អានតួអត្ថបទ

Sipri៖ពិភពលោកកំពុងប្រឈមនឹងកំណើនអាវុធនុយក្លេអ៊ែរជាថ្មី

នៅ​ថ្ងៃ​ចន្ទ ទី១៣ មិថុនា វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខុល​ហៅ​កាត់​ស៊ីព្រី (Sipri) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​អាវុធ​នុយក្លេអ៊ែរ​ក្នុង​លោក។ តាម​របាយការណ៍ ពិភពលោក​កំពុង​ប្រឈម​នឹង​កំណើន​អាវុធ​នុយក្លេអ៊ែរ​នៅ​ទសវត្សរ៍​ខាង​មុខ ក្រោយ​ពី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល ៣៥ឆ្នាំ​កន្លង​ទៅ។ មាន​មូលហេតុ​ចំនួន​ពីរ​ដែល​បញ្ជាក់​ពី​និន្នាការ​មួយ​នេះ ទី១ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន និង​ទី២ ភាព​តានតឹង​រវាង​ក្រុម​ប្រទេស​មហាអំណាច។

Sipri ថា ពិភពលោកកំពុងប្រឈមនឹងកំណើនអាវុធនុយក្លេអ៊ែរជាថ្មីដោយសារ​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។
Sipri ថា ពិភពលោកកំពុងប្រឈមនឹងកំណើនអាវុធនុយក្លេអ៊ែរជាថ្មីដោយសារ​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ASSOCIATED PRESS - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​ប៉ាន់ប្រមាណ​របស់​ស៊ីព្រី (Sipri) ពិភពលោក​មាន​ក្បាលនុយក្លេអ៊ែរ​សរុប​ចំនួន ១២ ៧០៥គ្រាប់​នៅ​ដើម​ឆ្នាំ ២០២២ ពោល​តិច​ជាង​ចំនួន ៣៧៥គ្រាប់​បើ​ធៀប​នៅ​ដើម​ឆ្នាំ ២០២១។ ក្នុង​ចំណោម​ក្បាល​នុយក្លេអ៊ែរ​ទាំង ១២ ៧០៥គ្រាប់​នេះ មាន ៩០% កំពុង​ស្ថិត​ក្នុង​ដៃ​រុស្ស៊ី និង​អាមេរិក។ ការ​ប្រមើលមើល​ចុង​ក្រោយ​របស់​ស៊ីព្រី​បាន​ឲ្យ​ដឹង​ថា រុស្ស៊ី​បន្ត​ស្ថិត​ជា​មហាអំណាច​នុយក្លេអ៊ែរ​លើ​លោក​ដោយ​មាន​ក្បាល​នុយក្លេអ៊ែរ​ចំនួន ៥ ៩៧៧គ្រាប់ បន្ត​អាមេរិក​មាន​ចំនួន ៥ ៤២៨គ្រាប់ ចិន​មាន​ចំនួន ៣៥០គ្រាប់ បារាំង​មាន​ចំនួន ២៩០គ្រាប់ អង់គ្លេស​មាន​ចំនួន ២២៥គ្រាប់ ប៉ាគីស្ថាន​មាន​ចំនួន ១៦៥គ្រាប់ ឥណ្ឌា​មាន​ចំនួន ១៦០គ្រាប់ និង​អ៊ីស្រាអែល​មាន​ចំនួន ៩០គ្រាប់។

ចំណែក​កូរ៉េខាងជើង​ត្រូវ​បាន​ស៊ីព្រី​មើល​ឃើញ​ជា​លើកទី១ ថា មាន​ក្បាល​នុយក្លេអ៊ែរ​ចំនួន ២០គ្រាប់ និង​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​ដើម្បី​ឈាន​ទៅ​ផលិត​បាន​ប្រមាណ ៥០គ្រាប់។ របាយការណ៍​របស់​ស៊ីព្រី​បាន​ព្រមាន​ថា ពេលវេលា​នៃ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ហាក់​លែង​មាន​ទៀត​ឡើយ ហើយ​ហានិភ័យ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធនុយក្លេអ៊ែរ​បាន​ឡើង​ដល់​កំពូល​គិត​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមត្រជាក់។ តាម​ស៊ីព្រី ក្រោយ​ពី​មាន​ការ​ធ្លាក់​ចុះ​តិចតួច​ក្នុង​ឆ្នាំ ២០២១ មក ចំនួន​អាវុធ​នយក្លេអ៊ែរ​នឹង​ចាប់​កើន​ឡើង​ជា​ថ្មី​នៅ​ទសវត្សរ៍​ខាង​មុខ។

កំណើន​អាវុធ​នុយក្លេអ៊ែរ​លើ​លោក​នៅ​ទសវត្សរ៍​ខាង​មុខ​ត្រូវ​បាន​ស៊ីព្រី​ទម្លាក់​កំហុស​លើ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​គំរាម​ពី​ការ​ប្រើ​អាវុធនុយក្លេអ៊ែរ។ លោក​ម៉ាត់ ករដា សហ​អ្នក​សរសេរ​របាយការណ៍​ស៊ីព្រី​បាន​ថ្លែង​ថា សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ការ​គំរាម​ប្រើ​អាវុធនុយក្លេរអ៊ែរ​របស់​លោក​ពូទីន​បាន​ជំរុញ​ឲ្យ​មហាអំណាច​នុយក្លេអ៊ែរ​ផ្សេង​ចាប់​ផ្តើម​គិតគូរ​លើ​ផែនការ​ធ្វើ​ទំនើបកម្ម ឬ​បង្កើន​ការ​ផលិត​អាវុធនុយក្លេអ៊ែរ​របស់​ខ្លួន ដូច​យ៉ាង​ចិន និង​អង់គ្លេស។ តាម​ស៊ីព្រី ចិន​កំពុង​បង្កើន​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​បើ​ផ្អែកតាម​ក្រសួង​ការពារជាតិ​អាមេរិក ចិន​អាច​នឹង​មាន​ក្បាលនុយក្លេអ៊ែរ​ចំនួន ៧០០គ្រាប់​នៅ​ឆ្នាំ ២០២៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ