ធ​របស់​សហព័ន្ធ​រុស្ស៊ី​នៅ​ក្នុង​អំឡុង​ពេល​ស្នាក់​នៅទីនេះ​របស់​គណៈប្រតិភូ​ម៉ាលី។ ខ្ញុំ​គិត​ថា លទ្ធផល​ត្រូវ​បាន​គេ​មើល​ឃើញ​រួច​ជា​ស្រេច​ហើយ។

ទន្ទឹម​គ្នា​នេះ កិច្ចពិភាក្សា​បាន​ផ្តោត​លើ​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ឲ្យ​ម៉ាលី ក្នុង​នោះ មាន​ការ​ផ្គត់ផ្គង់ស្រូវសាលី ការ​ផ្គត់ផ្គង់​ជីកសិកម្ម និង​ការ​ផ្គត់ផ្គង់​ប្រេង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ